អេហ្សីប៖ មហាមេដ ម៉ូរស្សី ខាងបងប្អូនមូស្លីម ជាប់ឆ្នោត ជាប្រធានាធិបតី

លោក ​មហាមេដ ម៉ូរស្សី មកពីខាង បងប្អូនមូស្លីម របស់ប្រទេសអេហ្សីប ត្រូវបានគេប្រកាស ថាបានឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៦​ និង១៧មិថុនាកន្លងមក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុត លោក ​មហាមេដ ម៉ូរស្សី មកពីខាង បងប្អូនមូស្លីម របស់ប្រទេសអេហ្សីប ត្រូវបានគេប្រកាស ថាបានឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៦​ និង១៧មិថុនាកន្លងមក។


អ្នកគាំទ្រលោក មហាមេដ ម៉ូរស្សី សប្បាយរហូតចេញទឹកភ្នែក នឹងជ័យជំនះនេះ

លោក ហ្វារូ សុតង់ (Farouk Soltan) ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសអេហ្សីប បានប្រកាសនូវ លទ្ធផលនេះ នៅថ្ងៃអាទិត្យទី២៤ មិថុនា តាមកញ្ចក់ទូរទស្សន៍ថា លោក មហាមេដ ម៉ូរស្សី (Mohamed Morsi) បាន ទទួលនូវសំលេងគាំទ្រប្រមាណជា ១៣លានសំលេង ទល់នឹង ១២លានសំលេង ដែលបានគាំទ្របេក្ខជនម្នាកទៀត គឺលោក អាមាដ ឆាហ្វីក (Ahmad Chafiq)។  លោក អាមាដ ឆាហ្វីក ជាអតីតនាយករដ្ឋមន្ត្រី របស់ប្រធានាធិបតីដេញចេញពីតំណែង លោក អ៊ូស្នី មូបារ៉ាក់ (Hosni Moubarak)។

លោក មហាមេដ ម៉ូរស្សី នឹងក្លាយជាប្រធានាធិបតីទីមួយ នៅក្រោយពេល ដែលប្រជាជនអេហ្សីប បានបណ្ដេញ លោក ប្រធានាធិបតី អ៊ូស្នី មូបារ៉ាក់ ចេញពីតំណែង កាលពិថ្ងៃទី១១កុម្ភះឆ្នាំ២០១១ ហើយក៏ជាប្រធានាធិបតី និយមអ៊ីស្លាមលើក ដំបូង ដែលបានឡើងមកកាន់អំណាចដ៏កំពូល នៅក្នុងប្រទេសអារ៉ាប់មួយនេះ។ បន្ទាប់ពីការប្រកាសនោះរួចភ្លាម ហ្វូង អ្នកមានសមានចិត្តគាំទ្រ លោក មហាមេដ ម៉ូរស្សី បានមកជួបជុំគ្នាយ៉ាងសម្បើម នៅលើទីលាន  តារី (Tahrir) ដែលស្ថិត នៅកណ្ដាលទីក្រុង គែរ  (Caire) ហើយបានស្រែកថា «Allah akbar-​ ព្រះជាម្ចាស់ ដ៏ខ្ពង់ខ្ពស់» និងបានបាញ់ កាំជ្រួច អបអរសាទរផង។


ហ្វូងមនុស្សដ៏ធំមហិមា នៅលើទីលាន តារី ជាមួយនឹងការបាញ៉កាំជ្រួចអបអរផង

កងទ័ព និយាយ ចូលរួមស្វាគមន៍

លោក ហ៊ូសាំង តានតាវី (Hussein Tantaoui) អគ្គមេបញ្ជាការ របស់កងទ័ពអេហ្សីប ដែលបានគ្របគ្រងប្រទេស តាំងពីរ ការធ្លាក់ពីអំណាច របស់ លោក អ៊ូស្នី មូបារ៉ាក់ បានប្រកាសតាមទូរទស្សន៍រដ្ឋ ពីការចូលរួមអបអរសាទរ ការជាប់ឆ្នោតនេះ។ តាមតួលេខរបស់ គ.ជ.ប បាននិយាយថា អ្នកចូលរួមទៅបោះឆ្នោតនៅជុំទីពីរ កាលពីថ្ងៃទី ១៦និង១៧មិថុនា មានប្រមាណ ជា ៥១% ច្រើនជាង ជុំទីមួយ កាលពីថ្ងៃ ២៣និង២៤ឧសភា ដែលមានតែ ៤៦%ប៉ុណ្ណោះ។

ខាងបេក្ខជនចាញ់ឆ្នោត បានបង្ហាញពីការខកចិត្ត ហើយនៅតែនិយាយពីជ័យជំនះ របស់ខ្លួន ដែលបានលេចលឺ នៅក្នុង លទ្ធផលជាបណ្ដោះអាសន្ន កាលពីប៉ុន្មានថ្ងៃមុន។

ប្រតិកម្មពីខាងសហគមន៍អន្ដរជាតិឯណោះវិញ មេដឹកនាំរបស់ក្រុមហាម៉ាស នៅ កាហ្សា (ប៉ាលីស្ទីន) លោក ម៉ាម៊ូដ អាល់ ហ្សាហារ (Mahmoud al-Zahar) បានស្វាគមន៍ ការជាប់ឆ្នោតនេះ ហើយវាយតំលៃថា «ជាជំហ៊ានមួយនៃប្រវត្តិសាស្រ្ត។ ជាសម័យកាលថ្មីមួយ ដែលបានបើកទំព័រថ្មី នៃប្រទេសអេហ្សីប។ ហើយវាបានផ្លាស់ប្ដូរទាំងស្រុង នូវគំរោងត្រឡប់ទៅ រកភាពធម្មតាមួយ និងសហប្រតិបត្តិការសន្ដិសុខ ទល់នឹងខ្មាំងសត្រូវ (ប្រទេសអ៊ីស្រ្តាអែល)។» គួរបញ្ជាក់ជូនថា ចលនា អ៊ីស្លាមនិយម ហាម៉ាស របស់រដ្ឋប៉ាលីស្ទីន ដែលកំពុងកាន់អំណាចសព្វថ្ងៃនៅដែនដី កាហ្សា គឺជាដៃគូមួយរបស់ ក្រុម បងប្អូនម៉ូស្លីម នៃប្រទេសអេហ្សីប។

ការរៀបចំចាត់ចែងទាំងឡាយ របស់ប្រធានាធិបតី នឹងត្រូវមានកំណត់

លោក មហាមេដ ម៉ូរស្សី ជាប្រធានគណបក្ស យុត្តិធម៌និងសេរីភាព ដែលជាគណបក្ស តំណាងអោយក្រុមបងប្អូនមូស្លីម។ លោកមានឱកាស ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ពីបណ្ដាញរបស់ក្រុមនេះ ដែលជាកំលាំងនយោបាយ ដ៏សំខាន់ មួយរបស់ប្រទេស បន្ថែមពីលើកងទ័ព។

ក្រុមបងប្អូនមូស្លីម បានផាត់ពណ៌ខ្លួនឯង ដូចជាចលនាដ៏ទំនើបមួយ ត្រៀមខ្លួនធ្វើការជាមួយអ្នកផ្សេងរាល់គ្នា និងគោរព រាល់កិច្ចព្រមព្រៀង ដែលប្រធានាធិបតីមុនៗ បានធ្វើ។ អ្នកខ្លះបានទាំងលើក ពីឧទាហរណ៍​របស់ប្រទេសទួគីរ ដែល ប្រជាធិបតេយ្យ បានដើរទៅមុខសន្សឹមៗ។

តែរាល់ការរៀបចំចាត់ចែងទាំងឡាយ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មីនេះ នឹងត្រូវមានកំណត់​ ដោយសារតែរដ្ឋសភាត្រូវ បានរំលាយ​​ កាលពីប៉ុន្មានអាទិត្យមុននេះ ហើយបានសំរេចអោយកងទ័ពកាន់មកវិញ នូវអំណាចនិតិបញ្ញតិ និងសិទ្ធិ ក្នុងការត្រួតពិនិត្យ ទៅលើការរៀបចំ រដ្ឋធម្មនុញ្ញលើកក្រោយ។ ក្រុមសង្គមស៊ីវិលបានរិះគន់ពីការរៀបចំរដ្ឋធម្មនុញ្ញ ដោយ កងទ័ពនេះ ហើយដែលនឹងអនុញ្ញាតិអោយទាហ៊ានកងទ័ព បានស្ថិតនៅជាតួអង្គកណ្ដាលមួយ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏កងទ័ពបានសន្យាថា នឹងប្រគល់អំណាចទៅអោយប្រធានាធិបតីថ្មី នៅមុនថ្ងៃទី៣០មិថុនា៕

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...