ដោះលែង២៣នាក់រួច តែទីលានប្រជាធិបតេយ្យនៅមិនទាន់ដោះលែង?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោមហេតុផលរក្សាសណ្តាប់ធ្នាប់ និងស៊ើបអង្កេតករណីបង្រ្កាប នៅសួនកាណាឌីយ៉ាលើផ្លូវវ៉េងស្រេង និងមុខរោងចក្រយ៉ាកជិន បានធ្វើឲ្យសាលារាជធានីភ្នំពេញ រយៈការថ្លែងរបស់លោកអភិបាល ប៉ា សុជាតិវង្ស មាន«លេស» ដើម្បីបិទទីលានប្រជាធិបតេយ្យ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទទាំង២៣ ដែលបានចាប់ខ្លួន ក្នុងករណីផ្ទុះហិង្សទាំងនោះត្រូវបានដោះលែងវិញ តែចំណែកឯទីលានប្រជាធិបតេយ្យវិញ នៅតែបន្តបិទដដែល។ តើការបិទទីលានប្រជាធិបតេយ្យនេះ មានហេតុផលតែមួយគត់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស៊ើបអង្កេតក្នុងការផ្ទុះអំពើហិង្សា ឬមានហេតុផលអ្វីផ្សេងក្រៅពីនេះ?
ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)
សេរីភាព - មកដល់ពេលនេះមានរយៈពេលមួយខែហើយ ដែលទីលានប្រជាធិតេយ្យ ត្រូវបានហ៊ំព័ទ្ធទៅដោយបន្លាលួស ដើម្បីហាតឃាត់ប្រជាពលរដ្ឋ មិនឱ្យធ្វើការជួបជុំបញ្ចេញមតិ ជាង៥ខែរាប់ចាប់តាំងពីថ្ងៃទី៤ ខែមករានោះមក តាមសារាចរក្រសួងមហាផ្ទៃ ក្នុងការហាមការប្រមូលផ្តុំនានានៅទីនោះ ក្រោមហេតុផលថា ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងស្ថិតក្រោមស៊ើបស្រាវជ្រាវ។
កាលពីថ្ងៃទី០៤ ខែមករា កងកម្លាំងចម្រុះ របស់អាជ្ញាធរមានទាំងជនស៊ីវិល ប្រដាប់ដោយដំបងគ្រប់ដៃនោះផង បានធ្វើការរុះតង់បាតុកររបស់គណសង្រ្គោះជាតិ ក្រោយមួយថ្ងៃនៃបង្រ្កាប ទៅលើកម្មករទាមទារប្រាក់ខែ១៦០ដុល្លា នៅសួនកាណាឌីយ៉ា លើផ្លូវវ៉េងស្រេង ដែលក្នុងព្រឹត្តិការណ៍នោះ បានបណ្តាលឱ្យកម្មករយ៉ាងហោចណាស់ប្រាំនាក់ បានស្លាប់បាត់ជីវិត និងរបួស ចាប់ខ្លួនជាច្រើន។
បន្ទាប់មកទៀត អភិបាលរាជធានីលោក ប៉ា សុជាតិវង្ស បានប្រកាសកាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៤ ថា ទីតំាងទីលានប្រជាធិបតេយ្យ ត្រូវបិទមិនឱ្យមានការប្រមូលផ្តុំ ជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សា នៅផ្លូវវេងស្រេងបានបិទបញ្ចប់។ ចំណែកមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បញ្ជាក់ដែរថា ទីលានប្រជាធិបតេយ្យអាចបើកឱ្យមានការជួបជុំដូចដើម លុះត្រាស្ថានភាពនយោបាយវិលមកធម្មតាវិញ និងនៅក្រោយពេលដែលស៊ើបអង្កេតករណីជនជាប់ឃុំ២៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពេលហិង្សានៅផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីងបានចប់។
ប៉ុន្តែកាលពីថ្ងៃទី៣០ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមទៅលើជនជាប់ចោទ ទាំង២៣នាក់ ដោយម្នាក់ៗមានទោសចាប់ពី២ឆ្នាំដល់៤ឆ្នាំកន្លះ និងកាត់តម្រឹមទោសត្រឹមថ្ងៃទី៣០ ឧសភា ដោយដោះលែងឱ្យមានសេរីភាពវិញ។ អ្វីដែលប្រជាពលរដ្ឋងឿងឆ្ងល់នោះ ត្រង់ថាអ្នកទាំង២៣នាក់ដោះលែងហើយ ហេតុអ្វីទីលានប្រជាធិបតេយ្យនៅតែបន្តបិទ និងហ៊ំព័ទ្ធទៅដោបន្លាលួលដដែល?
ឆ្លើយតបនឹងចម្ងល់ខាងលើ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថាប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកនៅមិនទាន់ទទួលដំណឹង និងការណែនាំថា នឹងបើកទីលានប្រជាធិបតេយ្យនៅពេលណានោះទេ។ លោកបន្តថា៖ «អ្វីដែលយើងខ្ញុំដឹង យើងខ្ញុំមិនទាន់ទទួលបានរបាយការណ៍ស៊ើបអង្កេតរឿងអំពើហិង្សា នៅឡើយដែរ។ ចាំមើលសិន ខ្ញុំមិនទាន់ហ៊ាននិយាយដែរទេ។»
ទីលានប្រជាធិបតេយ្យ ឬសួនសេរីភាព ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ព្រហស្បត្តិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០។ ទីតាំងសម្រាប់ប្រជាពលរដ្ឋ ធ្វើការជួបជុំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្កភាពងាយស្រួលដល់បណ្ដាជនដែលមានបញ្ហាកើតទុក្ខមិនសុខចិត្ត ដើម្បីចេញមកធ្វើការតវ៉ា លើកឡើងពីទុក្ខកង្វល់របស់ខ្លួន ឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។ ម្យ៉ាងទៀតទីលានប្រជាធិបតេយ្យ ក៏ជួយកុំឱ្យប្រជាពលរដ្ឋដែលមានបញ្ហាទាំងនោះ ចេញទៅតវ៉ានៅកន្លែងផ្សេងៗ ដែលអាចធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងដែរ។
បន្ទាប់ពីទីលានប្រជាធិបតេយ្យនេះ ត្រូវបានបិទនោះមក រាល់ការជួបជុំគ្រប់រូបភាព ឬបើសូម្បីមនុស្សតែម្នាក់ក៏ដោយ ដែលជម្នះចូលទៅប្រមូលផ្តុំនៅទីនោះ ត្រូវរងនូវការវាយដំ និងឃាត់ខ្លួនជាបន្តបន្ទាប់ពីសំណាក់សន្តិសុខ។ ការប្រកាសបិទនូវទីតាំងមួយនេះ បានរងនូវការបរិហារយ៉ាងខ្លាំងក្លា ពីសំណាក់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់ឯករាជ្យ ដោយបានហៅសេចក្ដីប្រកាសនេះថា មានចរិកនយោបាយ និងខ្វះការយល់ដឹងពីច្បាប់៕