សម រង្សី៖ ត្រូវមានអ្នកទទួលខុសត្រូវ ចំពោះមរណភាពស្រ្តីអ្នកលក់បាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រឡប់ពីខេត្តសៀមរាប មកដល់ទីក្រុងភ្នំពេញភ្លាម លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកនឹងបន្តរស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដែលបានស្លាប់ ដោយការវាយប្រហាររបស់ក្រុមកម្លាំងសមត្ថកិច្ច គ្រប់គ្រង់ដោយរដ្ឋាភិបាលកម្ពុជាអាណត្តិទីប្រាំ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហាញពីជំហរររបស់គណបក្សលោក ក្នុងការបន្តរការស្វែងរក និងដោះស្រាយបញ្ហាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលបានស្លាប់ដោយការប្រើប្រាស់ នូវកម្លាំងរបស់រដ្ឋាភិបាល ដែលជាអំពើមួយឃោឃៅ។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងឲ្យដឹងទៀតថា «យើងថ្កោលទោសនូវរាល់អំពើហិង្សា ពិសេសអំពើហិង្សា ដែលបណ្តាលមកពីកងកម្លាំងប្រដាប់អាវុធ ដែលទទួលបញ្ជាពីថ្នាក់លើ ឲ្យបង្គ្រាបអ្នកធ្វើបាតុកម្ម។ (…) ជួនកាលអ្នកដែលមិនបានដឹងខ្លួនសោះ ហើយត្រូវបានគេបាញ់ប្រហារមកលើពួកគាត់។ នេះជាអំពើឃោឃៅមួយ ដែលត្រូវថ្កោលទោស។ យើងនឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងទាមទាឲ្យអ្នកដែលទទួលខុសត្រូវនោះ ទទួលខុសត្រូវចំពោះមុខច្បាប់។»
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទំនាក់ទំនងបានទេ ដោយលោក ពុំទទួលទូរស័ព្ទ ។ តែកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិការនេះ គណបញ្ជាការរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះប្រជុំជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ពិសេសធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ ចំពោះការធ្វើបាតុកម្ម កូដកម្ម នៅពេលដែលមាន«ជន»ទីបីចូលមកបង្កចលាចល បង្កើតភាពអសន្តិសុខក្នុងសង្គម។
«មានជនទីបី»
ក្នុងកិច្ចប្រជុំនោះលោក ប៉ា សុជាតិវង្ស បានលើកឡើងថា «ក្នុងរយៈកាលចុងក្រោយនេះ ដោយសារការកើតមានសភាពការណ៍មួយចំនួន ដែលតម្រូវឲ្យគណបញ្ជាការឯកភាព ត្រូវដោះស្រាយ ដោយប្រើកម្លាំង និងមធ្យោបាយសរុប ដើម្បីគ្រប់គ្រងសភាពការ។ (…) ការប៉ះទង្គិចថ្ងៃទី១២ វិច្ឆិកានេះ មិនមែនជាការប៉ះទង្គិចជាមួយក្រុមកម្មករនៅរោងចក្រអេស អិល និងសមត្ថកិច្ចឡើយ គឺមាន “ជន” ទីបី ចូលមកបង្កដើម្បីបង្កើត ឲ្យមានការប៉ះទង្គិចនេះឡើង។»
ដោយឡែកស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ កាលពីល្ងាចថ្ងៃតី១២ ខែវិច្ឆិការ ក្រោយពីបានបញ្ចប់ នូវព្រឹត្តិការណ៍បាញ់ប្រហារមកលើក្រុមបាតុករ និងព្រះសង្ឃនោះបានលើកឡើងថា ការតវ៉ារបស់កម្មករ អេស អិល ហាក់ដូចជាបានរៀបចំទុកជាមុន ព្រោះពួកគេបានដង្ហែក្បួនមកចាប់ដៃ ជាមួយក្រុមឱកាសនិយមនៅមុខវត្តស្ទឹងមានជ័យ។ លោក ជួន សុវណ្ណ បានបញ្ជាក់ចំពោះបញ្ហា ដែលនាំឲ្យមានការបាញ់ស្លាប់ស្រ្តីអ្នកលក់បាយម្នាក់នោះថា «ឥឡូវបានឃើញប៉ូលីសហ្នឹង បាញ់ប្រជាពលរដ្ឋស្លាប់នៅកន្លែងច្បាស់លាស់ទេ ឬគ្រាន់តែជាការបកស្រាយ?»។ តែទោះជាយ៉ាងណាលោកក៏បានបញ្ជាក់បន្ថែមថា «ចំពោះឧបត្តិហេតុដែលបានកើតឡើងនេះ មិនអាចកំណត់បាន។ យើងបានបង្កើតគណកម្មការ និងបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុហើយ។»
«អ្នកណាជាអ្នកកាន់កាំភ្លើង អ្នកនោះជាអ្នកទទួលខុសត្រូវ»
ទាក់ទងនឹងការលើកឡើងខាងលើនេះ មន្រ្តីអង្គការសង្គមស៊ីវិលក៏បានធ្វើការថ្គោលទោសចំពោះទង្វើ និងចំណាត់ការរបស់រដ្ឋាភិបាល ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ បានស្លាប់ដោយអយុត្តិធម៌។ ជាមួយគ្នានេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនិងសន្តិភាពលោក យ៉ង់ គឹមអេង បានបញ្ជាក់លើការទទួលខុសត្រូវនោះថា «អ្នកណាជាអ្នកកាន់កាំភ្លើង អ្នកនោះទទួលខុសត្រូវ។ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ព្រោះនេះជាការបញ្ជារបស់ខ្លួន។»
មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះបានបន្តរថា នេះជាលើកទីពីរហើយ ដែលបណ្តាលឲ្យប្រជាពលរដ្ឋបានស្លាប់ ហើយរដ្ឋាភិបាលមិនដែលទទួលខុសត្រូវ នូវទង្វើអាក្រក់របស់ខ្លួនទេ។ លោកបានបន្តរ «(វា) មិនដែលរាលកៃ (កាំភ្លើង) នៅក្នុងហ្វូងមនុស្សដ៏ច្រើនបែបនេះទេ នេះគ្រាន់តែជា “លេស” ប៉ុណ្ណោះ។ បើសិនជាមានការប្រទាញប្រទង់គ្នា យើងអាចថាជាការរាលកៃ តែនេះមានចេតនាបាញ់សំដៅទៅហ្វូងមនុស្សតែម្តង។»
ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាអង្គការសង្គស៊ីវិល លោក យ៉ង់ គឹមអេង មិនចង់ឃើញមានករណីនេះកើតឡើងជាដដែលៗនោះទេ ត្រូវតែរកឲ្យឃើញនូវអ្នកបាញ់នោះ ហើយយកមកផ្តន្ទាទោសទៅតាមច្បាប់ ជៀសវាងបង្កើតឲ្យមានបញ្ហានីទណ្ឌភាពជាបន្តរទៀត។ «ក្នុងនាមជាមន្រ្តីអង្គការសិទ្ធិមនុស្ស យើងបានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យរដ្ឋាភិបាល ស្វែងរកជនដៃដល់ពិតប្រាកដមកផ្ទន្ទាទោសតាមច្បាប់»។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា មានអំពើហិង្សាកើតឡើងរវាងក្រុមសមត្ថកិច្ច និងក្រុមកម្មករនៅមុខវត្តស្ធឹងមានជ័យ ដែលបានបណ្តាលឲ្យស្រ្តីអ្នកលក់បាយម្នាក់ បានស្លាប់ក្នុងហេតុការណ៍នោះ និង៣៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងនោះមានព្រះសង្ឃចំនួន៧អង្គត្រូវបានដោះលែង នៅល្ងាចថ្ងៃដដែល ឯប្រជាពលរដ្ឋ និងកម្មករ២៩នាក់ត្រូវបានដោះលែងឲ្យត្រឡប់មកផ្ទះវិញនាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយឡែកយុវជនពីរនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្ករហិង្សា។ យុវជនទាំងពីរនោះម្នាក់ឈ្មោះ វាស នុន អាយុ១៥ឆ្នាំ ស្នាក់នៅកុដិលេខពីរក្នុងវត្តស្ទឹងមានជ័យ និងឈ្មោះ វន្នី វ៉ាន់ណន អាយុ១៩ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ។
អ្នកសង្កេតការណ៍សង្គមកម្ពុជា បានថ្លែងថា សម្ដីរបស់ប្រធានគណបក្សប្រឆាំងខាងលើ អាចជាពាក្យសម្ដីដើម្បីប្រជាភិថុតមួយ។ ដូច្នេះគេនឹងរងចាំមើល ថាតើរវាងពាក្យថ្លែងនិងការអនុវត្តន៍របស់លោក នឹងមានគម្លាតគ្នាប្រវែងប៉ុន្មាន ឬមួយក៏គ្រាន់តែជាអ្វីដែលលោកហ៊ុន សែននាយករដ្ឋមន្ត្រី តែងថ្លែងបង្អាប់ថា ជា«ព្យុះក្នុងក្អម»ប៉ុណ្ណោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ