ប្រធានក្លិបរៀលម៉ាឌ្រីដថា អេនសេឡូទី និងអ៊ីស្កូ ជិតមកដល់ក្រុមហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គោលដៅចំបងរបស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ដែលជាគ្រូបង្វឹករបស់ក្រុមប៉ារីស ហ្សិន ជឺម៉ិន (Paris St Germain) លោកកាឡូ អេនសេឡូទី (Carlo Ancelotti) និងខ្សែបម្រើរបស់ក្រុមម៉ាឡាហ្គា (Malaga) អ៊ីស្កូ (Isco) ជិតបានមកចូលរួមជាមួយក្លិបហើយ។ នេះជាសម្តីរបស់លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) ម្ចាស់ក្លិបរៀលម៉ាឌ្រីដ និយាយទៅកាន់អ្នកសារព័ត៌មាន។
លោកកាឡូ អេនសេឡូទី គ្រូបង្វឹករបស់ក្រុមប៉ារីស ហ្សិន ជឺម៉ិន។ (រូបថត JEFFROY GUY/SIPA)
ក្លិបម្ចាស់ជើងឯកពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ៩សម័យកាល នឹងតែងតាំងលោកអេនសេឡូទី ជាគ្រូបង្វឹកថ្មី ជំនួសដំណែងលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបានចាកចេញទៅដឹកនាំក្រុមឆែលស៊ី (Chelsea) កាលពីចុងរដូវកាលមុន។ ជាងនោះទៅទៀត ក្លិបនឹងបន្ថែមសមាជិកវ័យក្មេងថ្មី អ៊ីស្កូ ដើម្បីជួយពង្រឹងក្រុមនៅរដូវកាលថ្មីខាងមុខ។
លោកប៉េរែស បានប្រាប់ដល់កាសែតក្នុងស្រុកមួយ នៃប្រទេសអេស្ប៉ាញថា៖ «ពេលនេះ អេនសេឡូទី មិនទាន់បានចុះកិច្ចសន្យានៅឡើយទេ។ ចំពោះពេលវេលា វាអាស្រ័យទៅលើក្រុមប៉ារីស ក្នុងការព្រមព្រាងគ្នាជាមួយលោកអេនសេឡូទី និងការប្រកាសគ្រូបង្វឹកថ្មីរបស់គេ លោកឡូរ៉ង់ ប្លង់ (Laurent Blanc)។ យើងបានព្រមព្រៀងគ្នាអស់ហើយ ជាមួយក្លិបប៉ារីស ដូច្នេះខ្ញុំគ្រាន់តែដឹងច្បាស់ថា លោកអេនសេឡូទី ជាគ្រូបង្វឹកថ្មី សម្រាប់ក្រុមខ្ញុំ។»
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោកប្លង់ បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់ជិតក្លាយជាគ្រូបង្វឹកថ្មី របស់ក្រុមម្ចាស់ជើងឯកបារាំងហើយ ដើម្បីជំនួសដំណែងលោកអេនសេឡូទី ដែលកំពុងតែទទូចសុំចាកចេញពីក្លិប។
បុរសសញ្ជាតិអ៊ីតាលី វ័យ៥៤ឆ្នាំ ហាក់ដូចជាមានទំនោរ ចង់ទៅដឹកនាំក្រុមយក្សរបស់អេស្ប៉ាញខ្លាំងណាស់ បន្ទាប់ពីដឹងថាលោកម៉ូរីញ៉ូ បានចាកចេញ។
ខ្សែបម្រើឆ្នើមវ័យក្មេង អាយុក្រោម២១ឆ្នាំរបស់អេស្ប៉ាញ អ៊ីស្កូ ជាគោលដៅដ៏សំខាន់មួយរបស់ក្រុមរៀលម៉ាឌ្រីដ និងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពីកីឡាកររូបនេះ បង្ហាញពីទម្រង់លេងគួរឲ្យស្ងើចសរសើរ ២រដូវកាលចុងក្រោយ ជាមួយនឹងក្រុមម៉ាឡាហ្គា និងបានជួយឲ្យក្រុមឡើងដល់វគ្គ ១ភាគ៤ផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) កាលពីរដូវកាលមុន។
ជាពិសេសកីឡាកររូបនេះ ជាតួរអង្គសំខាន់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ ដែលបានជួយឲ្យអេស្ប៉ាញ លើកពានអ៊ឺរ៉ូ អាយុក្រោម២១ឆ្នាំ (Euro Under-21) នៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ មិថុនា កន្លងទៅថ្មីៗនេះ។
អតីតគ្រូបង្វឹកក្រុមម៉ាឡាហ្គា លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ដែលបានទៅដឹងនាំក្រុមម៉ែនស៊ីធីនោះ ចង់នាំយកអតីតកូនក្រុមរបស់លោក ទៅកាន់ប្រទេសអង់គ្លេសដែរ ប៉ុន្តែហាក់ដូចជាមានការយឺតយ៉ាវជាងក្រុមអេស្ប៉ាញ (រៀលម៉ាឌ្រីដ) បន្តិច។
លោកប៉េរែស បានបន្ថែមថា៖ «អ៊ីស្កូ ជាកីឡាករមួយរូបល្អបំផុត នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ហើយយើងជឿថាគាត់ប្រាកដជាមានសមត្ថភាពគ្រប់គ្រាន់ លេងឲ្យក្រុមរៀលម៉ាឌ្រីដ។ ខ្ញុំដឹងថា គាត់ចង់មកទីនេះខ្លាំងណាស់ ហើយខ្ញុំក៏ចង់ឲ្យគាត់មកចូលរួមជាមួយពួកយើងខ្លាំងដែរ។»
កាសែតក្នុងស្រុកប្រទេសអេស្ប៉ាញ បានរាយការណ៏ថា រៀលម៉ាឌ្រីដ បានព្រមឲ្យតម្លៃ ៣០លានអ៊ឺរ៉ូ (៣៩.២៨លានដុល្លា) ទៅក្រុមម៉ាឡាហ្គា ដើម្បីនាំយកអ៊ីស្កូ មកកាន់ទីក្រុងម៉ាឌ្រីដ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ