អូស្ត្រាលី៖ យុវតីជាតិហូឡង់ម្នាក់ រងទារុណកម្មនិងការរំលោភយ៉ាងព្រៃផ្សៃ
យុវតីវ័យ២១ឆ្នាំមួយរូប ជាជនជាតិហូឡង់ បានរស់នៅរងកម្មអស់រយៈពេល៦សប្ដាហ៍ ជាមួយនឹងទារុណកម្មយ៉ាងព្រៃផ្សៃ ពីសំណាក់ប្ដីប្រពន្ធពីរនាក់ នៅចំកណ្ដាលរដ្ឋធានីនៃប្រទេសអូស្ត្រាលី។
រូបជំនួស បង្ហាញពីយុវតីម្នាក់ដ៏កំសត់។ (រូបថត shutterstock)
ជាអំពើអមនុស្សធម៌មួយ ហួសនិស្ស័យនឹងបរិយាយ។ សារព័ត៌មានចេញផ្សាយនៅទីក្រុងម៉ែលប៊ន (Melbourne) ដែលមានវត្តមាននៅក្នុងសវនាការនៃសំនុំរឿងនេះ បានធ្វើសេចក្ដីរាយការណ៍ថា យុវតីជនជាតិហូឡង់ជាទេសចរណ៍រូបនេះ ត្រូវរងនូវការរំលោភសេពសន្ធវះមិនតិចជាង៦០ដងឡើយ ហើយថែមទាំងរងនូវទារុណកម្មយ៉ាងខ្លោចផ្សារ ជាមួយនឹងកំណាត់ឈើធ្វើនំ ឬជាមួយនឹងម៉ាស៊ីនបូមដី នៅក្នុងរយៈពេល៦សប្ដាហ៍ នៅប្រទេសអូស្ត្រាលី។
តុលាការទីក្រុងមែលប៊ន បានយកសំនុំរឿងនេះមកជំនុះជម្រះ ទាក់ទងនឹងហេតុការណ៍មួយដ៏អាក្រក់ មិនដែលធ្លាប់កើតមានពីមុនមក៖ យុវតីរងគ្រោះអាយុ២១ឆ្នាំ ត្រូវបានចាប់ពង្រត់ និងដាក់ក្នុងការឃុំឃាំង នៅក្នុងសណ្ឋាគារមួយនៃទីក្រុងមែលប៊ន នៅខែវិច្ឆិការចូលមកខែធ្នូរ ឆ្នាំ២០១២កន្លងទៅ។
អាល់ហ្វីឡូ អង់តូនី ហ្គ្រាណាតា (Alfio Anthony Granata) អាយុ៤៦ឆ្នាំជាប្ដី និងប្រពន្ធឈ្មោះ ជើនីហ្វែរ ពៀស្តុន (Jennifer Peaston) អាយុ៣២ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ ចំនួន១៧៩ករណី ក្នុងនោះមានការឃុំឃាំងមនុស្ស គម្រាមសម្លាប់ ការរំលោភចំនួន៦២ដង និងការវាយដំលើរាយកាយ ចំនួន៨៥ដង។
បើតាមឯកសារដែលបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី យុវតីជាទេសចរណ៍ត្រូវបានចាប់ពង្រត់ នៅក្រោយពេលដែលនាងបានជួបពីរនាក់ប្ដីប្រពន្ធនេះ នៅក្នុងរាត្រីស្រមោលសរមួយ។
ពីរនាក់ប្ដីប្រពន្ធ ត្រូវបានចោទ ថាបានធ្វើទារុណកម្មលើយុវតីវ័យក្មេង ដោយប្រើកំណាត់ឈើ សម្រាប់កិនម្សៅធ្វើនំ ម៉ាស៊ីនបូមដី ចង្កៀងប្រេង និងប្រដាប់ប្រដាប្រើប្រាស់ក្នុងចង្ក្រានបាយផ្សេងទៀត។ នៅថ្ងៃបុណ្យណូអែល យុវតីរងគ្រោះទំនងជាបានចាក់ ហ្គ្រាណាតា មួយកាំបិត ហើយនាងបានសាកល្បងសម្លាប់ខ្លួន។ ពេលនោះ ពីរនាក់ប្ដីប្រពន្ធបានជ្រួលច្របល់ បង្ខំចិត្តត្រូវហៅសេវាសង្គ្រោះបន្ទាន់ ដែលធ្វើឲ្យរឿងសម្ងាត់របស់ពួកខ្លួន ត្រូវបានបែកការណ៍នៅពេលបន្ទាប់មក៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ