យុទ្ធនាការ​អាវ​ខ្មៅ៖ មេ​ដឹកនាំ​សង្គម​ស៊ីវិល​២នាក់ និង​ស្ត្រី​សកម្មជន​៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន

មេដឹកនាំអង្គការសង្គមស៊ីវិលចំនួនពីររូប ស្ត្រីសកម្មជនខាងសិទ្ធិលំនៅដ្ឋាន ចំនួន៤នាក់ (មកពី​សហគមន៍​បឹងកក់​ចំនួន​៣នាក់ និង​សហគមន៍​បូរីកីឡា​ចំនួន១នាក់) ត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈពួកគេទាំង​នោះព្យាយាម​ប្រមូល​គ្នា​ ដើម្បី​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ។
យុទ្ធនាការ​អាវ​ខ្មៅ៖ មេ​ដឹកនាំ​សង្គម​ស៊ីវិល​២នាក់ និង​ស្ត្រី​សកម្មជន​៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន
លោក អ៊ី សារ៉ុម និងលោក ថាវ គីមសាន ត្រូវបានក្រុមកងកម្លាំងចាប់ក្រៀក ដាក់បញ្ចូលរថយន្ដ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 09, 2016
  • ប្រធានបទ: សិទ្ធិ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ រដ្ឋាភិបាលកម្ពុជា​ទំនងជាកំពុងប្រើកណ្ដាប់ដៃដែក កាន់តែខ្លាំងឡើងហើយ។ ក្នុងព្រឹកថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃទីមួយ នៃយុទ្ធនាការ«ថ្ងៃចន្ទ ពណ៌ខ្មៅ» មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួន​ពីរនាក់ និងស្ត្រីសកម្មជនខាងសិទ្ធិលំនៅដ្ឋាន ចំនួន៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ។

មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិលនោះ គឺលោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោត និងលោក ថាវ គឹមសាន នាយករងទទួលបន្ទុកផ្នែកតស៊ូមតិ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ។ ស្ត្រី​សកម្ម​ជន​ខាង​សិទ្ធ​លំនៅដ្ឋាន​ទាំង៤នាក់ មានម្នាក់ គឺអ្នកស្រី ស ស៊ន មកពីសហគមន៍បូរីកីឡា និងបីនាក់ មានអ្នកស្រី បូវ សោភា អ្នកស្រី គង់ ចន្ថា និងកញ្ញា សុង ស្រីលាភ មកពីសហគមន៍បឹងកក់។

លោក សារុំ លោក គឹមសាន និងអ្នកស្រី ស ស៊ន ត្រូវបានអាជ្ញាធរខណ្ឌដង្កោចាប់ខ្លួន នៅវេលាម៉ោង៨ និង​២០នាទី ហើយបញ្ជូនខ្លួនទៅសាលាខណ្ឌដង្កោ បន្ទាប់ពីពួកគេបានជួបជុំគ្នា ដើម្បីធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ ​​ឲ្យ​មាន​ការដោះ​លែង​មន្រ្តី​ការពារសិទ្ធិមនុស្ស​ នៅក្បែរពន្ធនាគារ​ព្រៃ​ស។

រីឯស្ត្រីបីនាក់ទៀតមកពីសហគមន៍បឹងកក់ ត្រូវបានកងកម្លាំងខណ្ឌដូនពេញឃាត់ខ្លួន វេលាម៉ោងប្រមាណជា ៩និង៣០នាទី ខណៈពួកគេកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដើម្បីព្យាយាមទៅចូលរួម ជាមួយនឹងក្រុមខាងលើ (ដែលនៅក្បែរពន្ធនាគារព្រៃស)។ ស្ត្រីសកម្មជនទាំងបីរូប ត្រូវបានបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

និង«...។ល។»

កាលពីថ្ងៃអាទិត្យម្សិលម៉ិញ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីជូនដំណឹង (ស.ជ.ណ) មួយ ទៅ​កាន់​ថ្នាក់ដឹកនាំរាជធានីខេត្ត លើកឡើងពីចលនា«ផ្សព្វផ្សាយបំផុសញុះញង់» ឲ្យមានយុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ និងកៀរគរ«ប្រមូលកម្លាំង» ដើម្បីទាមទារឲ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្ស (បួន​រូប​ពីសមាគមអាដហុក និងមួយរូបពី គ.ជ.ប.)។ សេចក្ដីជូនដំណឹងនោះ បានលើកឡើងពីវិធានការ៥ចំណុច ក្នុង​នោះ​មាន​ការកោះប្រជុំបន្ទាន់ តាមដាន រាយការណ៍ និងដោះស្រាយ ទៅលើសភាពការណ៍ណា ដែល​កើត​ឡើង។

លោក ស ខេង បានលើកឡើងថា «មុខសញ្ញា»ដែលត្រូវយកចិត្តទុកដាក់ មានជាអាទ៍ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃ កម្មករ និង«...។ល។» ហើយបានបញ្ជា ទៅកាន់មន្ត្រី​ក្រោម​ឱវាទ​ទាំង​នោះ ឲ្យធ្វើការគ្រប់គ្រង«ផ្ទៃក្នុង»មន្ត្រីរាជការ តាមមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់​អាវុធ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បីបង្ការទប់ស្កាត់ ការប៉ុនប៉ងអូសទាញ ឲ្យចូលរួមក្នុងចលនាខាងលើ។

សេចក្ដីជូនដំណឹង របស់លោក ស ខេង បានចេញក្រោយ​សេចក្ដីប្រកាសព័ត៌មាន​មួយទៀត របស់​ក្រសួង​មហាផ្ទៃ ដែលចេញផ្សាយនៅក្នុងថ្ងៃអាទិត្យដដែល និងបានបញ្ជាក់ថា រាល់ការប្រមូលផ្តុំ និងការ​ដង្ហែ​ក្បួន​នានា​ដើម្បី​សម្តែងមតិ ត្រូវអនុវត្តក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ជាពិសេសដាច់ខាត មិនត្រូវធ្វើ​សកម្មភាព​ណា​មួយ ប៉ះ​ពាល់​ដល់សន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋទូទៅឡើយ។ ក្រសួង​មហាផ្ទៃ​បាន​ព្រមានថា៖ «អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បី​អនុវត្ត​ច្បាប់​ដោយម៉ឹងម៉ាត់ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និង​ការ​ពង្រឹង​នីតិរដ្ឋ ក្នុងក្របខណ្​ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...