សម រង្ស៊ី៖ គេ​ខឹង​ខ្ញុំ​គឺ​ជា​រឿង​គេ តែ​ខ្ញុំមិន​ខឹង​គេ​គឺ​ជា​សេចក្តី​សុខ​ខ្ញុំ

«គេខឹងខ្ញុំ គឺជារឿងរបស់គេ តែខ្ញុំមិនខឹងគេ គឺជាសេចក្តីសុខរបស់ខ្ញុំ» នេះជាសាររបស់មេគណបក្សប្រឆាំង ស្រង់​សំដី​ដោយ​លោក អេង ឆៃអៀង ដើម្បី​តប​ទៅ​នឹង​​ការ​លើក​ឡើង​ដោយ​កំហឹង របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិការនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៣ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ ជាងមួយម៉ោងមុននេះ លោក អេង ឆៃអៀង តាមបណ្តាញ​សង្គម​របស់​ខ្លួន បានលើកឡើងថា មេគណបក្សប្រឆាំង លោក សម រង្ស៊ី នឹងមិនខឹងអ្នកណាឡើយ បើទោះជាលោក ហ៊ុន សែន ខឹងលោកយ៉ាងណាក៏ដោយ។ លោកបានលើកឡើងថា ការដែលលោកមិនខឹង នឹងលោក ហ៊ុន សែន នោះ ព្រោះវាជាសេចក្តីសុខផ្ទាល់ខ្លួនលោក។ លោក ឆៃអៀង ដែលជាប្រធានគណកម្មការទីមួយ នៃរដ្ឋសភា មក​ពី​គណបក្សសង្គ្រោះជាតិ បានសរសេរថា «សម រង្ស៊ី ៖ ខ្ញុំនឹងសុំអភ័យទោស ចំពោះនរណាក៏ដោយ ពេល​ណា​ក៏ដោយ បើខ្ញុំបានធ្វើឲ្យគេឈឺចាប់ ក្នុងប្រការណាមួយ ដោយអចេតនា។ ក្នុងការបំពេញតួនាទីរបស់​យើង ជាអ្នកនយោបាយ យើងក៏ត្រូវមានសុជីវធម៌ដែរ។»

ការលើកឡើងខាងនេះ បន្ទាប់ពីលោក នាយករដ្ឋមន្រ្តី បានថ្លែងក្នុងវីដេអូឃ្លីបមួយ ដែលបានផ្សាយតាម​ទំព័រ​ហ្វេសប៊ុក​​របស់លោក  កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បន្តធ្វើការចោទប្រកាន់ ទាំងកំហឹងថា មេបក្ស​ប្រឆាំងទាំងពីរ បាននឹងកំពុងកេងចំណេញ ផ្នែកនយោបាយនៅកម្ពុជា តាមរយៈការលើកឡើង ពី​«អស្ថិរភាព​នយោបាយ» នៅកម្ពុជានោះ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី បានធ្វើការព្រមានថា លោកនឹងមិន​មាន​ការ​លើក​លែងទោស ជាថ្មីដល់លោក សម រង្ស៊ី ឡើយ ខណៈដែលសំណុំរឿងលោក សម រង្ស៊ី ស្ថិតក្នុងដៃ​តុលាការ ហើយមិនទាន់បានបញ្ចប់នៅឡើយនោះ។

ឃ្លីបវីដេអូ ដែលបានធ្វើការបកស្រាយ ដោយលោកនាយករដ្ឋមន្រ្តី ក្នុងរយៈពេលជាង៤០នាទី លោកក៏បាន​ស្នើឲ្យអ្នកគាំទ្ររដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ងើបឡើងតតាំង នឹងសកម្មភាព​គណបក្ស​ប្រឆាំង ជាមួយនឹងសិទ្ធិរៀងខ្លួន។ លោកបានបញ្ជាក់ថា៖ «សូមអ្នកគាំទ្រគណបក្សប្រជាជន អ្នកគាំទ្រ​រាជ​រដ្ឋាភិបាល ត្រៀមខ្លួនដើម្បីឆ្លើយតប ចំពោះទង្វើអាក្រក់របស់បក្សប្រឆាំង និងអ្នកគាំទ្ររបស់គេ។ មិនមែន​ជា​ការក្តិចសង្អាប្រជល់គ្នាទេ ក៏ប៉ុន្តែយើងឆ្លើយតប សិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធទល់​ហ្នឹងអំពើ ដែលមានចរិតជាការផ្តួលរំលំ។ នេះហើយជារបៀបគ្រប់គ្រងអំណាច។ (...) បក្សប្រឆាំងទៅវិញទេ ជានិច្ចកាលកេងយកចំណេញ អស្ថិរភាពនយោបាយ។ គេចង់បង្កើតឲ្យមានអស្ថេរភាពនយោបាយ ជាប់​ជា​និច្ច តាមរយៈការការញុះញង់ ឲ្យខ្ញុំព្រះករុណាខ្ញុំខឹង តាមរយៈការញុះញង់ ឲ្យមានបញ្ហានេះ បញ្ហា​នោះ​កើត​ឡើង។»

សូមបញ្ជាក់ថា ដំណាលគ្នានឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីនេះ ខណៈលោក សម រង្ស៊ី និង​លោក កឹម សុខា មេបក្សប្រឆាំង បាននឹងកំពុងមានវត្តមាន នៅប្រទេសជប៉ុននៅឡើយ។ មេមេបក្សទាំងពីបាន​ចាត់​ទុក​ថា ប្រទេសជប៉ុន ជាដៃគួមួយមានតួនាទីសំខាន់ ក្នុងការដោះស្រាយស្ថានការនយោបាយ នៅកម្ពុជា តាម​រយៈការបោះឆ្នោត។

តាមអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា បានលើកឡើងថា កំហឹង ឬសារនយោបាយ បែបគម្រាម និង​ព្រមាន របស់លោក ហ៊ុន សែន នេះមិនមែនជាលើកទីមួយនោះឡើយ។ ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនមែនព្រមាន តែលើអ្នកនយោបាយតែមួយនោះដែរ លោកតែងធ្វើការព្រមាន ទៅគ្រប់ដៃគូ​ប្រកួត​ប្រជែង អ្នកវិភាគ ឬអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីបង្ហាញពីអំណាច និងឥទ្ធិពលរបស់ខ្លួន ក្នុងការ​គ្រប់​គ្រង​អំណាច និងបន្តគ្រប់គ្រងអំណាច ដែលមានរយៈពេល ជាង៣ទសវត្សន៍មកហើយ៕


» សូមទស្សនាវីដេអូ ដែលថ្លែងដោយលោកនាយករដ្ឋមន្រ្តីកម្ពុជា ជិតមួយម៉ោងដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...