ការប្រើប្រាស់ថ្នាំជក់ បានសម្លាប់ប្រជាជនខ្មែរ ២៩នាក់ ក្នុងមួយថ្ងៃ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាជនខ្មែរពី២៨ ទៅ២៩នាក់ បានស្លាប់បាត់បង់ជីវិតក្នុងមួយថ្ងៃៗ ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ហើយបើគិតក្នុងមួយឆ្នំាៗប្រជានកម្ពុជា ប្រមាណជាង ១ ម៉ឺន នាក់បានស្លាប់ ដោយសារតែថ្នាមជក់នេះដូចគ្នា។ នេះយោងទៅតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបង្ហាញដោយលោកវេជ្ជបណ្ឌិយ យ៉ិល ដារ៉ាវុធ មន្រ្តីជាន់ខ្ពស់អង្គការសុខភាពពិភពលោក ប្រចាំនៅក្នុងប្រទេសកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពន្ធផលិតផលថ្នាំជក់ នៅសណ្ឋគារសាន់វ៉េ រាជធានីភ្នំពេញ នាថ្ងៃទី ០៣ ខែ កញ្ញានេះ។
លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)
កន្លងមកនៅក្នុងប្រទេសកម្ពុជា គេតែតែបកស្រាយថា គ្រោះថ្នាកចរាចរណ៍គឺជាគ្រោះថ្នាក់លំដាប់លេខមួយ នៅក្នុងប្រទេសដែលបានសម្លាប់ប្រជាជនខ្មែរក្នុងមួយថ្ងៃៗជាមធ្យមពី៦ ទៅ៧នាក់។ ចំនួនគ្រោះថ្នាក់នេះ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនទូទៅ។ ក៏ប៉ុន្តែគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់វិញ ក៏ជាបញ្ហាចម្បង និងជាគ្រោះមហន្តរាយ ដ៏គួរឲ្យរន្ធត់ផងដែរ សម្រាប់សង្គមជាតិទាំងមូល។
បើផ្អែកទៅលើរបាយការណ៍របស់អង្គការ សុខភាពពិភពលោកបានបង្ហាញថា អត្រាអ្នកប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសកម្ពុជាមានចំនួនជាង ២០ ភាគរយនៃប្រជាជនទាំងមូល ដែលស្មើនឹងប្រមាណជាជិត ២ លានាក់។ អ្នកប្រើប្រាស់ទំាំងនោះ ភាគច្រើនគឺជាបុរស ដែលរួមមានទាំងយុវជននិងក្មេងៗផងដែរ។ នៅក្នុងនោះអ្នកប្រើប្រាស់ជាស្រ្តីមានប្រមាណជាជាង ៣,៥ ភាគរយតែប៉ុណ្ណោះ។ របាយការណ៍ដដែរបានបង្ហាញថា អត្រាអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ នៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗជាង ១ម៉ឺននាក់ ដែលគិតជាមធ្យម ក្នុងមួយថ្ងៃមានប្រជាជនខ្មែរយ៉ាងហោចណាស់ ពី២៨ ទៅ២៩នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការប្រើប្រាស់ថ្នាំជក់នេះ។
ប្រទេសកម្ពុជាជាប្រទេសដែលគេដឹងថា ជាប្រទេសក្រីក្រមួយនៅក្នុងចំណោមប្រទេសក្រីក្រជាងគេនៅលើពិភពលោក។ ធនធានមនុស្សនៅក្នុងប្រទេសនេះ ក៏នៅមានកំរិត ដែលធ្វើឲ្យ ការអភិវឌ្ឍប្រទេសនៅមានភាពយឺតយ៉ាវ។ មិនតែប៉ុណ្ណោះ បញ្ហាសុខភាពរបស់ប្រជាជន គឺជាបញ្ហាប្រឈមមួយសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន ដែលត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ។
លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្រ្តីជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បាននិយាយថា ក្នុងមួយឆ្នាំៗរដ្ឋាភិបាលកម្ពុជា ត្រូវខាតបង់ទឹកប្រាក់អស់ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ដោយសារគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់។ មិនតែប៉ុណ្ណោះ ធនធានមនុស្សសំខាន់ៗជាច្រើនរបស់ប្រទេស ត្រូវបាត់បង់ផងដែរ។ មន្រ្តីអង្គការពិភពលោករួបនេះបានបន្តថា ដើម្បីកាត់បន្ថយនូវអត្រាអ្នកជក់បារី ក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាពនោះ យុទ្ធសាស្រ្តដែលសំខាន់បំផុត គឺរដ្ឋាភិបាលកម្ពុជាត្រូវតែ«តម្លើង»ពន្ធលើផលិតផលថ្នាំជក់ឲ្យបានខ្ពស់ ដើម្បីឲ្យអ្នកប្រើប្រាស់គាត់ពិបាកទិញយកមកប្រើប្រាស់។
លោកវេជ្ជបណ្ឌិត ម៉ម គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា នាពេលកន្លងមក ក្រុមហ៊ុនថ្នាំជក់នៅក្នុងប្រទេសកម្ពុជាជាច្រើន បានប្រើយុទ្ធសាស្រ្តតម្លៃ ដោយការលក់ផលិតផលថ្នាំជក់ក្នុងតម្លៃថោកបំផុត ដែលធ្វើឲ្យប្រជាជនក្រីក្រ មានលទ្ធភាពអាចទិញប្រើប្រាស់បាន ជាហេតុធ្វើឲ្យមនុស្សពេញវ័យ នៅក្នុងប្រទេសកម្ពុជាភាគច្រើន ធ្លាក់ក្នុងអន្ទាក់ទីផ្សាររបស់ក្រុមហ៊ុនថ្នាំជក់ ក្លាយជាអ្នកប្រើប្រាស់ផលិតផលថ្នាំជក់។ លោក ម៉ម គង់ បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋដែលរកចំណូលបានតិចជាងឬស្មើ ២ ដុល្លារក្នុងមួយថ្ងៃ គឺ៦៩ ភាគរយនៃប្រជាពលរដ្ឋទូទំាងប្រទេស បានចំណាយប្រាក់ជាង ៤១ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ លើការទិញបារី ស្របពេលដែលអ្នកមានចំណូលច្រើនជាង ២ ដុល្លារ ក្នុងមួយថ្ងៃចំណាយអស់តែជាង ២០ លានដុល្លារប៉ុណ្ណោះ លើការទិញបារីក្នុងរយៈពេលមួយឆ្នាំដូចគ្នា។
លោកប្រធានអង្គការរូបនេះ បានបន្តថា ជាវិធានការដើម្បីកាត់បន្ថយអត្រាអ្នកជក់បារីនៅក្នុង ប្រទេសកម្ពុជា រដ្ឋាភិបាលត្រូវតែធ្វើការតម្លើងទៅលើពន្ធលើផលិតផលថ្នាំជក់ឲ្យបានខ្ពស់ និង ធ្វើការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការជក់បារី តាមរយៈការដាក់រូបភាពរន្ធត់នៅលើកញ្ចប់បារីតែ ម្តង។
សូមបញ្ជាក់ថា នៅក្នុងបណ្តាលប្រទេសនៅតំបន់អាស៊ានទាំងអស់ មានតែប្រទេសកម្ពុជា និង ប្រទេសឡាវទេ ដែលរដ្ឋាភិបាលយកពន្ធ លើផលិតផលថ្នាំជក់តិចជាងគេបំផុត គឺកម្ពុជាយកពន្ធពីផលិតផលថ្នាំជក់តែជាង ២០ភាគរយ រីឯប្រទេសឡាវយកពន្ធ ជាង១៩ ភាគរយប៉ុណ្ណោះ។ ប្រទេសនៅតំបន់អាស៊ាន ដែលយកពន្ធច្រើនជាងគេពីផលិតផលថ្នាំជក់នេះ មានប្រទេសថៃជាង ៧០ ភាគរយ ប្រទេសសិង្ហបូរីជាង៦៩ ភាគរយ ប្រទេសព្រុយណេជាង ៦៧ ភាគរយ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសង្គមស៊ីវិល ដែលចង់ឲ្យដ្ឋាភិបាលយកពន្ធច្រើនលើផលិតផលថ្នាំជក់នេះ លោក ជោ សែ តំណាងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការយកពន្ធពីផលិតផលថ្នាំជក់ រដ្ឋាភិបាល កម្ពុជាមិនអាចធ្វើឡើង ដូចបណ្តាប្រទេសជឿនលឿនោនោះទេ។ លោកថា ការតម្លើងពន្ធត្រូវធ្វើឡើងតាមមួយដំណាក់ៗ ពីព្រោះថា មុនសម្រេចតម្លើងពន្ធរដ្ឋាភិបាលត្រូវពិនិតទៅលើអ្នកប្រើប្រាស់ និងអ្នកផលិត។ ដូច្នេះប្រសិនបើរដ្ឋាភិបាលតម្លើងខ្ពស់ពេក អ្នកវិនយោគនឹងជួបការលំបាកឈានទៅរកការផ្អាកដំណើរការ ដែលអាចធ្វើឲ្យបះពាល់ដល់សេដ្ឋកិច្ចជាតិ។
បើតាមការស្រាវជ្រាវមួយពីក្រសួងផែនការនៃប្រទេសកម្ពុជា បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ៨១ភាគរយបានបង្ហាញការគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការតម្លើងពន្ធទៅលើ ផលិតផលថ្នាំជក់។ ដោយការម្លើងពន្ធនោះ ធ្វើឡើងពី៥០ ភាគរយឡើងទៅ។
គួរកត់សម្គាល់ថា ដើម្បីទប់ស្កាត់នឹងការរាលដាលនៃគ្រោះមហន្ដរាយ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ប្រទេសមួយចំនួន ១៧៧ ដោយរាប់បញ្ជូលទាំងប្រទេសកម្ពុជាផងដែរ បានផ្ដល់សច្ចាប័ន និងក្លាយជាសមាជិកនៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមាត្រាសំខាន់ៗនៃអនុសញ្ញានេះ មានចែងពីវិធានការ ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ។ របាយការណ៍របស់អង្គការសុខភាពឆ្នាំ ២០១២ បានបង្ហាញថា នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណជាង ៦ លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារការជក់បារី និងមនុស្សប្រមាណ ៦ សែននាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតដោយសារតែស្រូបផ្សែងបារីពីអ្នកជក់៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ