រវាង​បណ្ឌិត និង​លោកគ្រូ​«ក្រៀវ​ជ្រូក... ជំនាញ​ខាង​ផែនទី»

ជំនាញក្រៀវជ្រូក មិនមែនជាជំនាញធម្មតា នរណាៗក៏ចេះ តែអាចយកជ្រូកមកក្រៀវនោះឡើយ។ ប៉ុន្តែលោក ម៉ុង ឫទ្ធី បាន​ប្រដូច​មនុស្ស​ចេះ​ក្រៀវ​ជ្រូក​ម្នាក់នោះ ថាកំពុងអួតអាង​«ចេះ​​ជំនាញ​ខាង​មើល​ផែនទី»។ ​ការ​លើក​ឡើងនេះ បាន​​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ ​ផ្នែក​ផែនទី លោក សុខ ទូច ឆេះដុំ និងយកខ្លួនមកដាក់។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 16, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេមិនដឹងថា លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ចង់សំដៅលើ​នរណា​ឡើយ។ ប៉ុន្តែការលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី នោះ ត្រូវបានមនុស្សភាគច្រើន ចាប់​អារម្មណ៍ និងគិតមមៃថា ជាការសំដៅទៅលើប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលកំពុងធ្វើការវិន្និច្ឆ័យ ទៅលើភាពស្រពិចស្រពិល នៃករណីផែនទីរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ដ៏ចម្រូងចម្រាស។ សម្រាប់លោក សុខ ទូច ខ្លួនឯង លោកបានយកខ្លួនមកដាក់ ហើយបានធ្វើការវាយប្រហារ ត្រឡប់ទៅ​លោក ម៉ុង ឫទ្ធី វិញ យ៉ាងចាស់ដៃ។

កាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅលើទំព័រហ្វេសប៊ុក «ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy» ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នោះ បានបង្ហោះនូវរូបភាព នៃការ​ចូលរួម​ពិនិត្យ​ផែនទី របស់លោក ជាមួយនឹងក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភា ប្រមាណជា៦-៧សន្លឹក។ អមនឹង​រូប​ភាពនោះ លោក ម៉ុង ឫទ្ធី បានសរសេរថា៖ «ខ្ញុំទើបតែដឹងថា សម័យទំនើបនេះ សូម្បីតែលោកគ្រូក្រៀវជ្រូក ក៏ចេះដឹងរឿងផែនទីនឹងគេដែរ។ ធ្វើមុខ ដូចចេះមែនទែន នឹកស្មានថាគេមិនដឹងអ៊ីចឹង។»

លោក ម៉ុង ឫទ្ធី បានសរសេរធ្ងន់ៗ ទៅឲ្យ«លោកគ្រូក្រៀវជ្រូក»នោះ ទៀតថា៖ «គួរតែឈប់ទៅ ខ្មាសគេ ទុក​ឲ្យអ្នកចេះពិតប្រាកដ គេធ្វើទៅ។ បើស្រឡាញ់ជាតិ និងប្រជាជនពិតមែន សូមធ្វើអ្វីៗ ទៅតាមជំនាញ​របស់​ខ្លួន​ទៅ។»

តែអ្វីដែលគេកាន់តែជឿជាក់ថា ការលើកឡើងរបស់លោក ម៉ុង ឫទ្ធី បានបាញ់សំដៅលោក សុខ ទូច គឺនៅ​ក្នុងផ្នែកបញ្ចេញយោបល់ ខាងក្រោមរូបភាពទាំង៦-៧សន្លឹកនោះ លោក ម៉ុង ឫទ្ធី បានសរសេរពន្យល់ថា នៅពេលកំពុងផ្ទៀងផ្ទាត់ផែនទី បន្ទាប់ពីមានអ្នក ចូលទៅបកស្រាយរឿងផែនទីនេះរួច បែរជា​«លោកគ្រូ​ក្រៀវ​ជ្រូក»ឯណេះវិញ ​បានបាត់មាត់ស្ងាត់ឈឹង អត់មានពាក្យអីនិយាយបន្ត។ ហើយម្យ៉ាងទៀត រាល់ការអះអាង របស់ប្រិយមិត្តច្រើនរយនាក់ ដែលបានចាត់ទុក​ការលើក​ឡើង​នេះ ជាការសំដៅទៅលើលោក សុខ ទូច នោះ មិនត្រូវបានសមាជិកព្រឹទ្ធសភា លោក ម៉ុង ឫទ្ធី ធ្វើការបដិសេធ ឬ​បកស្រាយមកវិញឡើយ។

នៅចំពោះហេតុការណ៍ ដ៏រំជើបរំជួល ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកយ៉ាងសន្ធឹក​សន្ធាប់នោះ លោក សុខ ទូច ដែលទំនងជាឆួលចុងច្រមុះ បានសរសេរ នៅលើគណនីហ្វេសប៊ុក​ផ្ទាល់របស់​លោក តបមកលោក ម៉ុង ឫទ្ធី វិញ។ ប្រធានអ្នកស្រាវជ្រាវ បានកែពាក្យ​«លោកគ្រូក្រៀវជ្រូក»​របស់លោក ម៉ុង ឫទ្ធី មកជាពាក្យ«បណ្ឌិតក្រៀវជ្រូក»​វិញ​ម្ដង។ លោក សុខ ទូច បានសរសេរថា៖ «សូមជម្រាបឯកឧត្តម ម៉ុង ឫទ្ធី ខ្ញុំមិនមែនបណ្ឌិតក្រៀវជ្រូកទេ។ ខ្ញុំបាន​ទៅ​រៀន នៅប្រទេសរ៉ូស្សីុ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៩ មាន​សញ្ញាប័ត្រ​​ត្រឹមត្រូវ។ តែបេីឯកឧត្តម ជាបណ្ឌិត​ក្រៀវ​ជ្រូក សូមកុំមកប្រដូចគេ ព្រេាះនេាះជារឿងរបស់​ឯកឧត្តម​ទេ។»។

មកដល់ម៉ោងនេះ ការឆ្លើយតបរបស់លោក សុខ ទូច ទទួលបានការចែករំលែក ច្រើនជាង១០០០ដង​ហើយ។ យ៉ាងហោចណាស់ ក៏ការលើកឡើង ពី«បណ្ឌិតក្រៀវជ្រូក»របស់លោក សុខ ទូច នេះ ក្លាយជាប្រតិកម្មមួយ ដែលទទួលបានផ្លែផ្កា យ៉ាងត្រចះ​ត្រចង់។ ព្រោះលោក ម៉ុង ឫទ្ធី បានលប់ការបង្ហោះលើកមុនចោល មុននឹង​សរសេរ​តប​មក​វិញ​ថា៖ «សុំកុំនិយាយ​បំផ្លើស! ការពិតខ្ញុំមិនមែនថាឲ្យបណ្ឌិត សុខ ទូច ទេ។ គាត់ គឺជាអ្នក​រៀន​សូត្រ ចេះ​ដឹង​ពិត​ប្រាកដ។»៕


» លោក សុខ ទូច សរសេរតបទៅលោក ម៉ុង ឬទ្ធី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...