វិបត្តិនៅអ៊ុយក្រែន៖ សង្គ្រាមលោកលើកទី៣ ហៀបនឹងផ្ទុះឡើង !
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២២ មីនា ២០១៤
- កែប្រែចុងក្រោយ: March 23, 2014
- ប្រធានបទ: វិបត្តិអ៊ុយក្រែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិបត្តិអ៊ុយក្រែន - លោក អ៊ីហ្គ័រ ស្មេកូ (Igor Smeshko) ធ្លាប់ជាមេបញ្ជាការនៃក្រុមចារកម្ម កាហ្សេប៊េ (KGB) និងជានាយកការិយាល័យស៊ើបការណ៍សម្ងាត់ របស់រដ្ឋអ៊ុយក្រែន (SBU) ក្នុងអំឡុងពេលដែលរដ្ឋនេះ បានស្ថិតនៅជាទឹកដីមួយផ្នែក របស់សហភាពសូវៀត។ នៅក្នុងតួនាទីនេះ លោក អ៊ីហ្គ័រ ស្គាល់សឹងតែទាំងអស់ ពីអាថ៌កំបាំងយោធារបស់ប្រទេសទាំងសងខាង។ នៅក្នុងកិច្ចសម្ភាសដោយផ្ទាល់មួយ បុរសចូលនិវត្តន៍រូបនេះ បានបញ្ចេញកំហឹងរបស់លោក ប្រឆាំងនឹងប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ដោយបានចោទមេដឹកនាំរ៉ូស្សីមាឌតូចតែខ្លាំងរូបនេះ ថា«បានបញ្ឆេះភ្លើង នៅទ្វីបអ៊ឺរ៉ុប ឲ្យចូលក្នុងសង្គ្រាមលោកលើកទី៣»។
ហួសពីខឹងលោក វ្លាឌីមៀ ពូទីន អតីតមន្ត្រីចារកម្មលោក អ៊ីហ្គ័រ ស្មេកូ ក៏បានសម្ដែងការខឹងសម្បារដ៏ខ្លាំងដូចគ្នាដែរ ដាក់រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ថាមិនបានធ្វើអ្វីទាំងអស់ដើម្បីបញ្ជៀសការកាត់ទឹកដី គ្រីមៀរ ដោយប្រទេសរ៉ូស្សី និងដើម្បីបង្ហាញទៅលោក ពូទីន ថា ប្រទេសអ៊ុយក្រែនមានសមត្ថភាពអាចការពារខ្លួនបាននោះ។
កាយវិការរបស់អតីតមន្ត្រីចារកម្មធ្វើឲ្យគេយល់ថា លោកនៅមិនទាន់ឃ្លាតនៅឡើយ ពីការណ៍សម្ងាត់ទាំងឡាយ ជាពិសេសទាក់ទងនឹងវិស័យកងទ័ព និងសន្តិសុខ នៃប្រទេសទាំងពីរ រ៉ូស្សី-អ៊ុយក្រែន។ លោកបានអះអាងថា ប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការតបតរប្រឆាំងនឹងប្រទេសរ៉ូស្សី ដោយសារកងទ័ពអ៊ុយក្រែនប្រមាណ ៧សែននាក់។ លោកបានបញ្ជាក់ថា លោកស្រឡាញ់ប្រជាជនរ៉ូស្សី តែ«មិនស្រឡាញ់មេដឹកនាំរបស់រ៉ូស្សី» របៀបដូចសព្វថ្ងៃនេះឡើយ។ លោកទទួលស្គាល់ថា៖ «កងទ័ពអ៊ុយក្រែនមិនបានធ្វើទំនើបកម្ម ជាយូរណាស់មកហើយ ដូច្នេះយើងមិនអាចវាយលុកត្រឡប់ ទៅលើទឹកដីរ៉ូស្សីវិញទេ។ តែយើងមានសមត្ថភាព ក្នុងការការពារដីមួយដុំរបស់ប្រទេសយើង។»
«មានគិញសម្ងាត់រ៉ូស្សីរាប់រយនាក់ នៅលើទឹកដីអ៊ុយក្រែន។ យើងដឹងយ៉ាងច្បាស់ថា ពួកគេជានរណា និងនៅឯណា ដោយសារតែថ្មីៗនេះ ពួកគេទើបនឹងបានលាក់ខ្លួនប៉ុណ្ណោះ។ បើយើងចាប់គិញសម្ងាត់ប៉ុន្មាននាក់នោះ វាគ្រប់គ្រាន់នឹងបង្ហាញទៅ វ្លាឌីមៀរ ពូទីន ថា អ៊ុយក្រែនមិនមែន"ខ្សោយ"ដូចអ្វីដែល ពូទីន គិតឡើយ។ រឿងសំខាន់មួយទៀត ដែល វ្លាឌីមៀ ពូទីន មិនបានយល់៖ ប្រទេសរ៉ូស្សី ជាខ្លាចាស់ដែលនៅតែខ្លាំង ដោយសារតែអាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែកងអន្តរាគមន៍របស់រ៉ូស្សី មិនទាន់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ចម្បាំងប្រឆាំងនឹងកងទ័ពតស៊ូរបស់យើងនោះទេ។ ចម្បាំងដែលធ្លាប់កើត នៅតំបន់កូកាស (Caucase) ជាអំណះអំណាងឲ្យឃើញស្រាប់ហើយ។ រ៉ូស្សី មិនពិបាកនឹងធ្វើសង្គ្រាម ប្រឆាំង ហ្សេអកហ្សី (Géorgie) ដ៏តូចនោះទេ។ តែប្រទេសអ៊ុយក្រែនវិញ មានប្រជាជនដល់ទៅជាង៤០លាននាក់ ហើយឪពុកម្ដាយជនជាតិរ៉ូស្សី នឹងមិនទុកឲ្យកូនចៅរបស់ខ្លួន ចេញទៅធ្វើសង្គ្រាមដែលគ្មានបុព្វហេតុត្រឹមត្រូវ ថែមទាំងត្រូវបង់ជីវិតយ៉ាងវេទនានោះឡើយ។»
លោក អ៊ីហ្គ័រ ស្មេកូ បានឡើងជានាយកក្រុមចារកម្មរបស់ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០០០។ ប៉ុន្តែប្រធានាធិតបី ដែលទើបនឹងត្រូវគេបណ្ដេញចេញពីតំណែង លោក វិចទ័រ អ៊ូចឆិនកូ (Viktor Iouchtchenko) បានបញ្ឈប់លោកពីនាយកក្រុមចារកម្មនេះ នៅឆ្នាំ២០០៦ ពោលគឺមួយឆ្នាំក្រោយ ពីការជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០០៥។ បើទោះជាលោកអស់តួនាទី នៅក្នុងរដ្ឋាភិបាលក៏ដោយ តែលោក ស្មេកូ មិនបានអស់ទឹកចិត្តស្រឡាញ់ជាតិ ទឹកដី និងប្រជាជនអ៊ុយក្រែននោះទេ។ ហើយក៏ជាហេតុផល ដែលធ្វើឲ្យលោកបានបង្កើត គណបក្សនយោបាយតូចមួយ ក្នុងនិន្នាការប្រឆាំងនឹង«អំពើពុករលួយ» ដែលជាដំបៅយ៉ាងធំ នៅក្នុងសង្គមអ៊ុយក្រែនកន្លងមក។
សម្រាប់ចំណាត់ការប្រឆាំង នឹងការឈ្លានពានរបស់ប្រទេសរ៉ូស្សី លោក ស្មេកូ បានរិះគន់យ៉ាងខ្លាំងក្លា ប្រឆាំងនឹងរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃ របស់ប្រទេសអ៊ុយក្រែន ដែលលោកគិតថា មិនបានធ្វើអ្វីសោះ ដើម្បីការពារទឹកដីប្រទេសរបស់ខ្លួន។ លោកបានរៀបរាប់ថា «ខ្ញុំមានមិត្តភ័ក្រជាច្រើន ដែលបានទូរស័ព្ទមកខ្ញុំ និយាយថា បើសិនជាពួកគេទទួលបញ្ជាឲ្យទប់ស្កាត់ ពួកគេនឹងដាក់ពង្រាយកម្លាំង ដើម្បីបញ្ជៀសកងកម្លាំងរ៉ូស្សី មិនឲ្យចូលមកកាត់យកទឹកដីគ្រីមៀដូច្នេះទេ ឬយ៉ាងហោចណាស់ដើម្បីការពារបន្ទាយទាហានរបស់យើង នៅទីនោះដែរ។ តែផ្ទុយទៅវិញ យើងបាត់បង់អ្វីទាំងអស់ ហើយទាហានរបស់យើងត្រូវបានបញ្ជា មិនឲ្យបាញ់ថែមទៀត។ ទាំងនេះ គឺដោយសារតែរដ្ឋាភិបាល មិនបានបញ្ជាឲ្យធ្វើសកម្មភាព។ យើងជាអ្នកបង្ហាញថា យើងខ្សោយ និងមិនច្បាស់លាស់។»
លោកថែមទាំងបានបរិហាខ្លាំងៗទៀតថា នៅពេលមានការគម្រាមរបស់ប្រទេសរ៉ូស្សីដំបូង នាវាចម្បាំងអ៊ុយក្រែន មិនគួរត្រូវចាកចេញយ៉ាងទាន់ហន់ ពីដែនទឹកសមុទ្ររបស់ប្រទេសអ៊ុយក្រែនយ៉ាងដូច្នេះទេ។ លោកបានថ្លែងទាំងក្ដៅក្រហាយថា «វាគ្រប់គ្រាន់ណាស់ទៅហើយ ដោយត្រឹមតែបញ្ជូននាវាចម្បាំងរបស់យើង ឆ្ពោះទៅកាន់ដែនទឹកសមុទ្រអន្តរជាតិប៉ុណ្ណោះ។ កងទ័ពរ៉ូស្សី មិនហានបាញ់នាវាយើងឡើយ ហើយយើងក៏អាចនៅត្រួតស្ថានការណ៍នាវារបស់យើងផ្សេងទៀត នៅគ្រីមៀនោះដែរ។ តែផ្ទុយទៅវិញ យើងជាអ្នកបង្ហាញថា យើងអន់ ហើយ វ្លាឌីមៀរ ពូទីន នឹងបានចិត្តកាន់តែខ្លាំង។»
«មុននេះ ពូទីន មិនហ៊ានធ្វើអញ្ចឹងទេ ព្រោះ ពូទីន ខ្លាចពួកម៉ៃដាន (Maïdan - ចលនាកម្លាំងមហាជនអ៊ុយក្រែន ស្និតនឹងបស្ចឹមលោក ដែលទើបនឹងផ្ដួលប្រធានាធិបតី វិចទ័រ អ៊ូចឆិនកូ ចេញពីអំណាច)។ ពូទីន ចង់បញ្ជៀសហេតុការណ៍របៀបនេះ នៅរ៉ូស្សី។ តែអ្វីដែលពូទីនធ្វើ នៅគ្រីមៀ នឹងបកត្រឡប់ទៅរក ពូទីន វិញ។ ពូទីន នឹងបាត់បង់អស់នូវអំណាច ដោយសារអ្វីដែលពូទីន បានធ្វើនៅគ្រីមៀ និងព្រោះទាំងអស់គ្នា បានយល់ក្នុងពេលនេះថា អត្ថន័យរួមរបស់ ពូទីន បានបាត់បង់អស់ទៅហើយ។»៕