រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរ៉ុស្ស៊ី លោក អាឡិចស៊ៃ អ៊ូលៀខាអ៊ៀវ (Alexeï Oulioukaïev) ត្រូវបានចាប់ខ្លួន ពីបទ​ជាប់​សង្ស័យ ក្នុង​អំពើ​ទទួលសំណូកមួយ ដែលមានទឹកប្រាក់ ប្រមាណជា២លានដុល្លារ ដើម្បីជាប្រយោជន៍ សម្រាប់​ទីផ្សារ​«ប្រេង» នៃ​ប្រទេស​រ៉ុស្ស៊ី។ នេះបើតាមការអះអាង របស់គណៈកម្មការស៊ីបអង្កេតរ៉ុស្ស៊ី នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»
ពីឆ្វេងទៅស្ដាំ៖ លោក វ្លាឌីមៀ ពូទីន និងលោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ ក្នុងវិមានក្រឹមឡាំង កាលពីខែកក្កដា ឆ្នាំ២០១៤។ (រូបថតវិមានក្រឹមឡាំង)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 16, 2016
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនុំរឿងពុករលួយដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី កំពុងត្រូវបាន​គាស់​កកាយ ធ្វើឲ្យរញ្ជួលអស់ទាំងផ្ទៃប្រទេស។

គណៈកម្មការស៊ើបអង្កេត របស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសរ៉ុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ថាលោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ (Alexeï Oulioukaïev) រដ្ឋមន្ត្រីក្នុងតំណែង នៃក្រសួងសេដ្ឋកិច្ចរ៉ុស្ស៊ី ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្នុងបទជាប់សង្ស័យ ទទួលសំណូកកាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ប្រមាណជា ២លាន​ដុល្លារ​អាមេរិក ទាក់ទងនឹងប្រយោជន៍​ទីផ្សារប្រេងដ៏ធំ របស់ប្រទេសមហាអំណាចមួយនេះ ដែល​លោក​រដ្ឋមន្ត្រី​ទំនង​ជា បាន​យល់ព្រម ប្រគល់ទៅឲ្យក្រុមហ៊ុនប្រេងឥន្ទនៈ ចម្រុះរដ្ឋ-ឯកជន (Rosneft) ដ៏​ធំ​មួយ ឈ្មោះ «Bachneft»។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការស៊ើបអង្កេត បានបញ្ជាក់ថា ការឃាត់ខ្លួននោះ ត្រូវបានដឹកនាំធ្វើ ដោយនាយកដ្ឋានសន្តិសុខសហព័ន្ធ ដែលហៅកាត់ថា «FSB»។ ប្រសិនជាលោក អ៊ូលៀខាអ៊ីវ ត្រូវបាន​រក​ឃើញ​ថា មានជាប់ពាក់ព័ន្ធនឹងទង្វើនេះមែន លោកអាចនឹងត្រូវជាប់ពន្ធនាគារ ពី៨ទៅដល់១៥ឆ្នាំ។

អ្នកស្រី «Svetlana Petrenko» អ្នកនាំពាក្យ របស់គណៈកម្មការស៊ើបអង្កេត បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន «RIA Novosti» ថា៖ «លោក អ៊ូលៀខាអ៊ីវ ត្រូវបានចាប់ខ្លួន ក្នុងខណៈលោកបានប្រព្រឹត្តិ ទង្វើដោយផ្ទាល់ (បទ​ល្មើសជាក់ស្ដែង) គឺនៅពេលលោក កំពុងទទួលសំណូកនេះ»។ អ្នកស្រី បានបន្តទៀតថា៖ «វាជា​ការជំរិត​​មួយ ដើម្បី​ទទួលបាន​សំណូកនេះ ពីតំណាងរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ ដោយមានទាំងការគម្រាម​នោះ​ផង»។

សម្រាប់លោក «Dmitri Peskov» អ្នកនាំពាក្យរដ្ឋាភិបាលរ៉ុស្ស៊ីវិញ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន «Interfax» ជុំវិញការឃាត់ខ្លួននេះថា វាជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ក្រោមសាក្សី និងភស្ដុតាង​ដ៏​ច្បាស់​លាស់​មួយ។ លោកបានបញ្ជាក់ថា៖ «តែទោះ​ជានៅក្នុង​ករណី​ណាក៏ដោយ មានតែ​តុលាការ​មួយ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច ក្នុងរឿងនេះបាន»។

នៅចំពោះសំនួរ របស់អ្នកសារព័ត៌មាន ចង់ដឹងថា តើលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានដឹង​ ពី​ការ​ចាប់ខ្លួន​ រដ្ឋមន្ត្រី​​របស់​លោក​ឬទេនោះ អ្នកនាំពាក្យដដែលបានថ្លែងឡើងថា៖ «ការចាប់ខ្លួនខ្លួន ធ្វើ​ឡើង​នៅ​ពេល​យប់ (ថ្ងៃចន្ទចូលមកថ្ងៃអង្គារ)។ ដូច្នេះ ខ្ញុំមិនដឹងថា តើលោកប្រធានាធិបតីត្រូវបានជូនដំណឹង ឬ​យ៉ាង​ណា​ទេ។»។

ដំណឹងចុងក្រោយ ដែលបានឲ្យដឹងនៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា លោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ ត្រូវបាន​ដក​ចេញ​ពីតំណែង ដោយលោកប្រធានាធិបតី ពូទីន ជាស្ថាពរហើយ បន្ទាប់ពីលោក​ត្រូវបានចោទប្រកាន់ ពីបទ​«ជំរិត ដើម្បីបានសំណូក»។ មេធាវីរបស់លោក អ៊ូលៀខាអ៊ីវ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កូន​ក្ដី​របស់​លោក​មិនមានទោសពៃ ឬជាប់ពាក់ព័ន្ធអ្វីឡើយ ខណៈឯការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង គ្រាន់ជា​ការ​«បង្ក​រឿង»​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...