ព្យុះដ៏កំណាច បោកបក់នៅតៃវ៉ាន់បន្តមកដល់ចិន ធ្វើឲ្យស្លាប់ម្នាក់ (VDO)
ខ្យល់ព្យុះដ៏កំណាចមួយ បានបោកបក់ទៅលើផ្នែកខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ធ្វើឲ្យមានមនុស្សម្នាក់ស្លាប់យ៉ាងហោចណាស់ម្នាក់ និងមនុស្សជាច្រើនរយពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នៅជាប់នឹងមហាសមុទ្រ។ ខ្យល់ព្យុះបានបន្តដំណើររបស់ខ្លួន ទៅកាន់ផ្នែកអាគ្នេយ៍នៃប្រទេសចិនជាបន្តទៀត នៅរសៀលថ្ងៃដដែល។
ដើមឈើបាក់រលំលើរថយន្ដ និងការខូតខាតដទៃៗទៀតជាច្រើន នៅតៃវ៉ាន់។ (រូបថត MARK RALSTON. AFP)
ខ្យល់ព្យុះដែលមានឈ្មោះថា ស៊ូលីក (Soulik) បានបង្កឲ្យមានបញ្ហាដឹកជញ្ជូន និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅកោះទាំងមូល។ ក្រុមអ្នកជួយសង្គ្រោះបានរាយបណ្ដាក់គ្នានៅជុំវិញទីក្រុងតៃប៊ិ និងតំបន់ជាយក្រុង ដើម្បីតភ្ជាប់ចរន្ដអគ្គិសនី សម្រាប់បណ្ដាជនជាង៥២០ពាន់នាក់ ដែលបានរស់នៅក្នុងភាពងងឹតកាលពីយប់កន្លងមក និងជញ្ជូនដកចេញ នូវដើមឈើទាំងឡាយដែលបានបាក់ធ្លាក់មកលើផ្លូវថ្នល់។
ខ្យល់ព្យុះនេះបានបន្តដំណើររបស់ខ្លួន នៅរសៀលថ្ងៃសៅរ៍ដដែល ទៅប៉ះនឹងចិនដីគោកវិញម្ដង ជាពិសេសក្នុងខេត្តជាប់សមុទ្រ ឈ្មោះ ហ្វូជៀន (Fujian) ដែលជាខេត្តមួយ មានមនុស្សរស់នៅយ៉ាងកកកុញ។ មជ្ឈមណ្ឌលឧត្តុនិយមចិន បានរាយការណ៍ថា ខ្យល់ព្យុះបានបោកបក់ក្នុងកម្លាំង ១១៩គីឡូម៉ែត្រក្នុងមួយម៉ោង នៅចិន និងមានកម្លាំង ១៦៣គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបក់កាត់កោះតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរបាននិយាយថា បណ្ដាជនប្រមាណជា៣០០ពាន់នាក់ ក្នុងខេត្តហ្វូជៀន ត្រូវបានជម្លៀសចេញ។ នៅក្នុងខេត្ត និងខេត្តជាប់នេះ សេវាកម្មផ្លូវដែកត្រូវបានផ្អាក ការហោះហើរលើអាកាសត្រូវបានលប់ចោលជាច្រើនជើង និងទូកនេសាទទាំងអស់ត្រូវបានហៅឲ្យចូលមកផែវិញ។ ក្រុមអ្នកជួយសង្គ្រោះចិន បានត្រៀមបំរុងទុកពីហេតុការណ៍ដែលអាចកើតមានឡើងជាយថាហេតុ ដូចជាទឹកជំនន់ និងការរអិលធ្លាក់បាក់ដី។
នៅព្រឹកថ្ងៃសៅរ៍ ភ្លៀងធ្លាក់ដ៏ខ្លាំងបានបង្អុរចុះនៅផ្នែកខាងជើងនៃកោះតៃវ៉ាន់។ សាលារៀន និងសហគ្រាសនានា ត្រូវបានសុំឲ្យបិតទ្វាដោយរដ្ឋាភិបាល តាំងពីថ្ងៃសុក្រមុនមួយថ្ងៃ ព្រមទាំងមនុស្សចំនួន៨ពាន់នាក់ ត្រូវបានយោធាជម្លៀសចេញពីតំបន់ភ្នំ ដែលអាចប៉ះពាល់ដោយទឹកជំនន់ភ្លាមៗនោះ។
នៅយប់រលងអាធ្រាត ការបាក់ធ្លាក់ដុំថ្ម បានសង្កត់នគរបាលមួយរូបស្លាប់ នៅតំបន់ជាយក្រុងតៃប៊ិ។ គេបានរាយការណ៍ថា មានមនុស្សទាំងអស់២១នាក់ផ្សេងទៀត បានរងរបួស។ ជើងហោះហើរប្រមាណជាជាង ១០ ត្រូវបានលប់ចោល តែប្រហែលជាចាប់ដំណើរការធម្មតាឡើងវិញ នៅយប់ថ្ងៃសៅរ៍។ រថភ្លើងរត់ល្បឿនលឿន របស់តៃវ៉ាន់ ក៏ត្រូវបានផ្អាកដូចគ្នា នៅក្នុងអំឡុងពេលឆ្លងកាត់របស់ខ្យល់ព្យុះ៕
សូមទស្សនាវីដេអូ នៃព្យុះដ៏កំណាចនេះ ពេលវាកំពុងបោកបក់នៅតៃវ៉ាន់៖
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ