តឺនីស៖ ហ្គាសឃ្វីត ទម្លាក់ហ្វឺរឺ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករលំដាប់លេខ៨ របស់បារាំង រីឆាដ ហ្គាសឃ្វីត (Richard Gasquet) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ «យូអេសអូផិន» (US Open) ជាលើកដំបូង កាលពីថ្ងៃពុធ បន្ទាប់ពីយកឈ្នះ ៦-៣, ៦-១, ៤-៦, ២-៦ និង ៦-៣ ទៅលើកីឡាករលំដាប់លេខ៤ របស់អេស្ប៉ាញ ដេវីដ ហ្វឺរឺ (David Ferrer)។
កីឡាករអេស្ប៉ាញ ដេវីដ ហ្វឺរឺ ដែលត្រូវបានទម្លាក់ដោយកីឡាករបារាំង។ (រូបថត dimmidi.com)
ហ្គាសឃ្វីដ ដែលធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តង ក្នុងព្រឹត្តិការណ៏ វីមបលដុន (Wimbledon) កាលពីឆ្នាំ២០០៧ ជាកីឡាករបារាំងតែម្នាក់គត់ ដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «យូអេសអូផិន» នៅក្នុងទីក្រុងញ៉ូយ៉កនេះ បើគិតតាំងពីឆ្នាំ១៩៩៩មក។
នេះជាលើកទី២ហើយ ដែលកីឡាករបារាំងរូបនេះ បានយកឈ្នះទៅលើ ហ្វឺរឺបាន ក្នុងជំនួបគ្នា១០ប្រកួតចុងក្រោយ។ ប្រកួតបន្ទាប់របស់គាត់ អាចនឹងត្រូវប៉ះកីឡាករលំដាប់លេខ២ ពិភពលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ដែលគាត់មិនដែលមានប្រវត្តិឈ្នះទាល់តែសោះ ក្នុងជំនួបគ្នា១០ ប្រកួតចុងក្រោយ។
ណាដាល់ នឹងត្រូវប្រកួតវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជាមួយនឹងកីឡាកររួមជាតិអេស្ប៉ាញដូចគ្នា ថូមី រ៉ូប្រេដូ (Tommy Robredo) នៅព្រឹកថ្ងៃព្រហស្បត្តិ ដើម្បីយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករវ័យ២៧ឆ្នាំ ហ្គាសឃ្វីដ បាននិយាយថា៖ «ខ្ញុំធ្លាប់បានយកឈ្នះគាត់ (ណាដាល់) តាំងតែពីខ្ញុំនៅវ័យ១៣ឆ្នាំ។ ណាដាល់ ជាមិត្តភក្តិដ៏ល្អម្នាក់របស់ខ្ញុំ ដូច្នេះបើខ្ញុំបានលេងជាមួយគាត់ នៅវគ្គបន្ទាប់ វាពិតជារឿងមួយដ៏អស្ចារ្យ។»
ហ្គាសឃ្វីដ បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការយកឈ្នះកីឡាករ មីឡូស រ៉ាវនីក (Milos Raonic) កាលពីជុំទី៤។ ប៉ុន្តែមកដល់វគ្គ១ភាគ៤ ឬវគ្គជុំទី៥ គាត់ចំណាយពេលត្រឹមតែ ៤០នាទីតែប៉ុណ្ណោះ ក្នុងការយកឈ្នះ២សិតជាប់ៗគ្នាដំបូង ទៅលើហ្វឺរឺ។
កីឡាករលំដាប់លេខ៧ ពិភពលោក ហ្គាសឃ្វីដ បានបន្តថា៖ «ខ្ញុំលេងបានយ៉ាងល្អបំផុត នៅពេលទើបចាប់ផ្តើម ទោះបីជាមានខ្យល់ខ្លាំងនៅលើទីលានប្រកួតក៏ដោយ។ ប៉ុន្តែហ្វឺរឺ ជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ហើយខ្ញុំពិតជាមានការហត់នឿយខ្លាំង បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ធំជាមួយនឹង រ៉ាវនីក។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ