រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ការ​ជួប​ប្រយុទ្ធ​គ្នា​ធ្វើ​ឲ្យ​ស្លាប់​៣០​នាក់

ក្រុមនិយមឥស្លាម បានងើបឡើងតបតរវិញនៅថ្ងៃសុក្រទី៥ខែកក្កដានេះ ប្រឆាំងនឹងរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតីជាប់ឆ្នោត លោកមហាមេដ ម៉ូស្សី (Mohamed Morsi)ខណៈពេលមនុស្សរាប់ពាន់នាក់ ដែលមានសមានចិត្តនឹងប្រធានាធិបតីម៉ូស្សី នៅកំពុងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងកែរ ដើម្បីសុំឲ្យប្រធានាធិបតីរូបនេះត្រឡប់មកកាន់អំណាចវិញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមនិយមឥស្លាម បានងើបឡើងតបតរវិញនៅថ្ងៃសុក្រទី៥ខែកក្កដានេះ ប្រឆាំងនឹងរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតី​ជាប់ឆ្នោត លោកមហាមេដ ម៉ូស្សី (Mohamed Morsi) ខណៈមនុស្សរាប់ពាន់នាក់ ដែលមានសមានចិត្តនឹង​ប្រធានាធិបតី​ម៉ូស្សី នៅកំពុងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងកែរ ដើម្បីសុំឲ្យប្រធានាធិបតីរូបនេះត្រឡប់មកកាន់អំណាចវិញ។


អំពើហឹង្សាបានផ្ទុះឡើងខ្លាំង នៅពេលមានការប្រឈមរវាងពួកអ្នកស្រប និងអ្នកប្រឆាំង។ (រូបថត EPA)

ក្រុមអ្នកស្និតនឹងលោកម៉ូស្សី បានវាយបកលើក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីម៉ូស្សី ដែលស្ថិតនៅលើទីលានតារៀរ (Tahrir) តាំងពីច្រើនថ្ងៃមកហើយ។ ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ បានកើតឡើងនៅយប់ថ្ងៃសុក្រនេះ និងបាន​ជម្រុញ​ឲ្យកងទ័ពបញ្ជូនរថក្រោះ និងរថយន្ដពាសដែកជាច្រើន ទៅកាន់ទីប្រឈមគ្នានោះ ដើម្បីបណ្ដេញក្រុមអ្នកស្និតនឹង​ប្រធានាធិបតី។

ភាពរន្ធត់ញាប់ញ័រនៃការប៉ះទង្គិចគ្នានេះ បានបង្កឲ្យមានមនុស្សស្លាប់យ៉ាងហោច ៣០នាក់ និង២១០នាក់ផ្សេងទៀត​រង​របួស នៅពេញផ្ទៃប្រទេសអេហ្សីប។ ក្រុមនិយមឥស្លាមបានបើកការវាយលុកទៅលើអាគាររដ្ឋាភិបាលជាច្រើន និងបាន​ស្បថថានឹងផ្ដួលរំលំការសម្រេចចិត្តរបស់កងទ័ព ព្រមទាំងដាក់មកវិញនូវប្រធានាធិបតីជាប់ឆ្នោត តាមលិទ្ធិ​ប្រជាធិបតេយ្យ​នេះមកវិញ។ ជនរងគ្រោះបួននាក់បានស្លាប់បាត់បង់ជីវិត ដោយសារកងទ័ពបានផ្ទុះអាវុធ ខណៈពេលដែលពួកស្និត​នឹង​ប្រធានាធិបតី បានព្យាយាមដើរចូលទៅក្នុង សង្កាត់កងកម្លាំងរក្សាសន្តិសុខសារធារណរដ្ឋ។

នៅក្នុងការបង្ហាញខ្លួន ជាលើកដំបូងតាំងពីរដ្ឋប្រហារនោះមក មគ្គុទេសនៃក្រុមបងប្អូនម៉ូស្លីម បានសន្យានឹងដាក់​ប្រធានាធិបតីមកក្នុងអំណាចវិញ។ ថ្លែងក្នុងសុន្ទរកថាមួយនៅពីមុខព្រះវិហារឥស្លាម ក្នុងទីក្រុងកែរ លោក មហាមេដ បាឌី (Mohammed Badie) បានប្រកាសថា ព្រះបានយល់ព្រមជ័យជំនះទៅឲ្យលោកម៉ូស្សី និងបានដឹកដៃលោកឲ្យ​ឆ្ពោះទៅ​កាន់​វិមានប្រធានាធិបតី។ លោកបាឌី បានបន្ថែមថា អ្នកស្មោះស្ម័គ្រនិងលោកសុទ្ធសឹងជាទាហានរបស់លោក ហើយពួកគេនឹង​ប្ដូរជីវិតការពារលោក។

តែស្ថានការណ៍ដែលគេពិបាកនឹងជឿ នៅជុំវិញសម្ដីរបស់លោក បាឌី។ កងកម្លាំងការពារសន្តិសុខបានអះអាង​មុននេះ​បន្តិចថា បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់នៃក្រុមបងប្អូនម៉ូស្លីម យ៉ាងហោចណាស់ប្រាំនាក់ ក្នុងនោះមានលោកបាឌីផងដែរ ពីក្នុងភូមិមួយនៅជាប់សមុទ្រមេឌីទែរ៉ានេ និងបានបញ្ជូនពួកគេតាមយន្ដហោះ ទៅកាន់ទីក្រុងកែររួចហើយ។

នៅមុនសុន្ទរកថាតែប៉ុន្មាននាទីប៉ុណ្ណោះ គណបក្សដែលជាបក្សពួករបស់ក្រុមបងប្អូនម៉ូស្លីម បានឲ្យដឹងនៅលើ​គេហទំព័រ​របស់ខ្លួនថា លោកមហាមេដ បាឌីត្រូវបានដោះលែងវិញហើយ។ ផ្ទុយទៅវិញនៅពេលធ្វើសុន្ទរកថា លោកបាឌី បាន​បញ្ជាក់ថា មិនដែលត្រូវបានចាប់ខ្លួនម្ដងណាឡើយ។ ចំណែកអាជ្ញាធរវិញ ក៏មិនបានបញ្ជាក់អ្វីឲ្យច្បាស់លើបញ្ហានេះដែរ។

បន្ទាប់ពីសុន្ទរកថានវភ្លាម ក្រុមនិយមឥស្លាមជាច្រើននាក់ បានសម្រុកឆ្លងស្ពាន «៦តុលា» ដែលនៅពីលើទន្លេនីល ហើយ​ធ្វើដំណើរទៅកាន់ទីលានតារៀរ ដែលពេញប្រៀបដោយក្រុមអ្នកប្រឆាំងនឹងលោកប្រធានាធិបតី។ បន្ទាប់មកទាំងក្រុមអ្នក​ប្រឆាំងនិងអ្នកស្រប បានចាប់ផ្ដើមប្រយុទ្ធគ្នា នៅជិតអាគារនៃស្ថានីយទូរទស្សន៍ជាតិ ដោយប្រើកាំភ្លើង និងដុំថ្ម។

កងទ័ពដែលស្ថិតនៅស្ពានមួយទៀត ដើម្បីឃាំងមិនឲ្យមានការឆ្លងកាត់ បានដាក់ពង្រាយរថយន្ដពាសដែក និងរថក្រោះ​ជាច្រើនគ្រឿងផ្សេងទៀត ដើម្បីបណ្ដេញក្រុមអ្នកស្មោះស្ម័គ្រនឹងលោកម៉ូស្សី។

ក្រុមនិយមឥស្លាមបានស្បថថា នឹងបង្ហាញឲ្យកងទ័ពឃើញពីកំហុសមួយដ៏ធំ ដែលបានដកលោកម៉ូស្សី​ពីអំណាច​កាល​ពី​ថ្ងៃពុធទី០៣ខែកក្កដា។ សូមបញ្ជាក់ថា អ្នកប្រឆាំងនឹងលោកម៉ូស្សី បានធ្វើបាតុកម្មចុះនៅតាមដងផ្លូវ និងជួបប្រជុំគ្នា​នៅ​លើទីលានតារៀរ តាំងពីច្រើនថ្ងៃមកហើយ ដើម្បីទាមទារឲ្យលោកម៉ូស្សីចាកចេញពីតំណែង តែលោកម៉ូស្សីខ្លួនឯងបាន​បដិសេធនៅយប់ថ្ងៃអង្គារ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...