កូនៗបង្កើេតរបស់ ត្រាំ ត្រូវបានហាមឃាត់ក្នុងរដ្ឋាភិបាលឪពុក
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 17, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក រូឌី ហ្គាយលៀនី (Rudy Giuliani) អតីតអភិបាលក្រុង ញ៉ូយក និងជាទីប្រឹក្សាម្នាក់ ពីក្នុងចំណោមទីប្រឹក្សា ដ៏ជិតដិត របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកទើបនឹងជាប់ឆ្នោត បានថ្លែងបញ្ជាក់នៅចុងសប្ដាហ៍មុនថា កូនបង្កើតទាំងប្រុសស្រី របស់លោក ត្រាំ នឹងមិនចូលធ្វើជាសមាជិក នៅក្នុងរដ្ឋាភិបាលរបស់ឪពុកខ្លួននោះឡើយ។ លោក រូឌី បានផ្ដល់ជាយោបល់ថា ពួកគេគប្បីចូលទៅគ្រប់គ្រង បណ្ដាមុខជំនួញដ៏ច្រើនពោរពាស របស់ឪពុករបស់ពួកគេ។
កូនៗទាំងបួននាក់របស់លោក ដូណាល់ ត្រាំ មានអ្នកស្រី អាយវ៉ានកា (Ivanka) កញ្ញា ទីហ្វានី (Tiffany) លោក អេរិក (Eric) និងលោក ដូណាល់ ចន ត្រាំ (Donald Jonh Trump)។ លោកអតីតអភិបាល បានថ្លែងប្រាប់បណ្ដាទូរទស្សន៍អាមេរិក «CNN» ថា ពួកគេមិនអាចចូល ធ្វើជាសមាជិករដ្ឋាភិបាលបាន ដោយសារតែគោលការណ៍របស់រដ្ឋាភិបាល មិនត្រូវឲ្យមានសាច់សារលោហិត ចូលធ្វើការ ឬពាក់ព័ន្ធជាមួយនោះទេ។
យ៉ាងណា ក៏កូនបង្កើតចំនួនបីនាក់ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺអ្នកស្រី អាយវ៉ានកា លោក អេរិក និងលោក ដូណាល់ ចន កំពុងនៅជាសមាជិក នៃក្រុមការងារផ្ទេរតំណែង ដែលមានតួនាទី ក្នុងការរៀបចំ នូវរដ្ឋបាលថ្មី របស់ឪពុកពួកគេនៅឡើយ។ បន្ថែមពីលើនេះ ស្វាមីរបស់អ្នកស្រី អាយវ៉ានកា គឺលោក ចារ៉េដ គូស្នើរ (Jared Kushner) ក៏មានវត្តមាន នៅក្នុងក្រុមការងារនេះដែរ។
បញ្ជៀសជម្លោះផលប្រយោជន៍...
លោកទីប្រឹក្សា រូឌី បានបន្តអះអាងទៀតថា៖ «យើងត្រូវធ្វើរឿងខ្លះ ដែលមានលក្ខណៈងាយស្រួល រឿងខ្លះដែលត្រឹមត្រូវ។ រឿងខ្លះទាំងនោះ ដែលបង្ហាញទៅពលរដ្ឋអាមេរិក ថាប្រធានាធិបតី ត្រាំ មិនមានជាប់ពាក់ព័ន្ធ នៅក្នុងផលប្រយោជន៍ នៃមុខជំនួញ ដែលពេលនេះ គ្រប់គ្រងដោយកូនៗរបស់ខ្លួននោះទេ។»។
ចង់មិនចង់ ការបារម្ភនៅតែកើតមានឡើង ថាប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីមួយរូបផងនេះ នឹងច្បាស់ជារងការពាក់ព័ន្ធ ទោះមិនច្រើន ក៏មានការពាក់ព័ន្ធតិចតួចដែរ នៅក្នុងបញ្ហាផលប្រយោជន៍ នៃមុខជំនួញរបស់លោក ដែលលោកបានគ្រប់គ្រង អស់ជាច្រើនឆ្នាំមកហើយ។ លោក ត្រាំ មានទ្រព្យសម្បត្តិដ៏មហាសាល ដែលរាប់បញ្ចូល នូវសណ្ឋាគារ សំណង់អាគារប្រណិតៗជាច្រើន និងមុខរបរផ្សេងទៀត ដែលមានដាក់ឈ្មោះ «Trump»។ ទ្រព្យសម្បត្តិទាំងនេះ នៅមិនទាន់រាប់ ពីមុខជំនួញផ្សេងទៀត ដែលលោកបានគ្រប់គ្រង នៅឯបរទេសនោះផងទេ៕