សម្ភាសកែវ ណារ៉េត ៖ «ភាពក្រីក្រ»របស់រាស្រ្ត ជាសត្រូវធំបំផុតរបស់គណបក្សសញ្ជាតិកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ អំណាចនៃរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ថាកម្ពុជាជាប្រទេសប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យសេរី-ពហុបក្ស។ ពលរដ្ឋទាំងអស់ត្រូវទទួលបាន នូវសិទ្ធិ«ស្មើៗគ្នា»ដោយសុច្ចរិតភាព លើគ្រប់និន្នាការនយោបាយ។ ពលរដ្ឋមានសិទ្ធិចូលរួមក្នុងឆាកនយោបាយ និងបង្កើតគណបក្សនយោបាយ និងការចូលរូមក្នុងយុទ្ធនាការឃោសនា ស្វែងរកប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោក សេង សុខេង ជាប្រធានគណបក្សសញ្ជាតិកម្ពុជា។ (រូបថត គណបក្សសញ្ជាតិកម្ពុជា)
ដើម្បីគោរពនូវគោលការណ៍ស្មើភាពគ្នា នៃការឃោសនារវាងគណបក្សទាំងអស់ ដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ មនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក កែវ ណារ៉េត ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៃគណបក្សសញ្ជាតិកម្ពុជា ដែលមានលោក សេង សុខេង ជាប្រធាន។ គោលនយោបាយសំខាន់ៗរបស់គណបក្សសញ្ជាតិកម្ពុជា ក្នុងការចូលរួមប្រគួតប្រជែង តាមរយៈការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខដែលមានន័យដូចខាងក្រោម៖
មនោរម្យព័ងអាំងហ្វូ៖ តើមានយន្តការអ្វីខ្លះ ដែលជម្រុញឲ្យមានគំនិតផ្តួចផ្តើម បង្កើតនូវគណបក្សសញ្ជាតិកម្ពុជា នេះឡើង ក្នុងឆ្នាំណា?
កែវ ណារ៉េត ៖ ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលុបជាងដប់លាននាក់ ជាសត្រូវទីមួយរបស់បក្សសញ្ជាតិកម្ពុជា ហេតុដូច្នេះទើបសមាជិកសមាជិការ សម្រេចបង្កើតគណបក្សនេះឡើង ដោយប្រកាន់នូវជំហរបង្រួមបង្រួម ផ្សះផ្សា ឯកភាពជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងលប់បំបាត់ចោលនូវភាពក្រីក្រទាំងនេះ។ នេះជាមូលហេតុមួយ ដែលជម្រុញឲ្យគណបក្សសញ្ជាតិកម្ពុជា ជ្រើសរើសនូវសញ្ញាតំណាងបក្ស ដែលមានរូបព្រះអាទិត្យ និងព្រះចន្ទ័ជួបគ្នា ក្នុងន័យប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ គណបក្សសញ្ជាតិកម្ពុជានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២។
មនោរម្យព័ងអាំងហ្វូ៖ ដើម្បីចូលរូមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ តើគណបក្សលោក មានគោលនយោបាយសំខាន់ៗអ្វីខ្លះ?
កែវ ណារ៉េត ៖ គោលនយោបាយរបស់គណបក្សសញ្ជាតិកម្ពុជា មានប្រាំបីចំណុចសំខាន់ៗ ទីមួយបង្រួបបង្រួម ផ្សះផ្សា និងឯកភាពជាតិ ទីពីរការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដី ទីបីគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទីបួនគោរពគោលការណ៍វប្បធម៌នីតិរដ្ឋ ទីប្រាំអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទីប្រាំមួយគោរពគោលការណ៍វប្បធម៌សន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម និងទីប្រាំពីរការពារវប្បធម៌ និងបរិស្ថានធម្មជាតិ។ ក្រៅពីគោលនយោបាយនេះ គណបក្សសញ្ជាតិកម្ពុជា មានគោលជំហរប្រាំ “ខ” ទីមួយបង្រួបបង្រួម ផ្សះផ្សា និងឯកភាពជាតិ ទីពីរមិនប្រកាន់និន្នាការនយោបាយ ទីបីមិនរើសអើងជាតិសាសន៍ ជំនឿ សាសនា ទីបួនមិនរឹបអូសទ្រព្យបុគ្គល និងទីប្រាំលើកលែងទោសនយោបាយ លុបចោលទោសប្រហាជីវិត។
មនោរម្យព័ងអាំងហ្វូ៖ ក្នុងគោលនយោបាយទីមួយបង្រួបបង្រួម ផ្សះផ្សា ឯកភាពជាតិ និងទីពីរ ការពារអធិបតេយ្យភាព បូរណៈភាពទឹកដី តើលោកអាចបញ្ជាក់បន្ថែមលើបញ្ហានេះបានទេ?
កែវ ណារ៉េត ៖ គណបក្សយើងមិនមែនជាបក្សប្រឆាំងទេ យើងរួមខ្មែរទាំងអស់ និងចង់ឲ្យខ្មែរទាំងអស់ត្រូវគ្នា អត់មានប្រឆាំងខ្មែរណាមួយនោះទេ ហើយក៏មិនប្រឆាំងនិងរដ្ឋាភិបាល ឬគណបក្សណានោះដែរ។ យើងនឹងធ្វើការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងដូចជាវៀតណាម ថៃ និងឡាវ ដោយពិតប្រាកដ ប្រកបដោយសន្តិភាព ព្រមទាំងសហការនៅក្នុងតំបន់ និងលើសកលលោក។ កត្តាទាំងនេះអាចធ្វើការដោះស្រាយទៅបាន លុះត្រាតែ ប្រជាជាតិខ្មែរទាំងមូលត្រូវរកឲ្យឃើញនូវចំណុច«រួមមួយ» ធ្វើយ៉ាងណាឲ្យមានការគោរពស្រលាញ់គ្នា មានការសហការ និងរួបរួមគ្នាដោយគ្មានការខ្វែងគំនិតគ្នា។
មនោរម្យព័ងអាំងហ្វូ៖ ប្រសិនបើប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាខេត្ត ឬក្រុងនានា បានបាត់បង់នូវសិទ្ធិដីធ្លី សិទ្ធិនៃការរស់នៅ ជាពិសេសសិទ្ធិលំនៅដ្ឋាន ក្រោមគម្រោងអភិវឌ្ឍន៍នោះ តាមគោលនយោបាយគណបក្សលោក និងធ្វើការដោះស្រាយយ៉ាងណាចំពោះបញ្ហាខាងលើនេះ?
កែវ ណារ៉េត ៖ កត្តាសំខាន់អ្នកដែលត្រូវដោះស្រាយត្រូវតែជាមនុស្សដែលមានសមត្ថភាព និងមានជំនាញពិតប្រាកដទៅតាមផ្នែកនីមួយៗ និងកត្តាមួយទៀតគឺច្បាប់ ធ្វើយ៉ាងណាឲ្យមានការគោរព និងអនុវត្តន៍តាមច្បាប់ជាធរមាន ដោយចំពោះមុខ និងស្មើភាព។ បើសិនជាច្បាប់មានចន្លោះប្រហោង ត្រូវធ្វើការកែប្រែច្បាប់ដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ដល់ក្រុមហ៊ុនដែលដាក់វិនិយោគនីកម្ពុជា និងមិនខាតដល់ប្រយោជន៍ជាតិ។ កត្តទាំងពីរនេះ អាចធ្វើការឆ្លើយតបទៅនឹងបញ្ហាខាងលើបាន។
មនោរម្យព័ងអាំងហ្វូ៖ លោកថា «ភាពក្រីក្ររបស់ប្រជារាស្រ្ត» ជាសត្រូវធំបំផុតរបស់គណបក្សសញ្ជាតិកម្ពុជា តើគណបក្សលោកត្រូវធ្វើយ៉ាងណា តាមយន្តការអ្វី ដើម្បីបំបាត់នូវភាពក្រីក្រទាំងនេះបាន?
កែវ ណារ៉េត ៖ យើងមើលឃើញថា នៅតាមជនបទជនជាតិខ្មែររងនូវភាពក្រីក្រខ្លាំងបំផុត ដូច្នេះតាមយុទ្ធសាស្ត្រនៃការកាត់បន្ថយ និងលប់បំបាត់ភាពក្រីក្រ យើងត្រូវរៀបចំហេដ្ឋារចនាសម្ពន្ធ័ បង្កើននូវកំណើនសេដ្ឋកិច្ច ទាក់ទាញក្រុមហ៊ុនវិនិយោគទុន បញ្ចុះតម្លៃពន្ធនាំចូល បង្កើនការងារក្នុងស្រុក ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទជារឿងសំខាន់។
មនោរម្យព័ងអាំងហ្វូ៖ ក្នុងគោលជំហររបស់គណបក្សទាំងប្រាំ “ខ” ខាងលើ មានចំណុចមួយដែលបានដាក់ថា «លុបចោលទោសប្រហាជីវិត» តែក្នុងច្បាប់រដ្ឋធម្មនុញ្ញយើង បានចែងយ៉ាងច្បាស់ថា គ្មានទេទោសប្រហាជីវិតនៅកម្ពុជា តើក្នុងន័យខាងលើ លោកអាចបញ្ជាក់ពីមូលហេតុបានទេ?
កែវ ណារ៉េត ៖ ករណីនេះគណបក្សរបស់លោកចង់ការពារនូវការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ដែលកាប់សម្លាប់មនុស្សមិនរើសពេលវេលា និងមានបានឆ្លងកាត់ប្រព័ន្ធតុលាការ។ ជាពិសេសបច្ចុប្បន្ននេះក៏មានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការច្រើនដែរ ឯជនល្មើសក៏រស់នៅក្រៅរង្វង់ច្បាប់។ ដាច់ខាតធ្វើយ៉ាងណា ដាក់ការអនុវត្តន៍ទាំងអស់ទៅក្នុងប្រព័ន្ធច្បាប់ជាធំ។
មនោរម្យព័ងអាំងហ្វូ៖ ក្រឡេកមកមើល យុទ្ធនាការនៃការឃោសនាបោះឆ្នោតវិញ តើគណបក្សលោកបានចេញធ្វើការឃោសនា បានប៉ុន្មានខេត្តក្រុងហើយ មកទល់និងពេលនេះ ហើយលោកនឹងបន្តរយុទ្ធការយ៉ាងណាជាបន្តរទៀត?
កែវ ណារ៉េត ៖ ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនាមក ក្នុងរយៈពេលប្រាំបួនថ្ងៃនេះ យើងធ្វើការឃោសនាបានក្នុងខេត្ត-ក្រុងមួយចំនួន តែអវត្តមានខេត្តមួយចំនួនទៀតដូចជាកំពត កំពង់សោម និងខេត្តនៅប៉ែកឥសានប្រទេស។ នៅថ្ងៃមុខបន្តរទៀតនេះយើងបានចាត់តាំងសកម្មជនបក្សប្រចាំខេត្តនីមួយៗឲ្យរៀបចំធ្វើយុទ្ធនាការនេះជាបន្តរនៅតាមខេត្តរៀងៗខ្លួន។ នៅថ្ងៃទីទី១០ និងថ្ងៃទី២៦ ខែកក្កដា នឹងមានការឃោសនាក្នុងទ្រង់ទ្រាយធំនៅទីក្រុងភ្នំពេញ នាទីលានប្រជាធិបតេយ្យ។
មនោរម្យព័ងអាំងហ្វូ៖ តើលោកអាចបញ្ជាក់បានទេថា បេក្ខភាពតំណាងរាស្រ្តរបស់គណបក្សសញ្ជាតិកម្ពុជា មានចំនូនសរុបប៉ុន្មាននាក់ ជាស្រ្តីប៉ុន្មាន និងមាននៅខេត្តណាខ្លះ?
កែវ ណារ៉េត ៖ បេក្ខជនសរុបទាំងអស់មានចំនួនជាងបីរយនាក់ ក្នុងនោះមានស្រ្តីចំនួន១៤២នាក់ និងបុរសចំនួន១៦៤នាក់ ទាំងពេញសិទ្ធិ និងបំរុង។ ហើយមានបេក្ខជនជាតំណាងរាស្រ្តនៅគ្រប់២៤ខេត្ត-ក្រុង។
សូមបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ មានចំនួន៣៧១ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ ចំនួន ១.៦៣៣នៅទូទាំងប្រទេស៕
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ