តឺនីស៖ រ៉ដចឺ ហ្វេដឺរឺ ធ្លាក់ពី «យូអេសអូផិន» នៅជុំទី៤
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជើងឯកហ្គ្រែនស្លាម (Grand Slam) ១៧សម័យកាល រ៉ដចឺ ហ្វេដឺរឺ (Roger Federer) សញ្ជាតិស្វីស បានធ្លាក់ពីការប្រកួតក្នុងព្រឹត្តិការណ៏ យូអេសអូផិន (US Open) នៅក្នុងជុំទី៤ ដោយថ្វីដៃកីឡាករអេស្ប៉ាញ ថូមី រ៉ូប្រេដូ (Tommy Robredo) ក្នុងលទ្ធផល ៧-៦ (៧/៣), ៦-៣ និង ៦-៤ នៅវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រ។
កីឡាករវាយតឺនីស រ៉ដចឺ ហ្វេដឺរឺ នៅយូអេសអូផិន ថ្ងៃទី០២ខែសីហាឆ្នាំ២០១៣។ (រូបថត getty-images)
ការបរាជ័យរបស់ ហ្វេដឺរឺមួយនេះ មានន័យថា គាត់បានបាត់ឱកាសដែលចង់ឡើងទៅប៉ះកីឡាករ ម្ចាស់ជើងឯកហ្គ្រែនស្លាម ១២សម័យកាល រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) នៅក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រហើយ។
ម្ចាស់ពានរង្វាន់យូអេសអូផិន ៥សម័យកាល ហ្វេដឺរឺ គាត់បានដឹងខ្លួនដែរថា គាត់លេងដូចជាពុំសូវបានល្អប៉ុន្មាននោះទេ នៅជុំដំបូងៗកន្លងមក ដោយគាត់និយាយកាលពីថ្ងៃច័ន្ទបែបដាក់ខ្លួនថា៖ «បើខ្ញុំនៅតែលេងរបៀបនេះ ខ្ញុំប្រហែលជាមិនអាចយកឈ្នះណាដាល់បានទេ នៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ។»
ជាក់ស្តែង មិនទាន់នឹងដល់វគ្គ១ភាគ៤ផង ហ្វេដឺរឺ បានធ្លាក់នៅវគ្គ១ភាគ៨មុនទៅហើយ ហើយកីឡាករ រ៉ូប្រេដូឯនោះវិញទេ ដែលត្រូវឡើងទៅជួប ណាដាល់ នៅវគ្គបន្ទាប់។ រ៉ូប្រេដូ ដែលធ្លាប់ចាញ់កីឡាករហ្វេដឺរឺ ១០ប្រកួត ក្នុងពេលកន្លងទៅនោះ ពិតជាធ្វើបានល្អបំផុត នៅក្នុងការប្រកួតមួយនេះ។
កីឡាករអេស្ប៉ាញ វ័យ៣១ឆ្នាំ បាននិយាយថា៖ «ការដែលទទួលបានជ័យជំនះទៅលើ ហ្វេដឺរឺ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបបំផុត។ វាហាក់ដូចជាសុបិន្តមួយ។ ខ្ញុំរីករាយខ្លាំងណាស់ ហើយវាជាថ្ងៃដ៏ពិសេសសម្រាប់ខ្ញុំ។»
រីឯការប្រកួតគូផ្សេងទៀត កីឡាករលេខ៤អេស្ប៉ាញ ដេវីដ ហ្វឺរឺ (David Ferrer)ក៏បានកក់កៅអីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីប្រកួតឈ្នះកីឡាករលេខ១៨ស៊ែប៊ី ជេនកូ ថីបសារ៉េវីក (Janko Tipsarevic) ដោយលទ្ធផល ៧-៦ (៧/២), ៣-៦, ៧-៥ និង ៧-៦ (៧/៣)។
ហ្វឺរឺ នឹងត្រូវឡើងទៅប៉ះកីឡាករលេខ៨ របស់បារាំង រីឆាដ ហ្គាសឃ្វីដ (Richard Gasquet) នៅក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាបន្ត ខណៈដែលកីឡាករបារាំងរូបនេះ បានប្រកួតយកឈ្នះកីឡាករលេខ១០ របស់កាណាដា មីឡូស រ៉ាវនីក (Milos Raonic) ទាំងប្រផុតប្រផើយ ៦-៧, ៧-៦, ២-៦, ៧-៦ និង ៧-៥៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ