ហ្វេសប៊ុកកំទេចគណនី និងទំព័ររាប់រយ ដែលបង្កើតចេញពីរ៉ូស្ស៊ី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨
- កែប្រែចុងក្រោយ: April 04, 2018
- ប្រធានបទ: បណ្ដាញសង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថៅកែហ្វេសប៊ុក លោក ម៉ាក ហ្សូឃ័រប៊ែរ (Mark Zuckerberg) បានប្រកាសនៅថ្ងៃអង្គារនេះថា បណ្ដាញសង្គមយក្សរបស់លោក នឹងបិទគណនីក្លែងក្លាយរាប់រយ (ឈានដល់រាប់ពាន់) ដែលបង្កើតចេញ ពីប្រទេសរ៉ូស្ស៊ី និងទំព័ររាប់រយទៀត ដែលបង្កើតឡើង ដោយអង្គការចាត់តាំងមួយ ដែលមានលក្ខណៈ និងមានជំនាញ ខាងការចំអកឌឺដង (Troll)។ សកម្មភាពរបស់គណនី និងទំព័រទាំងនោះ មានគោលបំណងតែមួយគត់ គឺបង្កើតភាពឃ្លីងឃ្លោង ដែលជះឥទ្ធិពល ទៅដល់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
ម្ចាស់ហ្វេសប៊ុកបានបញ្ជាក់ទៀតថា អត្ថបទ និងទំព័រជាច្រើនសិប ដែលរងការកំទេចចោលនោះ ជាកម្មសិទ្ធរបស់ទីភ្នាក់ងារមួយ ឈ្មោះ «Federal News Agency (FAN)» ដែលមានទីតាំង ក្នុងប្រទេសរ៉ូស្ស៊ី និងមានការទាក់ទង ជាលក្ខណៈបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងទីភ្នាក់ងារមួយទៀត ឈ្មោះ «Internet Research Agency» ដែលមានទីតាំង នៅក្រុង «Saint-Pétersbourg» ប្រទេសរ៉ូស្ស៊ី។
ថៅកែបណ្ដាញសង្គម របស់អាមេរិក ដែលធំជាងគេ នៅលើពិភពលោក បានឲ្យដឹងបន្តថា៖ «ទីភ្នាក់ងារ "FAN" បានធ្វើសកម្មភាព ដដែលៗ ដើម្បីបោកប្រាស់ និងបន្លំ មនុស្សម្នា នៅជុំវិញពិភពលោក ហើយយើងមិនចង់ឃើញវត្តមាន របស់ទីភ្នាក់ងារនេះ នៅលើហ្វសប៊ុក បន្តទៀតឡើយ»។
លោក ម៉ាក់ ហ្សូឃ័រប៊ែរ បានអះអាងថា៖ «រាល់ចំណុចទាំងឡាយ ដែលយើងទទួលបាន បង្ហាញយ៉ាងច្បាស់ថា បណ្ដាញមួយនេះ ត្រូវបានគ្រប់គ្រង និងបញ្ជាដោយ "Internet Research Agency"»។
អគ្គនាយកហ្វេសប៊ុក កំពុងស្ថិតក្រោមសម្ពាធ យ៉ាងខ្លាំងក្លា រាប់ចាប់តាំង ពីការរកឃើញថា ទិន្នន័យឯកជន របស់អ្នកប្រើប្រាស់ខ្លួន ប្រមាណជា៥០លានគណនី ហើយត្រូវបានលួច យកទៅប្រើប្រាស់ ដើម្បីវិភាគ និងផ្ដល់ការពិគ្រោះ ដោយសហគ្រាសមួយឈ្មោះ «Cambridge Analytica»។ សហគ្រាសនេះ ជាដៃគូដ៏សំខាន់មួយ ជាមួយនឹងយុទ្ធនាការ រកសម្លេងឆ្នោត របស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ (Donald Trump)៕