ជំនួបរវាងគណបក្សទាំងពីរ ជាអាទិភាពទីមួយមុនថ្ងៃបាតុកម្ម ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ តាមប្រវត្តិសាស្រ្តនៃការបោះឆ្នោតកន្លងមក ជាចុងក្រោយត្រូវតែជួបគ្នា ដោយខានមិនបានរវាងគណបក្សទាំងពីរ ទោះបីជាជំនួបក្នុងកំរិតណាក៏ដោយ ឲ្យតែមានទិសដៅ ដើម្បីស្វែងរកដំណោះស្រាយមួយជាក់លាក់ ពីវិបត្តិនយោបាយផ្នែកការបោះឆ្នោតនេះ។ សូមអានការបកស្រាយរបស់ នាយកអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលធ្វើការយ៉ាងជិតស្និត ទាក់ទងនឹងការបោះឆ្នោត នៅកម្ពុជា។
លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
«បើគ្មានជំនួបក្នុងការពិភាក្សាគ្នានោះទេ ខ្មែរអាចដើរជាន់ដានចាស់ ដែលធ្វើឲ្យមានអរិយភាពជាមួយគ្នា» នោះជាការលើកឡើង របស់លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការមួយឈ្មោះថា គណកម្មាការអព្យាក្រិត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថា និកហ្វិច (NICFEC)។ លោកនិយាយថា «បញ្ហានេះបណ្តាលមកពី ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនបានបំពេញការងាររបស់ខ្លួន ឲ្យបានពេញលេញនៅឡើយ។ ពិសេសនៅពេលដែលបណ្តឹងបិទផ្លូវតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ទុកសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចត្រឹមត្រូវ ដែលធ្វើឲ្យមានការមិនទុកចិត្តពី មហាជនដែលជាម្ចាស់ឆ្នោត និងពីគណបក្សនយោបាយ។»
លោកបានអះអាងថា ដោយយោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ ទាំងមហាជនម្ចាស់ឆ្នោត និងពីគណបក្សប្រឆាំង បានយក(វា) ជាទឡ្ហីករណ៍ក្នុងការ បន្តរនូវបញ្ហា«ប្រឈម»ផ្សេងៗទៀត។
លោកបន្តរថា អង្គការសង្គមស៊ីវិលជម្រុញឲ្យមានជំនួប រវាងគណបក្សនយោបាយទាំងពីរជាមុនសិន មុននឹងឈានទៅដល់ការសម្រេច បង្កើតនូវគណកម្មការចម្រុះឯករាជ្យណាមួយ។ «ការជួបគ្នានេះ ខ្ពស់ជាងការបង្កើតគណកម្មការចម្រុះ ដែលជាអាទិភាពទីមួយ ហើយខ្ពស់ជាងការប្តឹងផ្តល់គ្នា ខ្ពស់ជាងការទាញយកកត្តាច្បាប់មកពន្យល់គ្នា។ ប្រសិនបើគ្មានការជម្រុញ ឲ្យមានការជួបគ្នាទេ នោះបញ្ហានៅតែមានជាបន្តរបន្ទាប់ទៀត។»
នាយកប្រតិបត្តិអង្គការនិកហ្វិចរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនេះ ត្រូវតែជាអ្នកមានសិទ្ធក្នុងការសម្រេច ជួសមុខឲ្យភាគីទាំងសងខាង ដោយឈរលើប្រធានបទមួយជាក់លាក់ តាមរយៈការដាក់បង្ហាញលើតុ ធ្វើយ៉ាងណាទាញឲ្យមានភាពស្របគ្នាមួយ ដើម្បីធ្វើការសម្រេចជាផ្លូវការ។
សម្រាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថាពេលវេលានៃជំនួប មិនទាន់ហួសពេលនៅឡើយទេ ដោយលោកយល់ឃើញថា តាមគោលការណ៍ច្បាប់ មានរយៈពេល៦០ថ្ងៃបន្ទាប់ពីការបោះឆ្នោត ហើយក៏មិនមានពាក់ព័ន្ធអ្វី នឹងការប្រកាសលទ្ធផលរបស់ គ.ជ.ប នោះដែរ។ តែលោកលើកឡើងថា ធ្វើយ៉ាងណាត្រូវកំណត់នូវរបៀបវារៈឲ្យបានមុនថ្ងៃទី៧ ខែកញ្ញា ដែលជាជំហានដំបូង ក្នុងការឆ្ពោះទៅរកការចរចារនោះ និងត្រូវបញ្ចប់៦០ថ្ងៃ មុននៃការប្រជុំសភាដែរ។ ម្យ៉ាងទៀត គណបក្សទាំងពីអាចស្នើទៅ គ.ជ.ប ឲ្យពន្យាពេលការប្រកាសលទ្ធផលនេះ ព្រោះមិនមានការប៉ះពាល់ដល់ការប្រជុំសភានោះទេ។
សូមរម្លឹកថា ក្នុងពេលកន្លងមកទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ តែងតែបង្ហាញជំហររបស់ខ្លួន ក្នុងជំនួបមួយដែលសង្ឃឹមថា នឹងអាចទម្លាយភាពទាល់ច្រកផ្នែកនយោបាយបាន។ ប្រមុខនែគណបក្សធំទាំងពីនេះ តែងតែឆ្លើយឆ្លងគ្នាតាមរយៈលិខិត ក្នុងការកំណត់ពេលមួយនៃជំនួបឲ្យបានឆាប់រហ័ស។
បើទោះជាពន្លឺនៃជំនួបនេះ បានរំកិលខិតមកកាន់តែជិត ប៉ុន្តែភាពស្ទាក់ស្ទើរហាក់ដូចជាកើតមាននៅឡើយ បើតាមការឲ្យដឹងនៃ មេដឹកនាំគណបក្សទាំងពីរនោះ។ លោកព្រុំ សុខា តំណាងខាងគណបក្សប្រជាជន ធ្លាប់បានសម្អាងហេតុផលថា «គណបក្សប្រជាជន រង់ចាំតែការកំណត់ពេលជួប របស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ» ឯលោកសម រស្ស៊ី ក៏ដូចជាលោក កឹម សុខា ខាងគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «រង់ចាំតែកំណត់ពេល របស់គណបក្សប្រជាជន»។ មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី០៣ខែសីហានេះ ពីគោលជំហរនៃការធ្វើមហាបាតុកម្មអហិង្សា នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៧ ខែកញ្ញា ជាកំហិតដោយគ្មានការកែប្រែ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ