ជាម យៀប៖ ស្វាគមន៍​ឲ្យ​មាន​«ជំនួប» តែ​ធ្វើ​សំណើរ​ទៅ​សម្ដេច​តេ​ជោ

«សូមស្វាគម ចំពោះការស្នើសុំ ឲ្យមានការចចារ។ មានតែការចចារទេ ដែលអាចស្វែងរកដំណោះស្រាយនៅ​កម្ពុជា។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​នៃ​រដ្ឋសភា​ ទៅ​នឹងការលើកឡើងរបស់លោកសម រង្ស៊ី និងលោក គឹម សុខា ក្នុងសន្និសិទកាសែត​នៅទីស្នាក់ការ​គណបក្ស​​សង្គ្រោះ​ជាតិកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សូមស្វាគម ចំពោះការស្នើសុំ ឲ្យមានការចចារ។ មានតែការចចារទេ ដែលអាចស្វែងរកដំណោះស្រាយនៅ​កម្ពុជា។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​នៃ​រដ្ឋសភា​ ទៅ​នឹងការលើកឡើងរបស់លោកសម រង្ស៊ី និងលោក គឹម សុខា ក្នុងសន្និសិទកាសែត​នៅទីស្នាក់ការ​គណបក្ស​​សង្គ្រោះ​ជាតិកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិនយោបាយកម្ពុជា - លោក សម រង្ស៊ី និងលោកគឹមសុខា បានយកវេទិការនៃការធ្វើសន្និសិទ​សារព័ត៌មាននា​ថ្ងៃនេះ ដើម្បីជូនជាសារទៅដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាច ពិសេស​សំដៅឆ្ពោះទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក្នុងការស្នើឲ្យមានជំនួបថ្នាក់​កំពូលជាមួយ​នឹងការចូលរួមពី​គ្រប់ភាគី និងគ្រប់អ្នកមាននិន្នាការនយោបាយសំខាន់ៗ ដែលអាចឆ្លើយតបទៅការការបំរើឲ្យប្រយោជន៍ជាតិ និង​ប្រជាពលរដ្ឋជាធំ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំកំពូលទាំងពីក៏បានបង្ហាញនូវគំនិតថ្មី ឆន្ទៈថ្មី ក្នុងការស្វែងរក​រូបមន្ត​នៃដំណោះស្រាយការជាប់គាំងផ្នែកនយោបាយក្នុងពេលកន្លងមក។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញពីបំណងរបស់លោកថា «ខ្ញុំចង់ឲ្យមានជំនួបមួយ​ក្នុង​ទ្រង់ទ្រាយធំ រវាងគណបក្សដែលជាអ្នកមានការទទួលខុសត្រូវ (គណបក្សប្រជាជនកម្ពុជា) រួមទាំងមាន​ការ​ចូល​រួមពីអង្គការសង្គមស៊ីវិល គណបក្សនយោបាយផ្សេងទៀត សហជីព អ្នកសារព័ត៌មាន ក្នុងការជជែកដោះ​ស្រាយ​បញ្ហានានារបស់ប្រជាពលរដ្ឋ (…) របស់ប្រទេសជាតិ ដែលកំពុងតែកើតមាននូវវិបត្តិនយោបាយ ពិសេសថ្មីៗនេះ ដូចជាករណី ទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករជាដើម។ (…) គណបក្សនយោបាយគួរដល់ពេល ដែលត្រូវ​ជួបគ្នាសម្រាប់ដើមឆ្នាំ២០១៤ខាងមុខ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ តាមរយៈនៃគំនិតថ្មី ដែលនាំមកនូវលិទ្ធិ​ប្រជាធិបតេយ្យរស់រវើក ដែលបានស្តែងឡើងតាមការរួបរួមកម្លាំងគ្នា ក្នុងការឆ្លើតមទៅនឹងសិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ។»

បន្ថែមលើនេះអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា ការជជែកគ្នាដែល​ស្តែងឡើង​តាមរយៈនៃ«គំនិតថ្មី»នេះ មិនត្រូវឆ្លើយតបទៅនឹងផលប្រយោជន៍គណបក្ស ឬបុគ្គលណាម្នាក់ឡើយ តែត្រូវ​បាន​ផ្តោតសំខាន់ទៅលើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ ជាមួយនឹងកម្លាំងនៃការចូលរួមរបស់ប្រជាពលរដ្ឋនោះ លោក កឹមសុខាបានបន្ថែមថា «ល្មមលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា យកពីចំនួន និងកម្លាំងប្រជា​ពលរដ្ឋទាំងនេះ មកគិតគូហើយ។»

ទោះយ៉ាងណាក៏ដោយ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងតែដឹកនាំ និងកាន់អំណាច ​ប្រធាន​គណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោក ជាម យៀប បានថ្លែងស្វាគមន៍ការលើក​ឡើងរបស់មេដឹកនាំគណបក្សប្រឆាំង។ តែលោកបានបញ្ជាក់ តាមគំនិត​របស់លោកផ្ទាល់ថា «ធ្វើយ៉ាងណា​ឲ្យ​មានជំនួបនៃគណបក្សទាំងពីរនេះ ជាមុនសិនទៅ ព្រោះថាសង្គម​ស៊ីវិល​ស្ថិតនៅក្រៅរដ្ឋាភិបាលទេ។ គណបក្ស​ដែលជាប់ឆ្នោតក្នុងរដ្ឋសភា ជាអ្នករៀបចំការងារ។»

មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនរូបនេះ បានបញ្ជាក់ទៀតថា ការស្នើសុំ​ឲ្យ​មាន​ជំនួបនេះ មិនមែនជាការ​សម្រេច​របស់លោកទេ តែជាការសម្រេចរបស់ថ្នាក់ដឹកនាំ​នៃគណបក្សប្រជាជនកម្ពុជា ដែលមាន លោក ហ៊ុន សែន ជាអនុ​ប្រធាន។ លោកបានបន្ថែមថា «បើមានសំណូមពរនេះមែន សម្តេច ហ៊ុន សែន នឹងមានការទទួលយកនូវសំណូមពរ​នេះ ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំនានា នៃគណបក្សប្រជាជនកម្ពុជា»។

«គណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។ ដូច្នេះសុំឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសំណើរទៅ​សម្តេច​តេជោ ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទៅតាមឯកឧត្តម ស ខេង ដែលគណបក្សប្រជាជនកម្ពុជា​បានចាត់តាំង ជាតំណាងក្នុងការជួបជាមួយឯកឧត្តម សម រង្ស៊ី ផ្ទាល់ នៃគណបក្សសង្គ្រោះជាតិនោះ៕»

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...