អង្គការ​អន្តរជាតិ​៣ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​បាងកក ពី​វិបត្តិ​នយោបាយ​កម្ពុជា

អង្គការអន្តរជាតិធំៗចំនួនបី ដោយទំនងជាមានការចូលរួម ពីអង្គការសហប្រជាជាតិផង នឹងធ្វើសន្និសីទសារព័ត៌មានមួយ ផ្ដោតសំខាន់ទៅលើការវិវត្តន៍ថ្មីៗ ជាពិសេសពីវិបត្តិ​នយោបាយ ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា។ សន្និសីទនេះ នឹងប្រារព្ធធ្វើ នៅក្នុងអាគារទីស្នាក់ការ នៃក្លិបអ្នកកាសែតបរទេស ក្នុងរាជធានីបាងកក ប្រទេសថៃ ចាប់ពីម៉ោង១០និង៣០នាទីតទៅ ហើយបណ្ដាអ្នកសារព័ត៌មានទាំងឡាយ ត្រូវបានអញ្ជើញឲ្យចូលរួម។
អង្គការ​អន្តរជាតិ​៣ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​បាងកក ពី​វិបត្តិ​នយោបាយ​កម្ពុជា
រូបសញ្ញារបស់អង្គការអន្តរជាតិទាំងបី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងមកពី​អង្គការអន្តរជាតិធំៗចំនួនបី រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) និងបណ្ដាញវេទិកាអាស៊ី (Forum Asia) នឹងជួបពិភាក្សាគ្នា ស្ដីពីស្ថានការណ៍នយោបាយកម្ពុជា ដែលបានកើតឡើងចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលនឹងប្រព្រឹត្តិធ្វើ នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលានេះ ក្នុងអាគារទីស្នាក់ការ នៃក្លិបអ្នកកាសែតបរទេស ប្រចាំរាជធានីបាងកក ប្រទសថៃ។

សេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការរៀបចំកិច្ចពិភាក្សាគ្នាខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបទទួលបានក្នុងយប់ថ្ងៃចន្ទ ទី១៦ ចូលមកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ បានសរសេរឲ្យដឹងថា វិបត្តិផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិ​ប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅពេលឥឡូវនេះ បានឈានមកដល់ដំណាក់កាល ជាប្រវត្តិសាស្ត្រថ្មីមួយ។

សេចក្ដីប្រកាសព័ត៌មានបានសរសេរថា៖ «នៅក្រោមលេស ដើម្បីបង្ក្រាប"បដិវត្តន៍ពណ៌" លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ ទំនងជាកំពុងលប់បំបាត់ចោលទាំងស្រុង នូវសម្លេងគណបក្សប្រឆាំង ឬសម្លេងរបស់សង្គមស៊ីវិល ឲ្យបានមុនការបោះឆ្នោតជាតិ ដែលនឹងត្រៀមធ្វើ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ»។

ស្ថានការណ៍ចុងក្រោយ ដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា ត្រូវបានសេចក្ដីប្រកាសព័ត៌មាននោះ ពន្យល់ដោយត្រួសៗដូច្នេះ៖ «គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង កំពុងប្រឈមនឹងការរំលាយចោល ខណៈមេដឹកនាំរបស់គណបក្សនេះ កំពុងជាប់ឃុំ និងនិរទេសខ្លួន - ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កំពុងស្ថិតនៅក្រោមការវាយប្រហារ យ៉ាងពេញទំហឹង ក្នុងនោះមានវិទ្យុឯកជន និងវិទ្យុដែលមិនរណបរដ្ឋាភិបាល ត្រូវបានបិទទ្វារ - សកម្មជនសិទ្ធិមនុស្ស និងសកម្មជន នៅតាមសហគមន៍ កំពុងរត់គេចខ្លួន ហើយអង្គការក្រៅរដ្ឋាភិបាល ដែលមានចំនួន​កាន់តែច្រើនឡើង កំពុងប្រឈមនឹងការព្យួរ ឬការបណ្តេញចេញ»។

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «តែផ្ទុយទៅវិញ សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយភាគច្រើន នៅតែរក្សាភាពស្ងប់ស្ងៀម និងបន្តមើលដោយគ្មានប្រតិកម្មអ្វីទាំងអស់ នៅចំពោះទង្វើរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំផ្លាញការធានា ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាម និងនាំសន្តិភាព មកឲ្យកម្ពុជា»។

តំណាងមកពីអង្គការអន្តរជាតិទាំង៣ រួមមាន លោក ហ្វីល រ៉ូប៊ិនសិន (Phil Robertson) នាយករងទទួលបន្ទុកតំប់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ - លោក ឃីងស្លី អាប៊ុត (Kingsley Abbott) ទីប្រឹក្សាផ្នែកច្បាប់អន្តរជាតិ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ របស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ និងលោក មូគូនដា កាទែល (Mukunda Kattel) មន្ត្រី​ជំនាញខាងសិទ្ធិមនុស្ស និងការអភិវឌ្ឍ របស់បណ្ដាញវេទិកាអាស៊ី។ សន្និសីទសារព័ត៌មាន នឹងអាចមានវត្តមានចូលរួម ពីសំណាក់តំណាង នៃស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សដែរ ប៉ុន្តែអ្នករៀបចំកម្មវិធី បានអះអាងថា កំពុងរង់ចាំចម្លើយ ពីស្ថាប័នពិភពលោកមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...