វ៉ាស្តាំមិនប្រយ័ត្នបុកឡានចតស្ងៀម របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 14, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ ជាករណីវ៉ាស្តាំ ដោយមិនបានប្រយ័ត្ន ហើយបានកើតឡើង កាលពីម៉ោង៤ និង៣០ នាទី ល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិ លេខ០៥ ត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យឯកជន យីហោ កង រចនា។
បើតាមសាក្សី នៅកន្លែងកើតហេតុម្នាក់ លោក ថៃ ធី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ជនរងគ្រោះ ដែលរងរបួសធ្ងន់ជាងគេ ហើយត្រូវបញ្ជូន ទៅពេទ្យកាលម៉ែត្រនោះឈ្មោះ វណ្ណា សាម៉ែន។ លោក ធី បានបន្តទៀតថា ជនរងគ្រោះជិះម៉ូតូឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ១W-២៩៧៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ ស្រាប់តែមកដល់កន្លែងកើតហេតុ ម្ចាស់ម៉ូតូ បានជិះវ៉ា ម៉ូតូមួយគ្រឿងទៀត ម៉ាកគុបមិនស្គាល់ស្លាកលេខ បើកបរដោយស្រ្តី មានគ្នាពីរនាក់ ក្នុងទិសដៅស្របគ្នាខាងស្តាំ។ ស្រាប់តែមិនទាន់ផុត ទៅវ៉ាក់នឹងឡាន ហាយឡែឌឺ មួយគ្រឿង ចតនៅចិញ្ចើមផ្លូវ នោះពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ របួសទាំងសងខាង។
តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត កង រចនា បានឲ្យដឹងថា ភ្លាមៗនេះ គ្លីនិករបស់លោក ដែលនៅជិតកន្លែងកើតហេតុ មិនអាចទទួល អ្នករបួសធ្ងន់នេះបានទេ ដោយលោក គ្មានឧបករណ៍គ្រប់គ្រាន់ ក្នុងការថត (ឆ្លុះ) ដូចនៅពេទ្យធំ។ ម្យ៉ាងទៀតលោកមាន អ្នកជម្ងឺសង្គ្រោះបន្ទាន់ពីរនាក់ នៅខាងក្នុងហើយ ដូចច្នេះលោកទទួលបាន តែស្រ្តីម្ចាស់ម៉ូតូពីរនាក់ និងកូនប្រុសអ្នករងគ្រោះម្នាក់ ប៉ុណ្ណោះ។
វេជ្ជបណ្ឌិតរូបនេះ បានបន្ថែមទៀតថា លោកបានឲ្យគ្រូពេទ្យជំនាញ របស់លោក ទៅធ្វើការសង្គ្រោះបឋម ដល់ជនរងគ្រោះ ក្នុងពេលដែលលោក កំពុងទាក់ទងទៅឡានពេទ្យ។ ក្រោយពីគ្រោះថ្នាក់៤០នាទី ទើបឡានសង្គ្រោះ មកដល់ទីតាំងកើតហេតុ។
អ្នកស្រី ពុទ្ធ សុធី ជាម្ចាស់រថយន្ត ចតនៅលើផ្លូវសារធារណៈនោះ បានចេញមកអះអាងថា ឡានអ្នកស្រីមិនបានខុសទេ ព្រោះវានៅស្ងៀម។ អ្នកស្រីថែមទាំងបានទាមទារសំណង ពីជនរងគ្រោះទៀតផង។ បន្ទាប់ពីការវាស់វែង របស់មន្រ្តីចររាចរណ៍ នៅកន្លែងកើតហេតុ លោក ណុប គីមសុន បានឲ្យដឹងថា ការទាមទារ របស់ម្ចាស់ឡានស្លាកលេខភ្នំពេញ ២S-៤០៤៩ ក៏មិនមែនជារឿងត្រឹមត្រូវដែរ ព្រោះបានចតរថយន្ត នៅទីសាធាណៈលើសពេលកំណត់។ ចំណែកម្ចាស់ម៉ូតូ ជាជនរងគ្រោះ ក៏មិនមែនត្រូវទាំងស្រុងដែរ ព្រោះបើកលឿន ទាំងអាការៈស្រវឹង បង្កគ្រោះថ្នាក់ ដល់កូន និងអ្នកដ៏ទៃ។
បច្ចុប្បន្នអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ចំណែកឯកូនប្រុស អាយុ០៦ ឆ្នាំឈ្មោះ ម៉ែន សុខដែន ស្នាក់នៅមន្ទីរពេទ្យ ជិតកន្លែងគ្រោះថ្នាក់។ ចំណែកឯស្រ្តីរងគ្រោះ ក្នុងហេតុការណ៍នេះដែរ ត្រូវបានគ្រូពេទ្យប្រាប់ឲ្យដឹងថា ឈ្មោះ ជា សុជាតិតា អាយុ២៣ ឆ្នាំ។ រហូតមកទល់ពេលនេះ នៅមិនទាន់ដោះស្រាយ បានសម្រេចនៅឡើយ។ មន្រ្តីប៉ុស្តិ៍បានដកហូតវត្ថុតាង ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីរងចាំភាគីទាំងសងខាង ទៅដោះស្រាយតាមច្បាប់ នៅពេលក្រោយ៕