ខឹម វាសនា ថាសុខចិត្តឲ្យ CPP កាន់អំណាចជាជាង CNRP
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំរាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) បើឲ្យគណបក្សសង្គ្រោះជាតិកាន់ការស្រុកទេស នោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ សុខចិត្តអោយគណបក្សប្រជាជនកម្ពុជា (នៅបន្ត)កាន់វិញ ប្រសើរជាង។ នេះជាសំណេររបស់លោក ខឹម វាសនា ប្រធានគណបក្សមួយនេះ ទៅលើគណនីហ្វេសប៊ុករបស់លោក ដើម្បីពន្យល់រៀបរាប់ ទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ ជាប្រភេទគណបក្សដែលមានសណ្តាន«ថោកទាប»ហួសនឹងបរិយាយ។
ការលើកឡើងរបស់លោក ខឹម វាសនា ដែលសម្បូរទៅដោយពាក្យ«ថោកទាប» និងពាក្យ«ថោក»បានធ្វើឡើងតបទៅនឹងសំណេរមួយ របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់ជាគំនិតថា ប្រមុខដឹកនាំរបស់គណបក្ស«ជួង» គួរលះបង់ជាជំហ៊ានទីមួយ ដោយអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិសិន មុននឹងគណបក្ស«ជួង» ក្លាយជាគណបក្សប្រឆាំង ដ៏ធំជាងគេ (SIC) នៅក្នុងជំហ៊ានទីពីរ។ សំណេររបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាយោបល់ដំបូងរបស់លោក ស៊ន តារា គូបដិបក្ខដ៏ល្បីល្បាញ ទល់នឹងគណបក្ស«ជួង»នោះ បានសរសេរបន្តទៀតថា បើគណបក្សប្រជាជនកម្ពុជា នៅកាន់អំណាច នោះសុបិនអ្វីក៏នៅតែជាសុបិនតពូជ មិនអាចក្លាយជាការពិតទេ តែថែមទាំងទៅរួមជួយគណបក្សប្រជាជនកម្ពុជាទៅវិញ។
កុំសង្ឃឹម!
តបនឹងគំនិត ដែលពិបាកនឹងជឿបានខាងលើនេះ លោក ខឹម វាសនា បានលុតក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រឡប់មកវិញថា៖ «មនុស្សថោកទាប ទោះពាក្យសំដី ឬការងារ ស្ថិតក្នុងលក្ខណ:សណ្ឋានបែបណាក៏ដោយ ក៏នៅតែធំ(ក្លិន)ចំហាយថោកទាប ដោយចៀសមិនរួចឡើយ»។ ហើយប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យរូបនេះ បានឆ្លើយតបច្បាស់ៗថា នឹងសុខចិត្តឲ្យគណបក្សប្រជាជនកម្ពុជា នៅបន្តកាន់អំណាច ជាជាងឲ្យគណបក្សសង្គ្រោះជាតិ ឡើងកាន់ការស្រុកទេស។
ប្រមុខ«ទ័ពជួង»ដ៏ល្បីល្បាញ បានសរសេរពន្យល់ថា៖ «ពលរដ្ឋខ្លួនឈឺចាប់នឹងការជិះជាន ភាពអយុត្តិធម៌ ដែលជាលទ្ធផលនៃការដឹកនាំរបស់បក្សប្រជាជន (ហើយ)ពួកគាត់ខំរត់គេចចេញមករកអ្នកជួយ អាបក្សសង្គ្រោះជាតិវាថោកប៉ុណ្ណាទៅ វាសាហាវប៉ុណ្ណាទៅ ដែលវាឆ្លៀតពេលដែលពលរដ្ឋរងគ្រោះគាត់ឈឺចាប់ អាបក្សថោកមួយនេះវាមិនជួយហើយ ថែមទាំងឆ្លៀតមកកេងចំណេញ យកប្រយោជន៍លើជនរងគ្រោះទៅទៀត។ (...) មិនមែនត្រឹមតែមិនជួយអាបក្សថោកទាប អន្តពាលមួយនេះប៉ុណ្ណោះទេ តែត្រូវតែកំចាត់ វែកមុខអាបក្សតិរិច្ឆានមួយនេះឲ្យបាន។»
លោក ខឹម វាសនា ដែលអះអាងថា ចលនា«ជួង»របស់លោក ជាចលនា«បដិវត្តន៍»តែមួយ ដែលស្មោះត្រង់ក្នុងការជួយជាតិសាសន៍ខ្មែរនោះ បានសរសេរទៀតថា៖ «យើងនឹងនាំមុខពលរដ្ឋរងគ្រោះ ក្នុងការឲ្យមកយល់ត្រូវ។ ពលរដ្ឋវង្វេងមើលឃើញថា សង្គ្រោះចោរល្អគ្រាន់បើជាង CPP តែយើងជាជនបដិវត្តន៍ មានចំណេះដឹងជាងពលរដ្ឋ (SIC) យើងឃើញច្បាស់ថា សង្គ្រោះចោរ គឺជាចោរលាក់មុខ ឆ្លៀតឆក់យកអំណាចដើម្បីប្រយោជន៍ក្រុមខ្លួន ដោយគ្មានគិតដល់ការឈឺចាប់ និងទំហំនៃមហន្តរាយ ចំពោះជាតិពីទង្វើថោកទាប របស់ខ្លួនវាឡើយ។»
ជាលទ្ធផល?
មកដល់ពេលនេះ សំណេររបស់លោក ខឹម វាសនា មានការចែករំលែកចំនួនជាង៣០០ដង ខណៈសំណេររបស់លោក ស៊ន តារា មានការចែករំលែកជាង៦០០ដង។ ការអះអាងរបស់មេបក្សជួង មានការផ្ដល់យោបល់ប្រមាណជា៧០ដង តែការចូលរួមផ្ដល់យោបល់ ទៅលើគំនិតរបស់សកម្មជនគណបក្សសង្គ្រោះជាតិ មានចំនួនដល់ទៅជាង៣០០ដង រាប់ទាំងយោបល់ប្រឆាំង និងស្រប។ តែការចាញ់ឈ្នះ មិនសំខាន់ក្នុងពេលនេះទេ ព្រោះគេត្រូវរងចាំមើល នៅឆ្នាំ២០១៨ខាងមុខ ថាតើនរណា នឹងចេញមកស្រែកទ្រហោរយំ នៅតាមវិទ្យុ ឬតាមទូរទស្សន៍ បន្ទាប់ពីលទ្ធផលត្រូវបានប្រកាសរួច។ ឬក៏ក្រុមទាំងពីរត្រូវយំដូចគ្នា ខណៈអ្នកដែលសើចក្អាកក្អាយ ជាក្រុមទីបីទៅវិញ៕