កម្ពុជា៖ ស្ថានភាពនៃការបញ្ចេញមតិ មានភាពចំរុះ
សេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន កំពុងតែឈមនឹងបញ្ហា បើទោះបីជាមានភាពប្រសើរឡើង ក្នុងលក្ខខណ្ឌខ្លះក៏ដោយ។ នេះបើយោងទៅតាមវេទិកាពិភាក្សាគោលនយោបាយ ស្តីពី ការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា មានការចូលរួមពីតំណាងគណបក្សនយោបាយចំនួនប្រាំពីរ ដែលរៀបចំដោយមជ្ឍៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅសណ្ឋាគារអ៊ីមភើរៀ នាព្រឹកនេះ។
កិច្ចពិភាក្សាគ្នា នៅសណ្ឋាគារអ៊ីមភើរៀ។ (រូបថត MONOROOM.info/ U.Bory)
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាមានប្រសាសថា៖ «សិទ្ធិសេរីភាពបញ្ចេញមតិ នៅកម្ពុជាបច្ចុប្បន្ននេះ មានភាពចំរុះ »។ លោកពន្យល់ថា បើទោះជាមានការផ្តល់នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ ការជួបជុំធ្វើកូកម្ម(...) ប៉ុន្តែសកម្មភាពទាំងនេះ នៅតែទទួលរងនូវការរិតត្បិត គំរាមកំហែង បង្ក្រាប និងការប្ដឹងផ្តល់ ជាពិសេសនៅពេលសកម្មភាពទាំងនេះ មានការប៉ះពាល់ដល់អ្នកមានអំណាច។
កញ្ញា សន រ៉ាមណា អ្នកសម្រសម្រួលគម្រោងសេរីភាពបញ្ចេមតិ នៅមជ្ឍៈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានលើកឡើងអំពីឧបស័គ្គមួយចំនួន ដែលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ដែលក្នុងនោះរួមមានខ្វះការសហការពីមន្ត្រីរដ្ឋាភិបាល ប្រព័ន្ធតុលាការមិនឯករាជ្យ ការបកស្រាយច្បាប់ខុស ការប្រើច្បាប់ដើម្បីបង្រ្កាប សកម្មជន អ្នកប្រឆាំង ឬអ្នក សារពត៌មានជាដើម។
លោ អ៊ូ ចាន់រិទ្ធ ជាប្រធានគណៈកម្មការវិន័យរបស់គណៈបក្សសង្គ្រោះជាតិ បានថ្លែងថា ប្រជាធិបតេយ្យរស់ទៅបាន អាស្រ័យមានការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិមនុស្សអាស្រ័យលើការបញ្ចេញមតិ។ លោកបញ្ជាក់ថា៖ «វាចាំបាច់ណាស់ដែលត្រូវមានច្បាប់ស្តីពីការទទួលពត៌មានពីព្រោះពលរដ្ឋ និងអ្នកសារពត៌មានត្រូវការពត៌មាន ជាពិសេសនោះគឺពត៌មានដែលមានភាពឯករាជ្យ»។ លោកបន្តថាក្នុងពេល ដែលលោកធ្វើជាអ្នកតំណាងរាស្រ្ត លោកគ្នានសិទ្ធិបញ្ចេញមតិនៅក្នុងរដ្ឋសភា ខណៈដែលលោកបានដាក់សំណួរជាច្រើននៅក្នុងរដ្ឋសភាទៅកាន់រដ្ឋាភិបាល តែមិនបានទទួលចំលើយត្រឡប់មកវិញសូម្បីតែមួយ។
សូមរំឮកថាវេទិកាពិភាក្សានេះ មានការចូលរួមពីតំណាងគណៈបក្សនយោបាយចំនួន ប្រាំពីរខណៈពេល ដែលអវត្តមានរបស់គណៈប្រជាជន ដែលជាគណៈបក្សកាន់អំណាច ដោយលើកហេតុផលថាជាប់រវល់។
----------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ