រវាង«គ្រប់គ្រង» និង«បង្កា»គ្រោះធម្មជាតិ តើកម្ពុជារើសយកមួយណា?
របាយការណ៍ដ៏ធ្ងន់ធ្ងរ ស្ដីពីតុល្យភាពនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានក្នុងឆ្នាំ២០១៣ បានបង្កចម្ងល់ និងជម្រុញឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកពីគម្រោងសិក្សារបស់ខ្លួន ក្នុងការទប់ស្កាល់គ្រោះហានិភ័យទាំងនោះ។ ប៉ុន្តែមតិមួយចំនួនបាននិយាយថា រដ្ឋាភិបាលគួរស្វែងរកដំណោះស្រាយពីឬសគល់នៃបញ្ហា ដែលបង្កឲ្យមានគ្រោះធម្មជាតិ ជៀសជាង«គ្រប់គ្រង»បញ្ហាដែលបានកើតឡើងហើយ។
ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)
គ្រប់គ្រងគ្រោះធម្មជាតិ - ឆ្នាំ២០១៣ ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ទន្លេសាប បានប៉ះពាល់២០ រាជធានី ខេត្ត និងបានប៉ះពាល់ផ្ទះចំនួន ២៣១,៤៨៤ខ្នង ខូចខាតផ្ទះចំនួន ២៨៧ខ្នង មនុស្សស្លាប់ចំនួន ១៦៨នាក់ និងរងរបួសចំនួន ២៩នាក់ សត្វគោក្របី និងជ្រូកងាប់ ២៦៤ក្បាល ខូចខាតសំណាប ៣៥៧ហិកតា សន្ទូងចំនួន ៦២,៨៧៨ហិកតា ដំណាំរួមផ្សំចំនួន ២៥,៤០១ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារសាធារណៈជាច្រើនទៀត ក៏ត្រូវបានប៉ះពាល់និងខូចខាតដែរ។ នេះបើតាមការបង្ហាញ របស់លោក សុក សាខន ប្រធានកម្មវិធី គ្រោះមហន្តរាយ នៃអង្គការការីតាសកម្ពុជា ក្នងវេទិការយុវជន នៅព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ ២០១៣ ដែលរៀបចំដោយ អង្គការ YRDP នៅឯវិទ្យាស្ថានជាតិអប់រំ។
ក្នុងនាមលោកតំណាងឲ្យអង្គការសង្គមស៊ីវិឡមួយ ដែលធ្វើការស្និតនឹងគ្រោះមហន្តរាយ លោកសុក សាខន បានបញ្ជាក់ពីគម្រោងជាច្រើន ដែលអង្គការការីតាសរបស់លោក កំពុងធ្វើជា មួយរដ្ឋាភិបាលកម្ពុជា ក្នុងបំណងរកចម្លើយឲ្យឃើញថា៖ «តើគួរគួរកែលំអប្រព័ន្ធធារាសាស្រ្តបែបណា ដើម្បីការពារពីការកើតឡើងឆ្នាំក្រោយទៀត (...) ក្នុងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំ ទៅនឹងការប្រែប្រួល អាកាសធាតុ»។ តំបន់ដែលទទួលបានការឧបត្ថម្ភ និងគាំទ្រគម្រោងការជាច្រើននេះ មាននៅក្នុង ៩ រាជធានី ខេត្ត គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ មណ្ឌលគីរី ព្រះវិហារ សៀមរាប បាត់ដំបង និងខេត្តព្រៃវែង។ គម្រោងទាំងនោះ បានផ្តោតទៅលើ សកម្មភាពសំខាន់ៗដូចជា ការបណ្តុះបណ្តាលសមត្ថភាព បច្ចេកទេសកសិកម្ម នៅមូលដ្ឋានសហគមន៍ គំរោងការស្វ៊ែរ ជាដើម។
ជុំវិញវិធានការទប់ទល់ និងគ្រប់គ្រងគ្រោះធម្មជាតិទាំងនេះ មន្ត្រីរដ្ឋាភិបាល លោក សុទ្ធ គឹមកុលមុនី អនុប្រធាននាយកដ្ឋាន ត្រៀមរៀបចំ និងបណ្តុះបណ្តាលនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបកស្រាយថា «យើងមិនអាចធ្វើអោយ បម្រែបម្រួលអាកាសធាតុ ត្រឡប់ថយក្រោយវិញបានទេ តែអ្វីដែលយើងអាចធ្វើបាន គឺការបន្ស៊ាំខ្លួនទៅនិងការប្រែប្រួល»។
លោកបន្តឲ្យដឹងទៀតថា «ដើម្បីឆ្លើយតបទៅនឹង សភាពការណ៏នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៤។ យុទ្ធសាស្ត្រទី ១ : ការភ្ជាប់ទំនាក់ទំនង រវាងការបន្សុំា ការប្រែប្រួលអាកាសធាតុ ជាមួយការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ។ យុទ្ធសាស្ត្រទី ២ : លើកកម្ពស់ ប្រព័ន្ធប្រកាស ឲ្យដឹងមុន។ យុទ្ធសាស្រ្តទី ៣ : ប្រើប្រាស់ចំណេះដឹង ដើម្បីកសាងសមត្ថភាពធន់ នឹងគ្រោះមហន្តរាយ និងការបន្សុំា ការប្រែប្រួលអាកាសធាតុ នៅគ្រប់ថ្នាក់។ យុទ្ធសាស្ត្រទី ៤ : ការអភិវឌ្ឍដោយគិតគូរទៅលើហានិភ័យ។»
ទោះបីជាយ៉ាងណាក៏ដោយ ក៏កន្លងមកប្រសិទ្ធភាព នៃការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ត្រូវបានរងការរិះគន់ ថាមិនមានលក្ខណៈគ្រប់គ្រាន់ និងសមស្របនោះទេ។ គ្រោះធម្មជាតិបានកើតឡើងច្រើនលើកច្រើនសារ នៅក្នុងប្រទេសកម្ពុជា តែប្រជាពលរដ្ឋនៅតែ មិនមានលក្ខណៈគ្រប់គ្រាន់ ក្នងការទប់ទល់ និងការបន្ស៊ាំខ្លួន ដូចអ្វីដែលមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងនោះនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋក្នុងខេត្តមួយចំនួន ដែលបានទទួលរងឥទ្ធពលខ្លាំងក្លា ពីគ្រោះទឹកជំនន់នាឆ្នាំនេះ ត្រូវជំពាក់លុយធនាគារវ័ណ្ដក ខណៈមួយចំនួនទៀតត្រូវធ្វើចំណាកស្រុក ដើម្បីរកកាងារធ្វើ ព្រោះតែផលស្រូវត្រូវខូចខាត។
ក្នុងចំណោមមតិដែលវែកញែក ពីឬសគល់នៃគ្រោះធម្មជាតិធ្ងន់ធ្ងរនេះ លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា រដ្ឋាភិបាលគួរគ្រប់គ្រងធនធានធម្មជាតិឲ្យបានល្អ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានត្រឹមត្រូវ រួមទាំងប្រព័ន្ធបង្ហូរទឹកទាំងនៅក្នុងទីក្រុង និងជនបទ ដើម្បីបញ្ជៀសគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលស្ដែងចេញពីគ្រោះធម្មជាតិទាំងនេះ។ ខ្លាំងក្លាជាងនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានអះអាងដែរថា បញ្ហាទាំងនេះគឺជាកំហុសរបស់រដ្ឋាភិបាល ដែលបណ្តោយឲ្យមានការកាប់ព្រៃឈើ និងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជាមូលហេតុដែលនាំឲ្យមានគ្រោះទឹកជំនន់៕
---------------------------------
ដោយ៖ ក. ចាន់នីតា - ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ