សាសា បដិសេធ​លិខិត​​សុំ​​ទោស​របស់ សុខ ប៊ុន

បន្ទាប់ពីលិខិតសុំទោស និងស្នើសុំសងជម្ងឺចិត្ត របស់លោក សុខ ប៊ុន ត្រូវបានចេញផ្សាយ ជាផ្លូវការនោះ ឥឡូវនេះ ដល់វេនសាមីខ្លួន ជាជនរងគ្រោះម្ដង ដែលបានប្រតិកម្មមកវិញ មានន័យស្មើនឹងពាក្យ «បដិសេធ»។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 14, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ថ្ងៃកេីតហេតុ គឺថ្ងៃទី១ រំលងចូលថ្ងៃទី២ តែមកសុំទោស ថ្ងៃទី១៤ មានន័យអី?» នេះជាសំណេរ ដែលគេអាច​អានបាន នៅលើគណនេយ្យហ្វេសប៊ុក របស់អ្នកនាង ឯក សុជាតា ហៅកញ្ញា សាសា ឆ្លើយតបទៅ​នឹងលិខិត​ប្រកាស សុំខមាលទោស និងបកស្រាយ ពីទោសកំហុសរបស់លោកឧកញ៉ា សុខ ប៊ុន ដែលបានចេញផ្សាយ ក្នុងថ្ងៃទី១៤ ខែកក្កដានេះ។

អ្នកនាង ឯក សុជាតា ហៅកញ្ញា​ សាសា បានសរសេរទៀតថា៖ «ដូចរឿងមួយថា ពេលភ្លេីងឆេះផ្ទះ មិនគិត​រកទឹក មកពន្លត់ បេីជារត់ទៅរកគេ ឲ្យជួយ ទំរាំគេមកដល់ ភ្លេីងឆេះផ្ទះអស់!»

លិខិតរបស់លោកឧកញ៉ា សុខ ប៊ុន ចុះហត្ថលេខា ដោយលោកមេធាវី យិន សុភ ដែលចេញផ្សាយ​មកដល់​ដៃ​អ្នកសារព័ត៌មាននោះ បានបង្ហាញនូវការ​សោកស្តាយ ចំពោះទង្វើរបស់ខ្លួន ហើយដើម្បីជាការសុំទោស បាន​ប្រកាសថា ចូលរួមជាវិភាគទាន​ ដើម្បី​ព្យាបាលសុខភាព និងដោះស្រាយជីវភាព ក្រុមគ្រួសារ ក៏ដូចជាជូន​ចំពោះ​កញ្ញា សាសា ដោយសុំ​នូវការយោគ​យល់ ការឈប់ប្រកាន់គ្នា និងការមិនសងសឹកគ្នា នូវទឹកប្រាក់​ចំនួន ចំនួន ១០០.០០០ ដុល្លារអាមេរិក។

ទាក់ទងនឹងករណីនេះ កញ្ញា សាសា បានតបទៅវិញថា៖​ «និយាយ(ឡើង)សុុទ្ធតែវិភាគទាន ដល់នាងខ្ញុំ និង​គ្រួសារ! គិតយ៉ាងម៉េច បាននិយាយអញ្ចឹង? តេីនាងខ្ញុំនិងគ្រួសារ ទៅសុំជំនួយ ពីលោកអង្កាលណា?»

លិខិតរបស់លោក សុខ ប៊ុន ដដែល បានអះអាងទៀតថា ដើម្បីលប់លាងកំហុសទាំងនេះ លោកបាន​ស្ម័គ្រ​ចិត្ត​លាឈប់ ពីតំណែង​ប្រធាន​សមាគម វាយតម្លៃអចលនវត្ថុ និងពីតំណែងនាយកក្រុមហ៊ុន TEHO-SBG Develobment Co…Ltd ដែល​គ្រោងនឹងវិនិយោគទុន លើវិស័យអចលនទ្រព្យ ក្នុងទឹកប្រាក់ប្រមាណជា ៥០០​លានដុល្លារអាមេរិក។ លិខិត​នោះ អះអាងថា៖‍ «គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ ដល់​សេដ្ឋកិច្ច​ជាតិ និង​ចំណូល​សារពើពន្ធ ជូន​រដ្ឋ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់»។

ការលើកយកករណីខាងលើ មកភ្ជាប់ករណីទោសកំហុស ដើរវាយតប់ របស់លោកឧកញ៉ារូបនេះ ត្រូវបាន​កញ្ញា សាសា ចំអកឲ្យដូច្នេះថា៖ «ហេតុអី មករ៉ាយរ៉ាប់ រឿងគំរោង៥០០លានដុល្លា? ចង់មានន័យ យ៉ាង​ម៉េច?»

នៅក្នុងបណ្ដាញសង្គមវិញ លិខិតបកស្រាយរបស់លោក សុខ ប៊ុន ត្រូវបានគេមើលឃើញថា ជាលិខិត ដែល​ចង់ឲ្យសាធារណៈមតិ នៅកម្ពុជា ធ្វើការផ្លាស់ប្ដូរ ទស្សនៈរិះគន់ចំពោះលោក ជាពិសេស ចង់ដាក់បន្ទុក ទៅ​រដ្ឋាភិបាលលោក ហ៊ុន សែន បន្ទាប់ពីគម្រោង ៥០០លាន របស់ក្រុមហ៊ុនលោក សុខ ប៊ុន ត្រូវបាន​បោះបង់​ចោល។ ប៉ុន្តែចំពោះទិដ្ឋភាពច្បាប់ លោក សុខ ប៊ុន មិនអាចរួចផុត ពីនីតិវិធីច្បាប់ ដែលតម្រូវឲ្យដាក់​ទោស​ទណ្ឌ ផ្នែកព្រហ្មទណ្ឌ ទៅលើលោកឡើយ ហើយក៏ជាអ្វី ដែលលោក ស ខេង បានថ្លែងជាសាធារណៈ ឲ្យស្វែងរក​ចាប់​ខ្លួនលោក សុខ ប៊ុន មកផ្ដន្ទាទោសឲ្យទាល់តែបាននោះដែរ។

ចំពោះការសម្រេចចិត្ត របស់លោក ស ខេង ខាងលើ ត្រូវបាននាង សុជាតា ថ្លែងអបអរថា៖ «នាងខ្ញុំ តំណាង​ឲ្យស្ត្រីជាច្រេីននាក់ ដែលរងការធ្វេីបាប ដោយប្រេីហឹង្សារ ពីលោកឧកញ៉ា សុខ ប៊ុន សូមថ្លែងអំណរគុណ ដល់ "សម្តេចក្រឡាហោម ស ខេង" ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជួយរកយុត្តិធម៌ ឲ្យ​នាង​ខ្ញុំ!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...