បោះឆ្នោតសកលនៅអ៊ីតាលី(IT)៖ លទ្ធផល ដែលឈានទៅគ្មានរដ្ឋាភិបាល?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសអ៊ីតាលីកំពុងស្ថិត ក្នុងស្ថានភាពនយោបាយមួយ យ៉ាងពិបាក បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤កុម្ភះ កន្លងមក។ លទ្ធផលជាបណ្ដោះអាសន្ន បង្ហាញពីជ័យជំនះនៃពួកឆ្វេងនិយមនៅក្នុងរដ្ឋសភា តែមិនឈ្នះមិនចាញ់ នៅឯព្រឹទ្ធសភា ហើយបានបង្កអោយមានឧបសគ្គ សម្រាប់ការបង្កើតរដ្ឋាភិបាលមួយឡើង។
សន្លឹកឆ្នោត នៅពេលបោះឆ្នោត កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអ៊ីតាលី។
បន្ទាប់ពីរស់នៅក្នុងភាពត្បិតត្បៀត អស់រយះពេលមួយឆ្នាំ ក្រោមរដ្ឋាភិបាលលោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) នោះមក ប្រជាជនអ៊ីតាលីបានជ្រើសរើស តាមរយះការបោះឆ្នោតនេះ នូវនយោបាយ«ប្រឆាំងអ៊ឺរ៉ុប» នៃអតីតនាយករដ្ឋមន្ត្រី លោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និងអតីតអ្នកកំប្លែង លោក បេពេ គ្រីលឡូ (Beppe Grillo)។ សូមមើលលទ្ធផល នៃការបោះឆ្នោតពីថ្ងៃអាទិត្យនេះ ដូចខាងក្រោម ៖
- លទ្ធផលនៃចំនួនកៅអី នៅរដ្ឋសភា
- លទ្ធផលនៃចំនួនកៅអី នៅព្រឹទ្ធសភា
បន្ទាប់ពីបានរាប់សន្លឹកឆ្នោត ដែលជិតបានបញ្ចប់ជាស្ថារពរនោះ អ្នកនយោបាយកណ្ដាលនិយមឆ្វេង លោក ពីយ៉េ ល្វីជី ប៊េសានី (Pier Luigi Bersani) បានរកបាល ១២៥ពាន់សម្លេង នាំមុខអ្នកនយោបាយកណ្ដាលនិយមស្ដាំ លោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី នៅក្នុងរដ្ឋសភា។ ចលនានយោបាយកណ្ដាលនិយមឆ្វេងនេះ ក៏បាននាំមុខនៅព្រឹទ្ធសភាដែរ តែមិនមានសម្លេងភាគច្រើនទេ។
នៅក្នុងស្ថានភាពបែបនេះ ក្រុមលោកពីយ៉េ ល្វីជី ប៊េសានី នឹងត្រូវហុចដៃទៅរក ចលនាផ្កាយប្រាំ របស់លោកបេពេ គ្រីលឡូ ឬចលនាកណ្ដាលនិយមស្ដាំរបស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ដើម្បីអាចបង្កើតរដ្ឋាភិបាល «កែទម្រង់»មួយឡើង។ ប៉ុន្តែជាចំណាត់ការមួយ ដែលមិនអាចទៅរួច ដោយហេតុពីចលនានយោបាយ មានភាពផ្ទុយស្រឡះពីគ្នាទាំងស្រុង។ នៅក្នុងលក្ខខ័ណ្ឌ ដែលគ្មានការព្រមព្រៀងណាមួយ កើតឡើងនោះ ការបោះឆ្នោតឡើងវិញ នឹងត្រូវរៀបចំម្ដងទៀត ក្នុងពេលខាងមុខ។
លទ្ធផលនៃបោះឆ្នោតនេះ បានបង្ហាញយ៉ាងច្បាស់ ពីការត្រឡប់មកវិញ នៃលោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី ដែលកាលពីចុងឆ្នាំ២០១១ ក្រុមអ្នកប្រឆាំងលោក បានពង្រាបលោកដល់ដីម្ដងហើយនោះ។
គួរអោយចាប់អារម្មណ៍ដូចគ្នា ដែលប្រជាជនអ៊ីតាលីម្ចាស់ឆ្នោត បានដាក់ពិន័យយ៉ាងចាស់ដៃ ទៅរដ្ឋាភិបាលផុតតំណែង របស់លោក ម៉ារីយ៉ូ ម៉ុងទី ។ អតីតស្នងការអ៊ឺរ៉ុបរូបនេះ មិនត្រឹមតែចាញ់ឆ្នោតធម្មតាទេ តែចាញ់នៅក្រោយឆ្ងាយ បន្ទាប់ពីលោក បេពេ គ្រីលឡូ ដែលជាអតីតអ្នកសំដែងកំប្លែង តែមានប្រជាប្រិយយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនអ៊ីតាលី។ លោកគ្រីលឡូ បានធ្វើការឃោសនាបោះឆ្នោត ដោយសង្កត់ធ្ងន់តែពីការិះគន់ លើអតីតនាយករដ្ឋមន្ត្រី ម៉ុងទី ដែលស្និតជ្រុលពេកនឹងអ៊ឺរ៉ុប និងលើពួកអ្នកនយោបាយដែលពុករលួយ។
លទ្ធផលនៃការបោះឆ្នោត នៅប្រទេសអ៊ីតាលី បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ពិភពលោក ជាពិសេសបណ្ដាប្រទេសនៅអ៊ឺរ៉ុប។ ទីក្រុងប៉ារីស តាមរយះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោក ពីជ្យ៉ែ ម៉ូស្កូវីស៊ី (Pierre Moscovici) បានអំពាវនាវអោយប្រទេសអ៊ីតាលី បង្កើតនូវរដ្ឋាភិបាល«ដ៏មានលំនឹង»មួយ។ លោកបានថ្លែងថា លទ្ធផលនៃការបោះឆ្នោត ដែល«ពិបាកក្នុងការវិន្និឆ្ឆ័យ»នេះ បានធ្វើអោយមាន «ភាពពិបាក»មួយយ៉ាងពិតប្រាកដ តែមិនបានរារាំងអោយតំបន់ចាយលុយ«អ៊ឺរ៉ូ» បោះជំហានទៅមុខទេ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ