«ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជា​ការ​ខុស​ច្បាប់ និង​អយុត្តិធម៌»

ប្រវត្តិនៃការបាត់បង់«ទឹកដីខ្មែរកម្ពុជាក្រោម» ទៅជាទឹកដីនៃប្រទេសវៀតណាម ត្រូវបានរំលឹកឡើងវិញ​ក្នុងគំរប់​ខួប​៦៥ឆ្នាំ។ ក្នុងពិធី ដែលមានតំណាងព្រះមហាក្សត្រខ្មែរចូលរួមជាអធិបតី តែអវត្តមានមន្រ្តីតំណាងឲ្យ​រាជរដ្ឋាភិបាល​អាណត្តិទីប្រាំ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ មានការលើកឡើងជាច្រើន ស្ដីពីភាពខុសច្បាប់ និង​ភាពអយុត្តិធម៌ នៃ​ការប្រគល់ឲ្យវៀតណាមកាន់កាប់ នូវទឹកដីខ្មែរកម្ពុជាក្រោម ពីសំណាក់បារាំងសេស។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

៦៥ឆ្នាំនៃដីខ្មែរកម្ពុជាក្រោម - ថ្លែងក្នុងទិវាកាន់ទុក្ខជាតិខ្មែរខួបលើកទី៦៥ឆ្នាំ (ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០១៤) នៃការកាត់ទឹកដីខ្មែរកម្ពុជាក្រោម​ដោយ​អាណានិគមបារាំង ទៅឲ្យអាណានិគម​វៀតណាម លោក ស៊ឺន ស៊ូប៊ែរ សមាជិកស្ថាបនិកគណបក្សសិទ្ធិមនុស្ស បានសង្ខេបនូវការបាត់បង់ និងការ​ទាមទារ​ទឹកដីខ្មែរកម្ពុជាក្រោមថា ទឹកដីខ្មែរកម្ពុជាក្រោមនេះ ត្រូវបានបាត់បង់ដោយរដ្ឋាភិបាលបារាំង ដែលបាន​បំពាន​ទៅ​លើញាតិ្តនៃរដ្ឋសភាបារាំងសេស ដែលស្នើសុំឲ្យរដ្ឋាភិបាលបារាំងសេសនេះ ដោះស្រាយបញ្ហារវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និងរដ្ឋាភិបាលបារាំងសេសនៅកូសាំងស៊ីន មុននឹងសម្រេចលើអ្វីទាំងអស់។

លោកបន្តថា ព្រះបាទអង្គឌួង ក៏បានសរសេរចុចម្មាយ (លិខិត) មួយទៅរដ្ឋាភិបាលបារាំងសេស​រំលឹកសិទ្ធិ​ព្រះរាជា​ណាចកក្រកម្ពុជា ទៅលើទឹកដីកម្ពុជាក្រោម។ ក្រោយមកទៀត មានព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្តិ ព្រះបាទ​មុនី​ពង្ស ដែលនៅតែទទូចស្តីពីសិទ្ធិ និងកម្មសិទ្ធិនៃទឹកដីកម្ពុជាក្រោមដែរ។ លោកបន្តថាក្នុងឆ្នាំ១៩៦០ដល់ ឆ្នាំ​១៩៦៣ ព្រះបាទនរោត្តម សីហនុ ដែលទ្រង់គង់ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើការប្តឹងទាមទារ​ទឹកដី​កម្ពុជាក្រោម ពីអាណានិគមបារាំងសេសដែរ។

គ្រប់គ្រងកម្ពុជាក្រោម រួមគ្នា?

ក្នុងពិធីដែលបានប្រារព្ធធ្វើនៅវត្តសាមគ្គីរង្សី ជាមួយនឹងការចូលរួម ពីប្រជាពលរដ្ឋប្រមាណជាងប្រាំរយនាក់ និង​ព្រះសង្ឃជិត​២០០​អង្គ លោក ស៊ឺន ស៊ូប៊ែរ បានឲ្យដឹងទៀតថា កាលពីព្រះបររាជបីតាឯករាជ្យគង់នៅ ជាមួយនឹង​ព្រះវររាជមាតា និងព្រះមហាក្សត្រ​សីហមុនី បានទៅទស្សនៈកិច្ចនៅហាណូយជាផ្លូវការ និងបានសរសេរលិខិតមួយ ដែលមានន័យថា៖ «បើអាជ្ញាធរ​វៀតណាម ផ្តល់លទ្ធភាពស្មោះស្ម័គ្រពិតមែន ពិសេសដលព្រះវររាជបីតាជាតិខ្មែរ ដែលទ្រង់បានជួយ​ប្រទេស​វៀតណាម ក្នុងការតស៊ូរបស់ខ្លួនក្នុងសង្គ្រាមវៀតណាម ប្រឆាំងនិងអាមេរិកនោះមែន អាជ្ញាធរវៀតណាមគួរណាស់ យល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមសហការ កាន់កាប់ទឹកដីកម្ពុជា​ក្រោម​រួមគ្នា ក្នុងអាស៊ាន ដូចមាន​ឧទាហរណ៍មួយនៅអឺរ៉ុប។»

ដោយឡែកលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសមាគមន៍ខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងដូចគ្នានេះដែរ ការ​បាត់​បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះ ទាំងប្រជារាស្ត្រខ្មែម្ចាស់ទឹកដី ទាំងគ្រប់អង្គក្សត្រដែលគ្រងរាជ្យ តែងតែសើរើ និងលើក​ពីបញ្ហាទឹកដីខ្មែរកម្ពុជាក្រោមនេះគ្រប់ជំនាក់ និងគ្រប់កាលៈទេសៈ។ លោកបន្តថាពិសេស ព្រះមហាវីរក្សត្រ​ព្រះបាទ​សម្តេចព្រះនរោត្តមសី ហនុ ដែលទ្រង់បានថ្វាយនូវព្រះរាជសារចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៥ ដែលបាន​ឡាយ​ជា​អាទិ៍ថា៖ «ការកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យវៀតណាម នៅឆ្នាំ១៩៦៩នោះ ជាការខុសច្បាប់ និងអយុត្តិធម៌បំផុត។ យ៉ាងហោចណាស់ ក៏អាណានិគមបារាំងត្រូវប្រគល់ទឹកដីកម្ពុជាក្រោម៥០ភាគរយ មកឲ្យ ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។»

សម្តេច ស៊ីសុវត្តិ ពង្សនារី មុនីពង្ស ក្នុងពិធីគំរប់ខួប៦៥ ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម បានពាំនាំនូវការ​សួសុខទុក្ខ ចំពោះប្រជាពលរដ្ឋទូទៅ ពីអង្គព្រះមហាក្សត្រនរោត្តមមុនីនាថ សី ហមុនី និងព្រះមហាក្សត្រី​មុនីនាថ​សីហនុ។ ព្រះអង្គមានព្រះសុវណ្ណីបន្តថា ព្រះមហាក្សត្រនរោត្តមមុនីនាថ សី ហមុនី បានព្រះរាជទាននូវ​ប្រាក់​ចំនួន​១០០០ដុល្លា ដល់សមាគមន៍ខ្មែរកម្ពុជាក្រោមដើម្បីរៀបចំនូវពីធីបុណ្យនេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចរកប្រតិកម្មពីមន្រ្តីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានទេ ពីការ​អវត្តមាន​នៃការចូលរួមក្នុងពីធីគំរប់ខួប៦៥ ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងការលើកឡើងខាងលើ​បានទេ។ តែបើតាមការបញ្ជាក់​ដោយ​ឡែករបស់លោក ស៊ឺន ជុំជួន អ្នករៀបចំកម្មវិធីបុណ្យ បានលើកឡើងថា លោក​បានស្នើសុំតំណាង ពីខាងគណបក្ស​ប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលដែរ តែមិនឃើញមានវត្តមានចូលរួម និង​ក៏មិនមានការឆ្លើយតបដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...