សុខភាព៖ នគរបាលថៃត្រូវបានចាប់ឲ្យ«ហ្វឹកហាត់»ឡើងវិញ
សត្រូវថ្មីរបស់នគរបាលនៅថៃ មិនមែនជាក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឬការកកស្ទះចរាចរណ៍ដែល ជាបញ្ហាដ៏ឈឺក្បាលនៅរាជធានីនោះទេ ហើយការហ្វឹកហាត់នេះ ក៏មានបញ្ជាឲ្យធ្វើតែនៅពេលកំណត់ ឲ្យឈប់សម្រាកដ៏ខ្លីតែប៉ុណ្ណោះដែរ។ សត្រូវថ្មីនោះជាអ្វី? គឺជម្ងឺធាត់ចុះខ្លាញ់។
មើលមួយភ្លែត ហាក់ដូចជាមានមាឌមាំណាស់ តែបើរត់ដេញចាប់ចោរវិញ តើវេទនាយ៉ាងណា?
យុទ្ធនាការមួយត្រូវបានដាក់បញ្ជាឲ្យធ្វើ ក្នុងរយៈពេល១២ថ្ងៃ ចាប់ផ្ដើមពីសប្ដាហ៍នេះទៅ ក្នុងគោលបំណងដើម្បីឲ្យភ្នាក់ងារទាំងឡាយរបស់អាជ្ញាធរ រករូបរាងរបស់ខ្លួនត្រឡប់មកវិញ។
នគរបាលប្រមាណជា៦០នាក់ ស្ថិតក្នុងសភាពធាត់ហួសចំណុះ មកពីគ្រប់តំបន់នៅក្នុងប្រទេសថៃ នឹងត្រូវឲ្យចូលរួមក្នុងកម្មវិធីនេះ ដែលរួមមានការហ្វឹកហាត់ តាំងពីព្រឹកព្រហាមស្រាងៗ រហូតដល់ល្ងាចថ្ងៃលិច។ កម្មវិធីនឹងបង្រៀនដូចគ្នាដែរ នូវរបៀបរបបរស់នៅប្រចាំថ្ងៃដើម្បីសុខភាព នៅក្នុងមជ្ឈមណ្ឌលមួយ ស្ថិតនៅឯជាយក្រុងនៃរាជធានីបាងកក។
នៅក្នុងពេលហ្វឹកហាត់នោះ នគរបាលម្នាក់ៗ ដែលពាក់អាវយឺតមានសរសេរអក្សរពីលើថា «យើងកំចាត់ក្បាលពោះចេញ» ត្រូវងើបរត់តាំងពីព្រលឹម បន្ទាប់ត្រូវធ្វើការហាត់ប្រាណ តាមបែប«យូហ្គា» ហាត់រាំរបៀបហក់លោត ហាត់គុនតៃជិដើម្បីកាត់បន្ថយភាពតានតឹង និងជួយឲ្យឈាមរត់ល្អ និងហាត់ពីរបៀបញ៉ាំចំណីបង្រៀនដោយអ្នកជំនាញ។
អ្នកដែលធ្វើឲ្យខ្លួនឯងបានបាត់បង់ទម្ងន់ច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់៥០០បាត (ប្រមាណជា១៧០ដុល្លាអាមេរិក) ដែលជាថ្នូនឹងការលើកទឹកចិត្តទៅដល់ភ្នាក់ងារទាំងនោះ និងបើទោះជាមនុស្សភាគច្រើននៅក្នុងចំណោមនោះ អះអាងពីការគិតផ្ទាល់ខ្លួន ផ្ដល់សារសំខាន់ទៅសុខភាពរបស់ខ្លួននោះ ខ្លាំងជាងក៏ដោយ។
ការពិនិត្យសុខភាពទៅលើនគរបាលប្រមាណជា២០០ពាន់នាក់កាលពីឆ្នាំទៅម៉ិញ បានរកឃើញបញ្ហាសុខភាពសំខាន់ប្រាំយ៉ាង នៅលើបណ្ដាភ្នាក់ងារ៖ ធាត់ចុកខ្លាញ់ ខ្លាញ់កកក្នុងសសៃឈាម បញ្ហាថ្លើម សម្ពាធឈាមឡើងខ្ពស់ និងទឹកនោមផ្អែម។
នគរបាលស័ក្ដិប្រាំមួយរូប ដែលដឹកនាំមន្ទីរពេទ្យយោធាមួយនៅបាងកក និងជាអ្នកមានគំនិតបង្កើតកម្មវិធីនេះ លោកស្រីព័រពេន ប៊ុនណាង (Pornpen Bunnag) បានថ្លែងប្រាប់ទីភ្នាក់ងារអេភីថា «ភ្នាក់ងារនគរបាលងាយរងគ្រោះនឹងបញ្ហាសុខភាពខ្លាំងណាស់ ព្រោះពួកគាត់គេងនិងញ៉ាំមិនបានទៀងទាត់។ ទទួលទានចំណីអាហារនៅពេលយប់ជ្រៅ ផឹកនិងជក់ក៏បានជួយឲ្យពួកគាត់មានជម្ងឺធាត់ចុកខ្លាញ់។»
លោកស្រីបន្ថែមយ៉ាងមុតមាំថា «មិនត្រឹមតែប៉ុណ្ណឺងនោះទេ ក្បាលពោះពួកគាត់ដូចជាចង់ធ្លាយ ចេញច្រើនជ្រុលពេកហើយ សម្រាប់សម្លៀកបំពាក់ជាឯកសណ្ឋានរបស់ពួកគាត់»។ សូមទស្សនារូបភាព ពីនគរបាលធាត់ៗទាំងនោះ និងវីដេអូមួយដូចខាងក្រោម៖
សូមទស្សនាវិដេអូម្ដងវិញ
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ