ជួង ជូងី៖ ច្បាប់ស្រុកខ្មែរ ប្រៀបបានជាកៅស៊ូយឺត (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការអនុវត្តច្បាប តាមបែប«ទាញកៅស៊ូ» នៃបុគ្គលអនុវត្តច្បាប់ ទាំងសាលាជម្រះក្តី ទាំងមន្រ្តីរដ្ឋាភិបាលកម្ពុជាទាំងអស់ ត្រូវបានលោកមេធាវី ជួង ជូងី មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ ធ្វើការពន្យល់ និងឲ្យនិយមន័យ លើបទល្មើសជាក់ស្តែងយ៉ាងខ្លីថា៖ «ដើម្បីកំណត់បទល្មើសជាក់ស្តែងបាន បទល្មើសនោះ ត្រូវដឹងពីកន្លែងប្រព្រឹត្តិ។ ក្នុងអង្គហេតុនេះ សមត្ងកិច្ចចោទប្រកាន់ថា ប្រព្រឹត្តិនៅរាជធានីភ្នំពេញ។ (...) តែមិនបានដឹងថា នៅកន្លែងណាមួយពិតប្រាកដឡើយ។ មានត្រាច្បាប់ បានចង្អុលច្បាស់លាស់ណាស់ថា ប្រព្រិត្តិនៅកន្លែងណាមួយ .... រកកន្លែងប្រព្រិត្តិ មិនបានច្បាស់លាស់។ អញ្ចឹងចំណាត់ការ តាំងពីដើមដល់ចប់ ខុសទាំងអស់។»
ថ្លែងទៅកាន់អ្នកសារព័ត៌មានច្រើននាក់ នៅមុខសាលាឧទ្ទរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ជួង ជូងី មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ នៅតែអះអាងថា កូនក្តីរបស់លោក ពុំមានទោសនោះឡើយ ដោយលោកអះអាងថា សកម្មភាព និងទង្វើកូនក្តីរបស់ខ្លួន ពុំមានច្បាប់ចែង។
លោកមេធាវី ជូង ជូងី បានធ្វើការបកស្រាយថា៖ «អត់មានមូលដ្ឋានច្បាប់ណាចែងថា អំពើនេះ (ស្រាវជ្រាវអ្វី ពីអ៊ីនធើណេត និងមកបង្ហោះ ក្នុងហ្វេសប៊ូក) ខុសច្បាប់ឡើយ។ (...) ច្បាប់មានមូលដ្ឋានរឹងមាំណាស់ ដរាបអំពើណា មិនមានជាន់លើច្បាប់ចែងទេ មិនអាចផ្តន្ទាទោស លើអ្នកប្រព្រឹត្តិនោះបានទេ។ (...) លុះណាតែមានច្បាប់ ពាក់ព័ន្ធនឹងការកំណត់ទោស នៃការបង្ហោះ តាមរយៈហ្វេសប៊ូកនេះ ចែងថាអំពើអញ្ចឹងខុស នោះទើបយើងអាចផ្អែក តាមច្បាប់ហ្នឹងមកដាក់ទោសគាត់។»
ជាមួយនឹងការចោទប្រកាន់ ដោយគ្មានច្បាប់ដាក់ទោស ការចាប់ខ្លួន និងការឃុំខ្លួន តាំងពីដំណាក់កាល នៃកងកម្លាំងចំរុះរបស់ជាតិ ឈានដល់ការសម្រេច របស់បុគ្គលចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមលោកជាមេធាវី បានមើលឃើញថា ទាំងនោះមិនមែនជាល្មើសជាក់ស្តែងឡើយ ហើយក៏មិនមានច្បាប់ណាមួយ ក្នុងការកំណត់ទោសនោះដែរ។ លោកស្នើឲ្យសាលាឧទ្ធណ៍ ធ្វើការសម្រេចដោះលែង និងលើកលែងការចោទប្រកាន់៕