ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿងព្រំដែនថា «ធ្វើខុសពីនិយាយ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាការផ្ទៀងផ្ទាត់ផែនទី និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដូចជាត្រូវនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសបញ្ចប់ក៏ដោយ ប៉ុន្តែការឆ្លើយឆ្លងគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង នៅបន្តមាន មិនទាន់ដាច់អាល័យនៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវជំហរផ្ទាល់ខ្លួន ប្រាំយ៉ាង ក្រោយការវិលត្រឡប់ ដោយស្ងៀមស្ថាត់មកកម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលម៉ិញនេះនេះ។ ជំហរទាំងប្រាំនោះរួមមាន៖ ទីមួយ មិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយ។ ទីពីរ មិនឆ្លើយតប ទៅនឹងការចោទប្រកាន់ ពីបុគ្គលណា ឬគណបក្សនយោបាយណា។ ទីបី បង្ហាញការពិត ពីញ្ហាព្រំដែន និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដែលមិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរទេ តែជាជម្លោះទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ ទីបួន ខិតខំពង្រឹងឯកភាពជាតិ ដោយជៀសវាង កុំឲ្យខ្មែរចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពាន ដែលញុះញង់ឲ្យខ្មែរឈ្លោះគ្នា ដើម្បីលេបត្របាក់ទឹកដីកម្ពុជា។ និងទីប្រាំ ខិតខំស្វែងរកឯកសារ ជំនាញ និងគំនិតស្ថាបនា ដើម្បីជួយការពារ ទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យបានគង់វង្ស។
ប៉ុន្តែជំហរទាំងប្រាំ របស់លោក សម រង្ស៊ី ត្រូវបានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន លើកមកធ្វើការចំអក ដោយអះអាងថា ការលើកឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ គ្រាន់តែដើម្បីបោកប្រាស់ ប្រជាពលរដ្ឋប៉ុណ្ណោះ។ លោកបានបន្ថែមថា លោក សម រង្សី មិនដែលគោរពសំដី ឬកិច្ចសន្យារបស់ខ្លួនឡើយ បើសូម្បីតែកិច្ចព្រមព្រៀង បង្កើត«វប្បធម៌សន្ទរនា» ដែលលោក សម រង្សី ជាអ្នកចុះហត្ថលេខាដោយផ្ទាល់នោះ ក៏លោក សម រង្សី ហ៊ានរំលោភបំពានដែរ។ លោកបានចោទជាសំនួរថា៖ «តើឲ្យគេជឿ សម រង្សី ដូចម្ដេចទៅ បើមាត់និយាយផ្សេង ទង្វើធ្វើផ្សឹងនោះ?»
អ្នកនាំពាក្យបានធ្វើការ«ចំអក» ដោយហៅជំហរទាំងប្រាំ របស់លោក សម រង្ស៊ី ថាមាត់និយាយខុស ពីការគិត និងធ្វើ។ លោកបានលើកឡើងថា៖ «លោក សម រង្សី មិនដែលបង្ហាញការពិត ហើយមិនដែល ទទួលស្គាល់ការពិតម្ដងណាទេ។ ទោះផែនទី យកមកពីអង្គការសហប្រជាជាតិ និង ប្រទេសបារាំងក៏ដោយ។ ម្យ៉ាងវិញទៀត សម រង្សី មិនដែលទៅតវ៉ា ឬឈ្លោះជាមួយយួនទេ ផ្ទុយមកវិញ សម រង្សី និង គណបក្សសង្គ្រោះជាតិ បានបង្កអរិភាព និងឈ្លោះតែជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ឥតឈប់ឈរតែប៉ុណ្ណោះ។ (...) អត់មានបរទេសណា មកញុះញង់ទេ មានតែលោក សម រង្សី, កឹម សុខា និងបក្សសង្គ្រោះជាតិ នេះហើយ ដែលដើរញុះញង់ប្រជាជនគ្រប់ពេល គ្រប់ទីកន្លែង ។ (...) ទៅរកឯកសារឯណាទៀត បើផែនទីពីអង្គការសហប្រជាជាតិ និង ផែនទីពីប្រទេសបារាំង អាមេរិកាំង លោកសម រង្សី និង គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ផងនោះ។ ផ្ទុយទៅវិញលោក សម រង្សី នៅបន្តបំភ័ន្ធប្រជាពលរដ្ឋ អំពីបញ្ហាផែនទី ដោយទិញផែនទីពីផ្សារ យកមកធ្វើជាឯកសារបំភ័ន្ត។»
លោក ផៃ ស៊ីផាន បានបរិហាប្រធានគណបក្សសង្គ្រោះជាតិទៀតថា៖ «លោក សម រង្សី គ្មានគំនិតរិះគន់ដើម្បីស្ថាបនាទេ ផ្ទុយមកវិញ មានតែដើរញុះញង់ប្រជាពលរដ្ឋ អោយមានការយល់ខុស មកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។»៕