ជាម យៀប៖ ពេល​វេលា​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់ អាស្រ័យ​​លើ​​ថ្នាក់​​ដឹក​​នាំ​​គណបក្ស

ស្របពេលដែលថ្ងៃធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតមកដល់នោះ មជ្ឈដ្ឋានទូទៅ​កំពុង​តែទន្ទឹងចាំ អំពីលទ្ធភាពជួបចរចាផ្ទាល់ រវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ ដែលពួកគេជឿជាក់ថា នឹងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទន្លុះទម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោត។ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឡើងវិញ ...
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលដែលថ្ងៃធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតមកដល់នោះ មជ្ឈដ្ឋានទូទៅ​កំពុង​តែទន្ទឹងចាំ អំពីលទ្ធភាពជួបចរចាផ្ទាល់ រវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ ដែលពួកគេជឿជាក់ថា នឹងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទន្លុះទម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោត។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

ដំណឹងនៃជំនួបក្នុង«កម្រិតមន្ត្រីជាន់ខ្ពស់»រវាងរបស់គណបក្សទាំងពីរ ត្រូវបានធ្វើឲ្យលេចលឺ ថានឹងអាចធ្វើក្នុង​ពេល​ឆាប់ៗ​នេះ ឬយ៉ាងហោចណាស់ក៏អាចធ្វើ «នៅ​មុន»ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប នោះដែរ។

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឡើងវិញថា៖ «ពេលវេលាក្នុងជំនួបរវាងមន្រ្តីជាន់ខ្ពស់ របស់គណបក្សទាំងពីរ​មិនទាន់បានកំណត់ទេ គឺវាអាស្រ័យលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាលោកឆ្លើយ»។ រីឯសមាសភាពមន្រ្តីដែល​ត្រូវជួបចរចា លោក ជាម យៀប បានថ្លែងថា ទំនងជាអាចយោងទៅលើការស្នើរសុំរបស់លោក សម រង្ស៊ី កាលពី​ពេល​កន្លងមក ដែលចង់ឲ្យមានការជួបប្រជុំក្នុងកំរិតមន្រ្តី«ជាន់ខ្ពស់»។

គិតត្រឹមពីក្រោយការបោះឆ្នោត រហូតមកដល់ពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើឲ្យមើល​ឃើញថា លោកនៅតែមានឆន្ទៈ ចង់ចរចាជាមួយគណបក្សប្រជាកម្ពុជា។ តែលោកបានសម្តែងការសោកស្តាយ ពី​«បរាជ័យ»នៃជំនួបចរចាចំនួនពីរដងកន្លងម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោយសារតែ​គណបក្សប្រជាជនកម្ពុជា តែងតែបញ្ជូនមន្រ្តីជាន់ទាប និងគ្នានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តមកជួបចរចា។

លោក ជាម​ យៀប បានបញ្ជាក់ទៀតថា កន្លងមកគណបក្សប្រជាជនកម្ពុជា បានផ្តល់សិទ្ធិឲ្យលោក ព្រំ សុខា ជាអ្នក​មាន​ភារកិច្ចតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងការទំនាក់ទនងជាមួយគណបក្សសង្រ្គោះជាតិ។ ក្នុងលិខិតចុងក្រោយ របស់ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោក ជា ស៊ីម ក៏បានបញ្ជាក់ជាថ្មីដែរថា គណបក្សរបស់លោកបានប្រគល់តួនាទីទៅឲ្យ លោក ព្រុំ សុខា ជាអ្នកដឹកនាំការចរចារបស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សសង្គ្រោះជាតិ។

លោក ជា ស៊ីម បានសរសេនៅក្នុងលិខិតនោះដដែលថា មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួន​ចរចា​ដោះស្រាយបញ្ហាដែលនៅសេសសល់ ក្រោយការបោះឆ្នោតជាមួយគណបក្សសង្រ្គោះជាតិ ដោយឈរលើ​មូលដ្ឋាន​លទ្ធផលបោះឆ្នោត និងស្មារតីបង្រួបបង្រួមជាតិ។ ប៉ុន្តែលទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹងជាបណ្តោះអសន្ន ដោយ គ.ជ.ប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ត្រូវបានគណបក្សសង្រ្គោះជាតិ បដិសេធមិនទទួលស្គាល់ និងស្នើឲ្យ​បង្កើត​គណៈកម្មការពិសេស«ចម្រុះឯករាជ្យ»មួយ ដើម្បើស៊ើបអង្កេតភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ហើយថែម​ទាំង​បានប្រកាស ធ្វើមហាបាតុកម្មអហិង្សា ប្រឆាំងលទ្ធផលបោះឆ្នោតនៅថ្ងៃទី៧ខែកញ្ញាខាងមុខនោះថែមទៀត។

ទាក់ទងនឹងបាតុកម្មរបស់គណបក្សប្រឆាំង លោក ជាម យៀប បាននិយាយទៀតថា លោកសម្តែងការព្រួយបារម្ភ ចំពោះ​មហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ព្រោះវាអាចប្រែក្លាយពី បាតុកម្ម«អហិង្សា»ទៅជាបាតុកម្ម«ហិង្សា»។ លោកបញ្ជាក់ថា ដោយសារហេតុនេះហើយ ទើបអាជ្ញាធរត្រៀមលក្ខណៈ«ការពារទប់ទល់» នូវឧប្បត្តិហេតុទាំងឡាយណា ដែលមិនអាចស្មានទុកមុន ឬមិនអាចគ្រប់គ្រងបាន។

តែការត្រៀមលក្ខណៈ«ការពារទប់ទល់»របស់អាជ្ញាធរ និងការត្រៀមខ្លួនធ្វើបាតុកម្មរបស់ក្រុមបាតុករ ដែលស្និតនឹង​គណបក្សប្រឆាំង បានធ្វើឲ្យឃើញនូវសភាពការណ៍ប្រឈមមុខដាក់គ្នាមួយ ដែលធ្វើឲ្យសភាពការណ៍នយោបាយខ្មែរ កាន់តែមានភាពតឹងតែងទៅៗ៕

-------------------------------------------------------
ដោយៈអ៊ុំ បូរី- ភ្នំពេញថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...