រ៉ូស្ស៊ី តាំង​បង្ហាញ​គ្រាប់​បែក​នុយក្លេអ៊ែរ ដ៏​មហា​ប្រល័យ​មិន​ធ្លាប់​មាន

តើពិភពលោកកំពុងដើរត្រឡប់ ទៅរកសម័យកាល សង្គ្រាមត្រជាត់វិញឬ? រវាងមហាអំណាចទាំងពីរ រ៉ូស្ស៊ី និងអាមេរិក តើការប្រលងប្រណាំងផ្នែកសព្វាវុធ នឹងឈាងទៅដល់កម្រិតណា?
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 08, 2015
  • ប្រធានបទ: សព្វាវុធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បែក នុយក្លែអ៊ែរដែលមានកម្លាំង ខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក ត្រូវបានដាក់តាំងបង្ហាញ ជា​លើក​ទីមួយ នៅរដ្ឋធានី មូស្គូ (Moscou) កាលពីសប្ដាហ៍មុន។ មានឈ្មោះថា «ត្សារ ប៊ុមបា (Tsar Bomba - AH602)» គ្រាប់បែកដែលមានកម្លាំងខ្លាំង ស័ក្ដិសមនឹងឈ្មោះនេះ មានប្រវែងបណ្ដោយ៨ម៉ែត្រ និង​ទម្ងន់​២៥​តោន។

គ្រាប់បែកនេះ ធ្លាប់ត្រូវបានសាកល្បងម្ដងហើយ នៅឆ្នាំ១៩៦១ ដោយអាជ្ញាធរកុម្មុយនីសសូវៀត។ ប៉ុន្តែនៅ​ថ្ងៃនេះ បណ្ដាជនរ៉ូស្ស៊ីជាច្រើន បានបង្ហាញពីមោទនភាព និងខ្លះទៀត បានបង្ហាញនូវការព្រួយបារម្ភ លាយ​ឡំគ្នា។ អតីតអ្នកបើកបរយន្ដហោះ លោក នីកូឡៃ គ្រីឡូវ (Nikolaï Krylov) អាយុ៦២ឆ្នាំ ដែលបានចូល​ទៅ​ទស្សនា ការតាំងបង្ហាញគ្រាប់បែកនេះ បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «នៅពេលខ្ញុំចូលទៅជិតវា (គ្រាប់បែក) ខ្ញុំមានអារម្មណ៍មិនស្រួលសោះ ព្រោះខ្ញុំបានគិតទៅដល់មហន្តរាយ ដែលវាអាចបង្កឡើង»។

មន្ត្រីចូលនិវត្តន៍រ៉ូស្ស៊ីម្នាក់ទៀត អ្នកស្រី ហ្គាលីណា អ៊ីវ៉ាណូណា (Galina Ivanovna) អាយុ៧២ឆ្នាំ បានវាយ​តម្លៃ​ថា «ត្សារប៊ុមបា» ជាវត្ថុសម្បើមជ្រុល ដែលគេមិនគួរនឹងបង្កើតវាឡើងមកទេ សម្រាប់ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។ អ្នកស្រី អ៊ីវ៉ាណូវ៉ា ដែលបានធ្វើការ ផ្នែកនុយក្លេអ៊ែរស៊ីវិល អស់រយៈពេល៣៥ឆ្នាំ បានថ្លែងឡើង​ថា៖ «នៅ​សម័យ​កាល​នោះ គ្រាប់បែកនេះ បានដើរតួនាទីសំខាន់ណាស់។ ហើយក៏ដោយសារតែវាដែរ ទើប​យើង​មាន​ថ្ងៃនេះ។»។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦១ គ្រាប់បែក ដែលមានកម្លាំងផ្ទុះ ដល់ទៅ៥០មេហ្គាតោន (៥០ ០០០ ០០០ ០០០ គីឡូក្រាម) នេះ ត្រូវបានដាក់ឲ្យសាកល្បងបំផ្ទុះ បានសម្រេច នៅក្នុងតំបន់ «Novaïa Zemlia» នៃ​មហា​សមុទ្រទឹកកក អាកទិច ស្ថិតក្នុងទឹកដីរ៉ូស្ស៊ី។ ក្រុមវិស្វកម្មសូវៀត ដែលផលិតគ្រាប់បែកនេះ ស្ថិតនៅក្រោម​ការ​គ្រប់គ្រង របស់លោក អង់ដ្រេ សាខារ៉ូវ (Andreï Sakharov) ដែលបានក្លាយ ជាម្ចាស់ពានរង្វាន់ ណូបែល សន្ដិភាព នៅពេល​ក្រោយ​មក។

គម្រោងដ៏ធំ ក្នុងការផលិតគ្រាប់បែកនេះ ជាបញ្ជាផ្ទាល់ របស់អតីតមេដឹកនាំផ្ដាច់ការសូវៀត ស្តាលីន ដែលដាក់​ឲ្យ​មានប្រសិទ្ធភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៥ នៅក្រោយបន្តិច បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវ​បាន​​បញ្ចប់ ដើម្បីធ្វើយ៉ាងណា ឲ្យសហភាពសូវៀត មានកម្លាំងយោធាអាចប្រៀបផ្ទឹមគ្នា ជាមួយនឹងសហរដ្ឋ​អាមេរិក ដែល​មានគ្រាប់បែកអាតូមិច (ឬប៉ារ៉ាម៉ាណូ) រួចហើយនោះ។

លោក នីកូឡៃ គ្រីឡូវ បានថ្លែងអះអាងថា គ្រាប់បែក ត្សារប៊ុមបា ជាកក្តាបញ្ជៀស សង្គ្រាមលោកលើកទី៣ មិនឲ្យកើតឡើង។ ទាក់ទងនឹងសំនួរ សួរថាហេតុអ្វីតាំងបង្ហាញ អាវុធដ៏ព្រឺព្រួចបែបណ្នឹង នៅពេលនេះ? លោក នីកូឡៃ បានឆ្លើយអះអាងថា៖ «ករណីនេះ នឹងជួយធ្វើឲ្យរឿងរ៉ាវ ដែលក្ដៅៗទាំងឡាយ នៅក្នុងឆាកអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន ចុះត្រជាក់»៕


» ភាពយន្ដឯកសារជាភាសាអង់គ្លេស ទាក់ទងនឹងការបំផ្ទុះសាកល្បង នៃគ្រាប់បែកនេះ នៅឆ្នាំ១៩៦១៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...