ផ្ទុះពោងហោះនៅអេហ្សីប៖ ទេសចរណ៍១៩នាក់ស្លាប់
ទេសចរណ៍១៩នាក់ មកពីទ្វីបអាស៊ី និងមួយចំនួនពីទ្វីបអ៊ឺរ៉ុបផង បានស្លាប់នៅក្នុងព្រឹត្តិការណ៍ ផ្ទុះពោងហោះមួយ នាទីក្រុង លូស៊័រ (Louxor) ផ្នែកត្បូងប្រទេសអេហ្សីប កាលពីថ្ងៃអង្គារទី២៦កុម្ភះនេះ។
ពោងហោះ ហោះពីលើទីក្រុងលូស៊័រ ផ្នែកត្បូងប្រទេសអេហ្សីប។
ពោងហោះបានចាប់ផ្ដើមហើបជើងពីដី នៅព្រឹកទៀបភ្លឺ ជាមួយនឹងមនុស្ស២១នាក់ជិះនៅក្នុងនោះ។ ម៉ោងប្រមាណជា ០៧ម៉០០ ម៉ោងនៅក្នុងស្រុក អ្នកនៅទីក្រុងលូស៊័រ បានលឺសូរសម្លេងផ្ទុះមួយ យ៉ាងកក្រើក ដែលបន្ទាប់ពីនោះ គេដឹងថា ពោងហោះនេះកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ នៅកំពស់ប្រមាណជា៣០០ម៉ែត្រពីដី។
គ្រោះថ្នាក់បានកើតឡើង នៅផ្នែកខាងលិចទន្លេនីល (Nil) ដែលសម្បូរទៅដោយ តំបន់កំណាយបូរាណវត្ថុ ឬទីក្រុងជំនាន់ដើមជាច្រើន ដូចជាប្រាសាទផារ៉ាអុង និងផ្នូររាជវង្សបូរាណ នៃប្រទេសអេហ្សីបនោះជាដើម។
ការស៊ើបអង្កេតបានបើកធ្វើ
នគរបាលបានជម្រះចំការអំពៅផ្អែម ទីកន្លែងដែលពោងហោះ ឆេះធ្លាក់ពីលើ ដើម្បីចូលទៅសង្គ្រោះ ប្រមែប្រមូលសាកសព និងពិនិត្យលើកម្ទេចកម្ទី បំណែងនៃពោង។ នាយករដ្ឋមន្ត្រីរបស់ប្រទេសអេហ្សីប លោក ហីឆាម កង់ឌីល (Hicham Qandil) បានប្រកាសអោយបើក ការស៊ើបអង្កេតមួយជាបន្ទាន់ ទៅលើហេតុការណ៍នេះ។
តាមប្រភពពីផ្នែកសន្តិសុខអេហ្សីប អោយដឹងថា ទេសចរណ៍នៅលើពោងហោះ ចំនួន១៩នាក់បានស្លាប់ ក្នុងនោះមានជនជាតិបរទេសមកពីជប៉ុន ហុងកុង អង់គ្លេស បារាំង និងហុងគ្រី។ ជនរងគ្រោះបារាំងពីរនាក់ ត្រូវបានក្រសួងការបរទេសបារាំង បញ្ជាក់អះអាងថា បានទទួលមរណភាពដែរ នៅក្នុងហេតុការណ៍នេះ។
ភ្នាក់ងារទេសចរណ៍របស់អង់គ្លេស ថូម៉ាស ឃុក ( Thomas Cook) បាននិយាយថា អតិថិជនរបស់ខ្លួន ពីរនាក់បានស្លាប់ និងពីរនាក់ទៀត រងរបួស។ ប៉ុន្តែតុល្យភាពនេះ នៅមិនទាន់បានបញ្ជាក់អះអាង ទទួលដោយក្រសួងការបរទេសអង់គ្លេសនៅឡើយ។ អ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា «នឹងមានចំនួន ជនរងគ្រោះអង់គ្លេសតិចតួចប៉ុណ្ណោះ នៅក្នុងហេតុការណ៍ដ៏អកុសល»។
រីឯនៅហុងកុងវិញ ភ្នាក់ងារទេសចរណ៍ ដែលបានរៀបចំដំណើរកំសាន្ដ មកកាន់ប្រទេសអេហ្សីប បានថ្លែងបញ្ជាក់ថា អតិថិជនដែលសុទ្ធសឹងជាជនជាតិអាស៊ី ចំនួន៩នាក់ ទំនងជាស្ថិតនៅក្នុង ចំនួនមនុស្សដែលបានស្លាប់ ក្នុងនោះមានស្ត្រីប្រាំនាក់ និងបុរសបួននាក់ អាយុពី៣៣ឆ្នាំទៅ៦២ឆ្នាំ។ ដោយឡែកនៅប្រទេសជប៉ុន ភ្នាក់ងារទេសចរណ៍ ជីធីប៊ី (JTB ) បានប្រកាសពីមរណភាព របស់អតិថិជនរបស់ខ្លួន ចំនួន២នាក់ ពីចំណោមបួននាក់ ដែលស្ថិតនៅក្នុងគ្រោះថ្នាក់។
អ្នកលោតរួចជីវិត
បុគ្គលិកអ្នកធ្វើការម្នាក់ អោយក្រុមហ៊ុនពោងហោះ ស្កាយគ្រីស្ស (Sky Cruise) បានបង្ហើបអោយដឹងថា មនុស្សពីរនាក់បានរួចរស់មានជីវិត៖ ម្នាក់ជាទេសចរណ៍ និងម្នាក់ទៀត ជាអ្នកបើកបរពោងហោះ ដោយសារ បានលោតចេញពីពោងហោះនេះ «ទាន់ពេល»។ សូមបញ្ជាក់ថា ពោងហោះនេះ មានកំពស់៤០ម៉ែត្រ ហើយអាចផ្ទុកមនុស្សបាន២៥នាក់។
តាមអ្នកជំនាញបារាំងម្នាក់ ខាងផ្នែកពោងហោះ បានប្រាប់ពីមូលហេតុថា «ការផ្ទុះនេះ អាចបកស្រាយបាន ដោយមកពីមានការជ្រាបចេញ នៅកន្លែងតភ្ជាប់នៃធុងឧស្ម័ន សម្រាប់បាញ់បញ្ឆេះជាភ្លើង ដើម្បីបង្ហោះពោង។ ការជ្រាបចេញនេះ បានឆាបឆេះឡើង បើវាប៉ះជាមួយនឹងក្រញ៉មភ្នើងរបស់បារី ឬពីដែកកេះ។»
កាលពីឆ្នាំ២០០៩ ក្នុងតំបន់ដដែល ពោងហោះមួយបានធ្លាក់បោកដី នៅពេលដែលវាហោះទៅប៉ះ នឹងបង្គោលខ្សែរទូរស័ព្ទមួយ បង្កអោយមានទេសចរណ៍ ១៣នាក់ រងរបួស។ គ្រោះថ្នាក់នៅពេលនោះ អ្នកស៊ើបអង្កេតបាននិយាយថា បណ្ដាលមកពី បានដាក់មនុស្សហួសចំណុះ៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ