រៀល ខេមរិន្ទ្រ៖ ច្បាប់ NGOs ជាកូនកើត«មិនគ្រប់ខែ» (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 15, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិតជាច្បាប់ ដែលប្រជាជាតិខ្មែរទាំងមូល ពិតជាត្រូវការមែនឬ? មិនប្រាកដជាដូច្នេះទេ ព្រោះក្រុមតំណាងរាស្ត្រ ដែលតំណាងឲ្យសម្លេងមួយភាគ របស់ប្រជាជាតិខ្មែរ មិនបានយល់ស្របនឹងខ្លឹមសារនៃច្បាប់នេះទេ។ មិនត្រឹមតែប៉ុណ្នឹង តំណាងរាស្ត្រមួយរូប ថែមទាំងចោទថា សេចក្ដីព្រាងច្បាប់ ដែលត្រូវបានរដ្ឋសភាព ដែលមានតំណាងរាស្ត្រ មកពីឯកបក្សចូលរួមប្រជុំ អនុម័តនោះ ថាជាសេចក្ដីព្រាងច្បាប់ ដែលមិនគ្រប់ខែ នោះទៀត។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១៣ ខេកក្កដា ឆ្នាំ២០១៥នេះ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានប្រៀបប្រដូច ការអនុម័តសេចក្ដីព្រាងច្បាប់មួយនេះ ទៅនឹងកូន ក្នុងផ្ទៃម្តាយមួយ ដែលមិនទាន់ដល់ពេល ឬគ្រប់ខែ ត្រូវប្រសូត្រនោះឡើយ។
ការលើកឡើង របស់មន្រ្តីគណបក្សសង្គ្រោះជាតិរូបនេះ ហាក់ចង់ប្រៀបប្រដូចបក្សខ្លួន (គណបក្សសង្គ្រោះជាតិ) ថាជាឪពុក នៃសេចក្តីព្រាងច្បាប់ខាងលើ ហើយក៏ហាក់ចាត់ទុក គណបក្សប្រជាជនកម្ពុជា ជាម្តាយយ៉ាងដូច្នោះដែរ។ លោកបន្តថា ច្បាប់នេះ នៅឡើយមិនសមល្មម នឹងលើកយកមកអនុម័តឡើយ មានន័យថា ប្រពន្ធខ្លួន (គណបក្សប្រជាជនកម្ពុជា) មិនទាន់គ្រប់ខែ ដើម្បីឈានដល់ពេលវេលាមួយ ឆ្លងទន្លេតាមច្បាប់ធម្មជាតិឡើយ តែឥឡូវនេះ ប្រពន្ធរបស់ខ្លូន ក៏កំពុងត្រូវបានវះកាត់ដោយរដ្ឋសភា ក្នុងការបង្កើតកូនមួយ ដែលមិនទាន់គ្រប់ខែផងនោះ ឲ្យមានកំណើតឡើង។
តំណាងរាស្រ្តរូបនេះ បានលើកឡើងថា ការពិតទៅច្បាប់នោះ នៅមានពេលវេលាច្រើនណាស់ សម្រាប់ការជជែក ពិភាក្សាគ្នា មានន័យថា កូននោះអាចរស់នៅក្នុងផ្ទៃម្តាយ រហូតដល់គ្រប់ខែ តាមច្បាប់ធម្មជាតិ គឺប្រាំបួនខែ ដប់ថ្ងៃ។ លោកបន្តថា ម្តាយដែលជាគណបក្សប្រជាជនកម្ពុជា មានចរិតរឹងរួស ចង់ឈ្នះចាញ់ នៅតែបង្ខំពេទ្យ (រដ្ឋសភា) ឲ្យវះកាត់បង្កើតកូន ឲ្យខានតែបាន បើទោះដឹងថាមានឧបសគ្គ ឬគ្រោះថ្នាក់ ដល់ទាំងជីវិតកូន និងជិវិតម្តាយខ្លួនឯងក៏ដោយ។
លោក ខេមរិន្ទ្រ បានថ្លែងឡើងថា៖ «ទារកដែលគ្រប់ទឹក គឺ៩ ខែ ១០ថ្ងៃ។ ការបង្កើតច្បាប់នេះ ប្រៀបដូចទារកមួយ ដែលបង្កើតមក ទើបតែ៥-៦ ខែកើត នោះវាក៏នឹងមិនគ្រប់ទឹក។ ដូច្នេះច្បាប់នេះ មិនគ្រប់គ្រាន់ ឮហើយយកជាផ្លូវការបានដែរ ព្រោះជាធម្មតាររដ្ឋសភា ជាសភាជាតិ ត្រូវមាន១២៣រូប តែបើការអនុម័តច្បាប់៥០%បូក១ ជាចំនួនមួយភាគ ហើយចំនួនមួយភាគទៀត ៥៥(សម្លេង) មិនបានចូលរួម ច្បាប់នោះ គ្មានប្រយោជន៍ និងគ្មានប្រសិទ្ធិភាព និងតម្លាភាព។»
លោកបានបង្ហាញ នូវហេតុផលមួយថា ការបង្កើតច្បាប់មួយនេះ ដោយតក់ក្រហល់ ទាំងមិនគ្រប់ខែ របស់ គណបក្សប្រជាជនកម្ពុជា ថា ក៏ជាការបង្កើតកូនមួយ ដែលមិនគ្រប់ទឹក ព្រោះតែម្តាយដែលជា គណបក្សប្រជាជនកម្ពុជា អាចប្រើប្រាស់លទ្ធភាពនេះ គ្រាប់គ្រាន់ ក្នុងការគ្រប់គ្រង ឬចង់ឃុំឃាំង ឬវាយអ្នកណាម្នាក់ដោយ យកកូនមិនគ្រប់ទឹកនោះ មកប្រើប្រាស់ ជាលេស។ លោក បានថ្លែងឲ្យដឹងទៀតថា៖ «កាលណាគេ (គណបក្សប្រជាជនកម្ពុជា) គ្រប់គ្រងបាន អ្វីក៏ដោយបើគេដាក់ក្រោល ដាក់ខ្នោះ បាននោះគេក៏មានភាពងាយស្រួល ក្នុងការគ្រប់គ្រងយើង។ ឥឡូវច្បាប់នេះ មិនទាន់ទាំងបានគ្រប់គ្រង ដោយរដ្ឋាភិបាលគណបក្សប្រជាជនផង ឃើញមានការវាយតប់ និងចាប់ប្រជាពលរដ្ឋដាក់គុក ច្រវ៉ាក់ ចុះទម្រាំច្បាប់ ដែលគ្រប់គ្រងដោយគណបក្សប្រជាចនកម្ពុជា រដ្ឋាភិបាលដែលដឹកនាំ ដោយលោក ហ៊ុន សែននោះ សឹងថាសម្លាប់មនុស្ស ដោយក្រៅប្រព័ន្ធច្បាប់បាន។»
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ទាំង៥៥រូប បានធ្វើពហិការ មិនចូលរួមប្រជុំសភា ជាលើកទីពីរ។ លើកទីមួយ អំឡុងពេលបង្កើតរដ្ឋសភា នីតិកាលទី៥នេះ និងលើកទីពីរ ក្នុងកិច្ចពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ច្បាប់នេះ បានចាប់កំណើតជាផ្លូវការ ភ្លាមៗ ក្រោមសម្លេងអនុម័ត៦៨ លើ៦៨ ដែលជាសម្លេង របស់តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ៕
» សូមទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖