សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

ពុំមានការបញ្ជាក់ច្បាស់ ពីមន្ត្រីរដ្ឋាភិបាលនៅឡើយនោះទេ ទាក់ទិនទៅនិងព័ត៌មានដែលព្រះមហាក្សត្រ បានព្រះរាជទានទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ បើទោះបីមានការអះអាងពីប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិដែលសុំមិនបញ្ចេញឈ្មោះបាន អះអាងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខា លើកលែងទោសដល់លោក សម រង្ស៊ី កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក៏ដោយ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ពុំមានការបញ្ជាក់ច្បាស់ ពីមន្ត្រីរដ្ឋាភិបាលនៅឡើយនោះទេ ទាក់ទិនទៅនិងព័ត៌មានដែលព្រះមហាក្សត្រ បាន​ព្រះរាជទានទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេច​ពីការជាប់ពន្ធនាគារ បើទោះបីមានការអះអាងពីប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិដែលសុំ​មិនបញ្ចេញ​ឈ្មោះបាន អះអាងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខា លើកលែងទោសដល់លោក សម រង្ស៊ី កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

អត្ថបទព័ត៌មានក្រោមចំណងជើងថា ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហត្ថលេខាលើកលែងទោសលោក សម រង្ស៊ី ត្រូវបានបង្ហោះឡើង នៅលើគេហទំព័រកោះសន្តិភាព នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១២ខែកក្កដានេះ។ ព័ត៌មាននេះ ត្រូវបាន​គេចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយអ្នកខ្លះសម្តែងការត្រេកអរ អ្នកខ្លះមិនជឿ ប៉ុន្តែ​អ្នកខ្លះសង្ឃឹមថា រឿងនេះ នឹងក្លាយជាការពិត។

លោកអ៊ុំ តារាវុធ សមាជិកព្រះរាជខុទ្ទកាល័យព្រះហាក្សត្រ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោកបានថ្លែងថា ៖«ខ្ញុំមិនសម្ភាសន៍ទេ»។

ចំណែកលោកខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានអ្វី ជុំវិញរឿង​លើកលែងទោសលោកសម រង្ស៊ី នោះឡើយ។ លោកបានឲ្យដឹងថា ៖«សួរទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្រែងគេដឹងរឿងនេះច្បាស់ជាងខ្ញុំ»។

លោក គៀត ចាន់ថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិ នៅតែប្រកានជំហរដដែល ដោយលោកមានបញ្ជាក់ថា លោកពុំ​បាន​ទទួលព័តមានអំពីការលើកលែងទោសនោះទេ ប៉ុន្តែនគរបាលត្រៀមនឹងអនុវត្តដីកាចាប់ខ្លួន មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើលោក សម រង្ស៊ី បង្ហាញខ្លួននៅកម្ពុជា។ លោកបានថ្លែងបន្តទៀតថា៖ «យើងជាស្ថាប័នអនុវត្តន៍ច្បាប់ គឺ​យើងធ្វើ​តាមតែដីការតុលាការ»។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលសុំ«មិនបញ្ចេញឈ្មោះ»បានឲ្យដឹងថា ព្រះមហាក្សត្របានឡាយ​ព្រះហត្ថលេខា​លើកលែងទោសដល់លោក សម រង្ស៊ី រូចហើយ នៅម៉ោងប្រមាណ ១០យប់ ថ្ងៃទី១១ ខែកក្កដានេះ បន្ទាប់ពីលោកសមរង្ស៊ី បានដាក់លិខិតសើ្នសុំព្រះមហាក្សត្រព្រះរាជទានទោស កាលពីថ្ងៃទី ២៣ ខែមិថុនា។ មន្ត្រីដដែលនោះបានថ្លែងឲ្យដឹងថា ៖«នៅពេលនេះរង់ចាំតែការប្រកាសជាផ្លូវការតែប៉ុណ្ណោះ ពីសំណាក់មន្ត្រីរបស់រដ្ឋាភិបាល»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រធានបក្សរបស់លោក នៅមិនទាន់ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រនោះនៅឡើយទេ ប៉ុន្តែលោក សម រង្ស៊ី នឹងនៅតែវិល​ចូល​ប្រទេស​កម្ពុជាវិញ ដូចការគ្រោងទុករបស់លោកយ៉ាងប្រាកដ។ លោកបានឲ្យដឹងទៀតថា ៖«នោះគ្រាន់តែជាពាក្យ​ចចាម​អារាមតែប៉ុណ្ណោះ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត បានឲ្យដឹងថា លោកមិនបានទទួលព័ត៌មាននេះឡើយ ហើយសម្រាប់​ក្រសួងយុត្តិធម៌ គឺមិនមានការស្នើលើកលែងទោសលោក សម រង្ស៊ី នោះទេ ៖ «ប៉ុន្តែដោយឡែក ទាក់ទងនឹងក្រសួង​យុត្តិធម៌ គឺគ្មានទេ អំពីនឹងការស្នើសុំលើកលែងទោសនោះ គឺគ្មានទេ មិនមានទាល់តែសោះ»។

អតីតលេខាផ្ទាល់សម្តេចនរោត្តមសីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ក៏មានបន្ទូលដែរថា បើមានការលើកលែង​ទោស​មែននោះ ព្រះរាជក្រឹត្យជាផ្លូវការ នឹងត្រូវចាក់ផ្សាយតាមរយៈទូរទស្សន៍ជាតិ ៖ «ប្រសិនជាព្រះករុណា ព្រះមហាក្សត្រ លោកព្រះរាជហរទ័យ លើកលែងទោសជូនឯកឧត្តម សម រង្ស៊ី គឺព្រោះរាជក្រឹត្យនោះ ផ្សព្វផ្សាយតាមរយៈ​ទូរទស្សន៍​ជាតិហើយ ជាពិសេស ទទក»។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះ តាមរយៈបណ្ដាញសារព័ត៌មានសង្គម ក្រុមអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសបុកមួយចំនួន បានសរសេរតៗគ្នាដោយនិយាយថា លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិត្រូវបានព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានការលើកលែងទោស។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស បានសរសេរនៅក្នុង​គេហទំព័រផ្លូវការលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា លោកនឹងធ្វើសន្និសិទការសែតនៅយប់ថ្ងៃនេះ ហើយនៅ​ថ្ងៃ​ទី១១ ខែកក្កដាម្សិលមិញ​លោកក៏បានចេញមុខ អំពាវនាវដល់អ្នកគាំទ្របក្សសង្គ្រោះជាតិ ពិសេសក្រុមយុវជនចូលរួមធ្វើ​ជាអ្នកអង្កេតការណ៍ស្ម័គ្រ​ចិត្ត ដើម្បីតាមដានការបោះឆ្នាតខាងមុខនេះ។

តាមរយៈសេចក្ដីអំពាវនោះ លោកសម រង្សី បានបញ្ជាក់ថា ៖«ដើម្បីការពារសន្លឹកឆ្នោត ដែលចេញពីឆន្ទះពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ខ្មែរកុំឲ្យមានការលួចបន្លំនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ខ្ញុំសូមអំពាវនាវដល់ឲ្យ​បងប្អូនជនរួមជាតិ​ទាំងអស់ ពិសេសក្រុមយុវជន យុវតី ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីការពារសន្លឹកឆ្នោត តាមរយៈការ​ចូលរួម​ធ្វើជាអ្នកអង្កេតការណ៍បោះឆ្នោត និងរាប់សន្លឹកឆ្នោត»។

លោកសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោល​ព្រំដែនកម្ពុជា-​វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែបន្ទាប់ពីការនិរទេសខ្លួន​នៅឯក្រៅ​ប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ប្រមាណ៤ឆ្នាំ កាលពីថ្ងៃទី០៧ ខែកក្កដា លោក សម រង្ស៊ី បានបញ្ជាក់ថា លោក​នឹង​មកកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ទោះជារដ្ឋាភិបាលចាប់ខ្លួនលោកក៏ដោយ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...