ត្រាំ បង្ហាញ​​​ពី​​«អាទិភាព​នយោបាយ​»​​ និង​ប្រកាស​មិន​យក​បៀវត្សន៍

ប្រធានាធិបតីអាមេរិក ទើបនឹងជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញ​ នូវ​«អាទិភាព​នយោបាយ»​របស់​លោក នៅក្នុងការផ្ដល់កិច្ចសម្ភាសដ៏ធំមួយ ជា​លើក​ដំបូង​ តាម​កញ្ចក់​ទូរទស្សន៍ បន្ទាប់​ពីលោក​បានឈ្នះឆ្នោត កាលពីដើមសប្ដាហ៍មុន។ ការ​បង្ហាញ​ពី​«អាទិភាព​នយោបាយ»នេះ បានធ្វើឡើង ក្នុង​ខណៈ​ពេល​​​ដែល​​​បាតុកម្ម​​ប្រឆាំង​​រូប​លោក ចេះតែមានចំនួនកើនឡើង សឹងតែនៅគ្រប់​ក្រុងធំៗ​ទាំងអស់ នៅ​សហរដ្ឋ​អាមេរិក។
ត្រាំ បង្ហាញ​​​ពី​​«អាទិភាព​នយោបាយ​»​​ និង​ប្រកាស​មិន​យក​បៀវត្សន៍
លោក ដូណាល់ ត្រាំ ចុះហត្ថលេខា ឲ្យអ្នកគាំទ្ររបស់លោក។ (រូបថត Reuters)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 15, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីពន្យល់ពីអ្វី ដែលលោកត្រូវធ្វើជាអាទិភាព បន្ទាប់ពីលោកបានចូលស្បថ ឡើងកាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិកនោះ លោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹង​ជាប់​ឆ្នោត​ថ្មី​ថ្មោង បាន​ជ្រើសរើស​កម្មវិធី «៦០នាទី» របស់ស្ថានីយទូរទស្សន៍ «CBS» អាមេរិក ដើម្បី​ផ្ដល់​កិច្ច​សម្ភាស​ដំបូង​របស់លោក ក្នុង​ការ​បញ្ចាំង​ផ្សាយ តាមកញ្ចក់ទូរទស្សន៍ ជាសាធារណៈ។

ផ្ទុយពីការសន្យា ដែលលោកបានធ្វើ នៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បាន​ប្ដូរជំហររបស់លោក នៅក្នុង«អាទិភាពនយោបាយ»របស់លោក នៅពេលនេះ ដូចជា គម្រោង​ថែរក្សា​សុខភាព​សាធារណៈ «Obamacare» របស់​ប្រធានាធិបតី​ផុត​តំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​មិន​ចាត់​ចំណាត់ការ នៅក្នុងពេលភ្លាមៗនេះ ប្រឆាំង​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារី​គូ​ប្រជែង មកពី​គណបក្ស​ប្រជាធិបតេយ្យ​ទេ។

ច្បាប់ទាក់ទងនឹង «Obamacare» នឹងត្រូវធ្វើវិសោធនកម្ម ឲ្យ«ល្អស្អាត» ខណៈគម្រោង​ស៊ើប​អង្កេត​លើ​​អ្នកស្រី គ្លីនតុន ទាក់ទងនឹង​ការ​ប្រើប្រាស់​ទូរសា​អេឡិចត្រូនិក​ឯកជន ត្រូវ​បាន​លោក ត្រាំ ថ្លែង​អះអាងថា៖ «វាមិន​មែន​ជា​បញ្ហា នៅក្នុងអាទិភាពនយោបាយ ដែលខ្ញុំ​បាន​​គិតគូរ​​យ៉ាង​ច្រើន​នោះ​ឡើយ»។

ប្រធានាធិបតីជាប់ឆ្នោតថ្មី បានបញ្ជាក់បន្តថា លោកនឹងបន្តប្រើប្រាស់បណ្ដាញសង្គម ដែល​បាន​ជួយ​លោក​ឲ្យ​ឈ្នះ​ឆ្នោត ក្លាយជា​ប្រធាធាធិបតី​អាមេរិក។ លោកថា ការបន្តប្រើប្រាស់នេះ គឺ​ដើម្បី​ធ្វើការ​ជូនដំណឹង ទៅ​ដល់​ប្រិយមិត្ត​របស់​លោកតទៅទៀត ប៉ុន្តែវានឹង​មាន​​លក្ខណៈ​«នឹងធឹង»​ជាង​មុន។

នៅក្នុងកិច្ចសម្ភាសដដែល មហាសេដ្ឋី ត្រាំ បានបន្តពន្យល់ថា លោក​នឹងគ្រោង​បណ្តេញ​ ជន​អន្តោប្រវេសន៍​ខុសច្បាប់ ប្រមាណ​ជា​បីលាន​នាក់ ឲ្យចេញពីទឹកដីអាមេរិក។ ប៉ុន្តែលោក​ប្រធានាធិបតី​ជាប់ឆ្នោត ហាក់​បាន​សំចៃ​មាត់​មក​វិញ ដោយរៀបរាប់សង្កត់ធ្ងន់ ទៅ​លើ​តែ​ជន​​អន្តោ​ប្រវេសន៍ណា ដែលជាឧក្រិដ្ឋជនប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា៖ «​គឺ​ចាប់​បណ្តេញ​បណ្តា​ជន ដែល​ជា​ឧក្រិដ្ឋជន​ ជាប់​ពាក់​ព័ន្ធ​​នឹង​​ការ​កាត់​ទោស​ របស់​តុលាការ ដែល​ពួក​គេ ​ស្ថិត​ក្នុង​ក្រុម​ជនខិលខូច​ទាំងឡាយ និង​​ជា​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន។ ពួក​នេះ មានចំនួន​យ៉ាងតិច​២​លាន​នាក់ និងអាច​ដល់​៣​លាន​​នាក់ ហើយ​យើងនឹង​បញ្ជូន​ពួក​គេ​ ទៅ​ប្រទេស​ដើម​វិញ ឬ​ចាប់​ដាក់ពន្ធនាគារ។»។

បន្ថែមពីលើនេះ ប្រធានាធិបតីជាប់ឆ្នោតថ្មី បានប្រកាសមិនយកប្រាក់ខែ សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លើកទី៤៥ ដែល​មាន​ប្រមាណជា ៤០០.០០០ដុល្លារ ក្នុងមួយឆ្នាំ​នោះ​ទេ។ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងកាត់ផ្ដាច់ចោល នូវរាល់កិច្ចការ​ធ្វើ​ជំនួញ​របស់លោក ដោយ​ទុក​កិច្ចការទាំងនោះ ទៅឲ្យកូនៗ​របស់​លោក ជាអ្នកទទួលបន្ទុកបន្ត។ មហាសេដ្ឋី​-ប្រធានាធិបតី បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំចង់ប្រើពេលវេលា​របស់​ខ្ញុំ ទៅលើតែតួនាទី ជាប្រធានាធិបតី​ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណា ឱ្យសហរដ្ឋអាមេរិក ត្រឡប់មក​រក​ភាព​អស្ចារ្យ សា​ជា​ថ្មី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...