វៀតណាមថា បញ្ហាព្រំដែនកើតឡើងដោយពួកជ្រុលនិយមកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 01, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងថ្ងៃទី៣០ ខែមិថុនាម្សិលម៉ិញនេះ ក្រសួងការបរទេសវៀតណាម បានចេញលិខិតថ្កោលទោសមួយ ចំពោះការប៉ះទង្គិចគ្នារ វាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា ខណៈប្រទេសមួយនេះ មិនបានឆ្លើយតប នូវកំណត់ទូតទាំង១២ របស់កម្ពុជានៅឡើយនោះ។
សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បញ្ជាក់ដូច្នេះថា «យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សា ដែលប្រព្រឹត្តដោយជនជ្រុលនិយមកម្ពុជា។ (…) ល្មើសច្បាប់ប្រទេសទាំងពីរ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសវៀតណាម និងកម្ពុជា។ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះបង្គោលព្រំដែន និងទំនាក់ទំនងដ៏ល្អ រវាងវៀតណាម និងកម្ពុជា។ (…) សូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវមានវិធានការទប់ស្កាត់ កុំឲ្យសកម្មភាពដដែលនេះ កើតឡើងជាថ្មីទៀត។»
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនានេះ បានបង្ហាញការសោកស្តាយ និងថ្កោលទោស ដល់ការប្រើអំពើហិង្សានោះថា កំពុងបង្កនូវភាពកាន់តែស្មុគស្មាញ និងមិនអាចដោះស្រាយបាន នៃចំណងព្រំដែនរបស់ប្រទេសទាំងពីរ។ លោកអះអាងថា ចង់បញ្ចប់បញ្ហានេះ លុះណាតែមានការចរចា រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ទៅតាមច្បាប់អន្តរជាតិ។ យ៉ាងណា លោកបង្ហាញការគាំទ្រ នូវស្មារតីស្នេហាជាតិ របស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ការពារព្រំដែន និងបូរណភាពទឹកដីនោះ តែសុំយកច្បាប់មកដោះសា្រយ។
តំណាងរាជរដ្ឋាភិបាល បាននឹងកំពុងស្វែងរក ដំណោះស្រាយលើបញ្ហានេះ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផានក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កន្លងមកបានលើកឡើងថា រដ្ឋាភិបាលនឹងស្វែងរកដើមហេតុដំបូង ដែលនាំឲ្យកើតនូវអំពើហិង្សានោះ។ យ៉ាងណា លោកថា បញ្ហានេះអាចបញ្ចប់ទៅបាន ត្រូវឆ្លងកាត់ការជួបគ្នា រវាងរដ្ឋាភិបាលទាំងពីរ ដោយអនុវត្តតាមច្បាប់។
ដោយឡែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ប្រទេសជិតខាងកម្ពុជា (វៀតណាម) មានឆន្ទះក្នុងការវាទទឹកដី។ លោកក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ពីបញ្ហាទឹកដីនេះ ដើម្បីការពារនូវការវាតទី ដោយគ្មានច្បាប់ទម្លាប់នោះ។ នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៩ ខែមិថុនា លោកបានបន្តថា ចង់ឲ្យខ្មែររួមគ្នា ដើម្បីជៀសវាងការម៉ាក់ងាយ ពីជនបរទេស។ លោកទំនងជាចង់បង្ហាញថា ហិង្សានោះ បង្កឡើងដោយភាគីវៀតណាម ព្រោះតែចង់ជំទាស់ មិនឲ្យមានការចូលមើលព្រំដែនខ្មែរ របស់ពលរដ្ឋកម្ពុជា៕