ឈូក បណ្ឌិត ត្រូវ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​«ចេញដីកា»​រក​ចាប់​ខ្លួន បន្ទាប់​ពី​សម្រេច​ក្ដី

សាលក្រមផ្តន្ទាទោសអតីតចៅហ្វាក្រុងបាវិត ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប្រាំមួយខែ ព្រមទាំង​ពិន័យជាប្រាក់ចំនួនសាមសិបប្រាំបី(៣៨)លានរៀល ក្នុងបទបង្ករបួសស្នាមដោយអចេតនា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលបានបណ្តាលឲ្យកម្មការិ បីនាក់នេះរងរបួស។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្វាយរៀង៖ សាលក្រមផ្តន្ទាទោសអតីតចៅហ្វាក្រុងបាវិត ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប្រាំមួយខែ ព្រមទាំង​ពិន័យជាប្រាក់ចំនួនសាមសិបប្រាំបី(៣៨)លានរៀល ក្នុងបទបង្ករបួសស្នាមដោយអចេតនា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលបានបណ្តាលឲ្យកម្មការិ បីនាក់នេះរងរបួស។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការ នៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info / O. Vary)

លោក លាង សួគ៌ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀង បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី២៥ ខែ​មិថុនា នេះ ដោយអវត្តមានជនជាប់ចោទ សម្រេចទោសជនជាប់ចោទ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដាក់ពន្ធនាគារចំនួនមួយឆ្នាំប្រាំមួយខែ ក្នុងបទចោទបង្ករបួសស្នាមដោយ«អចេតនា» និងបង្គាប់ឲ្យជនជាប់ចោទ សង​ជម្ងឺចិត្តដល់កម្មការនីរងគ្រោះទាំងបីនាក់ ចំនួនសាមសិបប្រាំបីលានរៀល។ លោកបន្តថា លោកសម្រេចចេញដីកា ឲ្យ​ចាប់ខ្លួនលោកឈូក បណ្ឌិត ដើម្បីផ្តន្ទាទោស តាមច្បាប់។

ជាមួយគ្នានេះដែរលោកចៅក្រម ក៏បានចោទប្រកាន់លោក ស ចន្ថា នាយកផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាល​ក្រុងបាវិតឲ្យជាប់ពន្ទនាគារចំនួនប្រាំមួយខែ និងពិន័យប្រាក់មួយលានរៀលចូលជាថវិការដ្ឋ តាមមាត្រាទី២០ នៃច្បាប់​គ្រប់គ្រងអាវុធជាតិផ្ទុះ ពីបទប្រើអាវុធគ្មានបទបញ្ជា ។

ជនរងគ្រោះមួយរូប អ្នកនាង នុត សាខន បាននិយាយថាគាត់មិនពេញចិត្តចំពោះសាលក្រមនេះទេ ប៉ុន្តែអ្នកនាងក៏​មិនធ្វើការប្តឹងផ្តល់តទៅទៀតដែរ ណាមួយឡើងចុះត្រូវចំណាយលុយច្រើន ណាមួយពិបាកកូនខ្ចីផង។ ចំណែកជន​រងគ្រោះពីរនាក់ទៀត អ្នកនាងប៊ុត ចន្តា និង កែវ នា មិនអាចទាក់ទងបានទេនៅល្ងាចថ្ងៃនេះ។

មេធាវីការពារជនរងគ្រោះទាំងបី លោកស្រី សារី បុត្រចរិយា បានចាត់ទុកថាសាលក្រមនេះ មានយុត្តិធម៌ខ្លះដែរ​សម្រាប់​កូនក្តីរបស់លោកស្រី។ តែទោះយ៉ាងនេះក្តី លោកស្រីនៅតែធ្វើការពិចារណាថា តើគួរបន្តរប្តឹងទៀត ឬមួយ​យ៉ាងណា។ «ខ្ញុំបានស្នើសុំចោទប្រកាន់ ក្នុងបទប៉ុនប៉ងធ្វើមនុស្សឃាត មិនមែនបទបង្ក​របួសស្នាមដោយ​អចេតនា​នោះ​ទេ ព្រោះមានសាក្សីច្រើនបានចង្អុលបង្ហាញ។ ទោះជាយ៉ាងណានេះក្តី ខ្ញុំក៏សប្បាយចិត្តនឹង​លទ្ធផលនេះ​ខ្លះៗ​ដែរ។»

លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត បានជាប់សង្ស័យថាបានបាញ់ ធ្វើឲ្យរបួសកម្មការិនីរោងចក្រ​កៅវ៉េ​ក្រុងបាវិតបីនាក់ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១២កន្លងមក។ ការប្រកាសសាលក្រមនេះ បន្ទាប់មានសវនាការ​អស់រយៈពេល បីថ្ងៃចាប់តាំងពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៣ ដោយអវត្តមានជនជាប់ចោទ។

ទាក់ទងនឹងការសម្រេចសេចក្តី របស់សាលាដំបូងខេត្តស្វាយរៀងនេះ អង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការ​មិនពេញចិត្ត បើទោះជាតុលាការមួយនេះបានសម្រេចផ្តន្ទាទោស អតីតអភិបាលក្រុងបាវិត តាមទម្ងន់ទោស​ខាង​លើ​ក្ដី។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ បានប្រតិកម្មថាលោក ឈូក បណ្ឌិត មានចេតនាបាញ់កម្មករ នៅពេលដែលពួកគាត់កំពុងធ្វើកូដកម្ម នៅមុខរោងចក្រដើម្បីទាមទារឲ្យមានការគោរព នូវលក្ខខណ្ឌការងាររបស់​កម្មករនោះ។ «លោក ឈូក បណ្ឌិត មានគោលបំណងធ្វើមនុស្សឃាត (…)។ ខ្ញុំសោកស្តាយ ដែលតុលាការមួយនេះ​មិនបានរួមចំណែក ដើម្បីស្វែងរកយុត្តិធម៌ពិតជូនជនរងគ្រោះ។»

ចំពោះលោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា មិនគួរដាក់ទោសពីបទបង្ករបួស​ស្នាម ដោយអចេតនានោះទេ គួរតែសម្រេចដាក់ទោសពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនាវិញ ព្រោះជន​រងគ្រោះ​ទាំងបីនាក់នៅកន្លែងផ្សេងគ្នា តែបែរជាត្រូវរបួសដោយសារគ្រាប់កំាំភ្លើងរបស់លោកឈូក បណ្ឌិតតែមួយទៅវិញ។ លោកបន្ថែមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បានអះអាងដែរ ថាលោក ឈូក បណ្ឌិត ជាខ្មាន់កាំភ្លើង។ «មានការផ្តន្ទា​ទោស តែជាស្ថានភាពមួយស្រាល ឯសំណងជម្ងឺចិត្តវិញក៏តិច ដូច្នេះសម្រាប់ជាយុត្តិធម៌ (វា)មិនទាន់មានគ្រប់​គ្រាន់​ទេ»។

តែ លោក អំ សំអាត នៅតែបានគាំទ្រលើចំណាត់ការនេះ ថាជាជំហានមួយបោះទៅមុខ។ សម្រាប់ប្រធានគម្រោង​ការងាររបស់មជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍ លោក មឿន តុលា វិញ សាលក្រមនេះ ជាភាព«គំរូ»មួយនៃ​សាលា​ដំបូងខេត្តស្វាយរៀង ទោះបីជាមានការសម្រេចផ្ទុយពីការបង្ហាញរបស់សាក្សី ដែលបានឃើញហេតុការណ៍ថាលោក ឈូក បណ្ឌិត ជាអ្នកបាញ់ទៅលើកម្មករដោយចេតនាក៏ដោយ។ ការសម្រេចចេញដីកាចាប់ខ្លួន និងឃុំខ្លួនលោក ឈូក បណ្ឌិត នេះចាត់ទុកថាជារឿងមួយត្រឹមត្រូវ តែក្នុងនាមលោកជាសង្គមស៊ីវិល នៅតែមានការសោកស្តាយ​ចំពោះ​ការ​ដាក់ទោសនេះ។ «តាមអង្គហេតុ តាមសក្ខីកម្មឃើញថា លោក ឈូក បណ្ឌិត មានចេតនាធ្វើឲ្យមនុស្សរបួស ឬក៏ស្លាប់​តែម្តង»។

សូមរម្លឹកថា សំណុំរឿងបាញ់កម្មការិនី នៅក្រុងបាវិតខេត្តស្វាយរៀងនេះ ធ្លាប់បានបញ្ជូនមកកាន់​សាលាឧទ្ធរណ៍ជំនុំ​ជំរះរួចហើយ តែត្រូវបានសាលាឧទ្ធរណ៍រុញសំនុំរឿង ឲ្យត្រឡប់ទៅសាលាដំបូងខេត្តស្វាយរៀងវិញ ដើម្បីធ្វើការ​ស្រាវ​ជ្រាវ និងសម្រេចសេចក្ដីជាថ្មីម្ដងទៀត។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...