ឡៅ ម៉ុងហៃ ប្រតិកម្ម​តប​សង្ឃ​ប្រកាស៖ ខ្លួន​ឯង​បំពាន​ច្បាប់ ហើយ​ស្រែក​ឲ្យ​គេ​គោរព​ច្បាប់

ជាថ្មីម្ដងទៀត សម្ដេចសង្ឃទាំងពីរគណៈ បានចេញសង្ឃប្រកាសមួយទៀត ចុះថ្ងៃទី១៣ខែកញ្ញា ដាក់កំហិតដល់បណ្ដាសង្ឃ និងបុព្វជិកទាំងឡាយ កុំឲ្យចូលរួមក្នុងបាតុកម្មណាមួយ។ មិនខុសពីលើកមុនឡើយ លិខិតនេះចេញមកតែពីរថ្ងៃប៉ុណ្ណោះ មុនការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកការដោះស្រាយ នូវភាពមិនប្រក្រតីទាំងឡាយ ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត។ តើព្រះសង្ឃគួរគង់យ៉ាងណាក្នុងបញ្ហានយោបាយ ដើម្បីជាទីគោរពរបស់ប្រជាពលរដ្ឋ? តើនយោបាយអ្វីខ្លះ ដែលព្រះសង្ឃគួរប្រតិបត្តិ និងនយោបាយណាខ្លះ ដែលព្រះសង្ឃមិនគួប្រតិបត្តិ? តើគួដាក់កំណត់ ឬមានវិធានការផ្លូវច្បាប់ជាក់លាក់មួយ ឬយ៉ាងណា ដើម្បីផ្តាច់ព្រះសង្ឃចេញពីឆាកនយោបាយនោះ? លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ បានបកស្រាយបន្ថែមទៀត ទៅលើចំណោទបញ្ហា ដែលមិនចេះចប់មិនចេះហើយខាងលើ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្ដងទៀត សម្ដេចសង្ឃទាំងពីរគណៈ បានចេញសង្ឃប្រកាសមួយទៀត ចុះថ្ងៃទី១៣ខែកញ្ញា ដាក់កំហិតដល់​បណ្ដា​សង្ឃ និងបុព្វជិកទាំងឡាយ កុំឲ្យចូលរួមក្នុងបាតុកម្មណាមួយ។ មិនខុសពីលើកមុនឡើយ លិខិតនេះចេញមក​តែពីរថ្ងៃ​ប៉ុណ្ណោះ មុនការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកការដោះស្រាយ នូវភាពមិនប្រក្រតី​ទាំង​ឡាយ ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី១៥ខែកញ្ញានេះ។

តើព្រះសង្ឃគួរគង់យ៉ាងណាក្នុងបញ្ហានយោបាយ ដើម្បីជាទីគោរពរបស់ប្រជាពលរដ្ឋ? តើនយោបាយអ្វីខ្លះ ដែល​ព្រះសង្ឃគួរប្រតិបត្តិ និងនយោបាយណាខ្លះ ដែលព្រះសង្ឃមិនគួប្រតិបត្តិ? តើគួដាក់កំណត់ ឬមានវិធានការផ្លូវច្បាប់​ជាក់លាក់មួយ ឬយ៉ាងណា ដើម្បីផ្តាច់ព្រះសង្ឃចេញពីឆាកនយោបាយនោះ? លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ បានបកស្រាយបន្ថែមទៀត ទៅលើចំណោទបញ្ហា ដែលមិនចេះចប់មិនចេះហើយខាងលើ។


ជួរមុខ ពីឆ្វេងមកស្ដាំ សម្តេចសង្ឃរាជ បួរ គ្រី សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត។ (រូបថត MONOROOM.info)

រាជធានីភ្នំពេញ - ក្នុងបទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ឡៅ ម៉ុងហៃបានធ្វើការកត់សម្គាល់ថា ព្រះសង្ឃ​មិនគួរចូលរួមធ្វើនយោបាយនោះទេ ពិសេសក្នុងការគាំទ្រដល់គណបក្សនយោបាយជាដើម។ ការថ្លែងជាថ្មីរបស់​អ្នកវិភាគ​ដ៏ល្បីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី មានការចេញសេចក្តីថ្លែងការណ៍ ព្រះរាជសង្ឃប្រកាស និងប្រកាសនានា​ជាបន្តរ​បន្ទាប់ម្តងអនុញ្ញាត ម្តងមិនអនុញ្ញាតឲ្យព្រះសង្ឃ ឬបុព្វជិកនានា ចូលរួមក្នុងសកម្មភាពនយោបាយ។ លោកបាន​ចាត់ទុកថា នេះជាករណីមួយដែលរំលោភច្បាប់ មិនគោរពច្បាប់ និងធ្វើ​តាមតែការនឹកឃើញរបស់អង្គឯង។

លោក ឡៅ ម៉ុងហៃ បានធ្វើការរំលឹកថាថ្នាក់ដឹកនាំ «សង្ឃ» ភាគច្រើនមាននិន្នាការទៅរកបក្សកាន់អំណាច មានភាព​លំអៀងទៅរកមន្រ្តីជាន់ខ្ពស់ ទៅលើអ្នកមានលុយ មានអំណាច។ លោកបន្តរថា «វត្ត» ជាកន្លែងស្ងាត់ស្ងៀម ជាទីទទួល​ពុទ្ធបរិស័ទទូទៅ មិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ហើយក៏ជាកន្លែងមួយដែលមិនអនុញ្ញាត ឲ្យមានរក្សានូវ​កំលាំង​ទ័ពអាវុធជាតិផ្ទុះនានានោះ មិនថាតែក្នុងទីវត្តអារាមទេ សូម្បីតែខាងក្រៅ ឬក្បែរវត្តអារាមនោះក៏ដោយ ក៏មិនត្រូវបានគេ​អនុញ្ញាត​នោះ​ដែរ។

ការលើកឡើងដូចនេះ ដោយសារតែគេសង្កេតឃើញ នៅតាមវត្តអារាមនាជាយក្រុងជុំវិញរាជធានីភ្នំពេញ ក្នុងពេល​ថ្មីៗ​កន្លងទៅ ថាមានការ​បញ្ឈរ​នូវសព្វាវុធធុនធ្ងន់ និង មានកងកម្លាំងប្រដាប់អាវុធជាដើម។ «ទីវត្តអារាមទាំងឡាយ មិន​អនុញ្ញាតិ​ឲ្យ​អ្នកណាកាន់កាំភ្លើងទេ និងក៏មិនត្រូវឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានអាវុធចូលក្នុងវត្តដែរ ឬមួយការដាក់​លក់នូវគ្រឿងស្រវឹងជាដើម ទោះក្នុងកាលទេសណាក៏ដោយ។ (...) ពិសេសសង្ឃរាជនៃវត្ត (ចៅអធិការ​វត្ត)នីមួយៗ ក៏​មិន​មានសិទ្ធិក្នុងការប្រើប្រាស់អង្គរក្ស អាវុធ និងសម្ភារៈទំនើបៗនោះដែរ។»

លោកសង្កត់ធ្ងន់ថា ករណីទាំងអស់ខាងលើនេះ មិនដែលឃើញមានការចេញសង្ឃប្រកាស ឬសេចក្តីថ្លែងការណ៍​របស់​គណៈសង្ឃថា មានការប៉ះពាល់ដល់ភាពស្ងៀមស្ងាត់ របស់វត្តនោះម្តងណាឡើយ។ រឿងទាំងអស់ខាងលើ«នេះ ទើបជា​ការដែលត្រូវចេញការបង្គាប់បញ្ជា ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ»។

អ្នកវិភាគរូបនេះបានចាត់ទុកថា កិច្ចការទាំងឡាយ ដែលគណៈសង្ឃបានធ្វើនេះ ហាក់មានទំនោរ និងជួយជ្រោមជ្រែង ឬ​ជួយ«ទប់»អំណាច របស់គណបក្សកាន់អំណាចនោះ ដែលករណីនេះអាចបញ្ជាក់បានថា គាត់នឹងទទួល​បានប្រយោជន៍​អ្វីជាថ្នូរ នឹងការចេញសង្ឃប្រកាសនេះ។ លោកទំនងជាចង់និយាយដល់ ពីបុណ្យសក្ដិឬងារ ដែលមេសង្ឃធំៗទាំងនោះ ទទួលបានមក​ដល់សព្វថ្ងៃ។ «រឿងបុណ្យសក្តិសង្ឃ មិនត្រូវធ្វើការតែងតាំងស្រេច់តែនឹងចិត្តនោះទេ ត្រូវធ្វើការជ្រើស​ព្រះសង្ឃអង្គណា ដែលចាស់វស្សាជាងគេ ក្នុងការដឹកនាំ។»

លោកបានបង្ហាញថា ប្រសិនបើចង់ឲ្យប្រកាសរបស់គណៈសង្ឃទាំងពីរនេះ មានប្រសិទ្ធិភាពក្នុងការអនុវត្តនោះ គប្បីត្រូវ​កែក្នុងច្បាប់បោះឆ្នោតថា «ព្រះសង្ឃមិនមានសិទ្ធិបោះឆ្នោតទេ។ ក្នុងនោះ ក៏មានច្បាប់គណបក្សនយោបាយមាត្រា១៥ ចែងថា បុព្វជិក មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកំលាំងនគរបាលជាតិ អាចចូលរួមជាសមាជិក​បក្ស​នយោបាយបាន តែមិនអាចធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សណាមួយឡើយ។ ច្បាប់នេះ ក៏ត្រូវធ្វើការកែប្រែ​ដែរ។»

អ្នកវិភាគរូបនេះបន្តរថា នៅមានការណែនាំមួយទៀត កាលពីជំនាន់កុំម្មុយនីស ក្រោមការណែនាំពីរដ្ឋាភិបាលឲ្យព្រះសង្ឃ ជួយអប់រំឧបាសក ឧបាសិកា ឲ្យគាំទ្រគោលនយោបាយបក្ស ដែលមកទល់នឹងពេលនេះក៏មិនទាន់លប់ចោល ដូច្នេះក៏​ត្រូវ​ធ្វើការលប់ចោលដែរ។ ឯសង្ឃប្រកាសឆ្នាំ២០១១ ដែលគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិនោះ ក៏​ត្រូវ​លប់ចោល។ «ធ្វើយ៉ាងណា ឲ្យមានការអនុវត្តត្រឹមត្រូវតាមច្បាប់។ ម្តងខ្លួនឯងបំពានច្បាប់ ហើយស្រែកឲ្យគេគោរព​ច្បាប់ ដែលទាំងនេះមិនមែនជាការទៀងទាត់ទេ មិនល្អ មិនត្រឹមត្រូវ និងក៏មិនសមស្រប តាមការព្រានប្រដៅ​របស់​ព្រះពុទ្ធ​ផង​ដែរ។ ម្តងធ្វើអញ្ចេះ ម្តងធ្វើអញ្ចោះ ដោយបំពានច្បាប់រដ្ឋទៀត (វា)មិនត្រឹមត្រូវទេ៕»

-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...