អាមេរិកព្រមានពីអស្ថិរភាពយូរអង្វែង ចំពោះការអនុម័តច្បាប់កែថ្មីនៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៧
- កែប្រែចុងក្រោយ: October 17, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការអនុម័តការធ្វើវិសោធនកម្មច្បាប់ ទាំង៤ យ៉ាងប្រញាប់ប្រញាល ពីសំណាក់រដ្ឋសភា ដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រតិកម្មភ្លាមៗ ច្បាស់ៗ ពីសហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅមុននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ ដែលអាចឈានទៅរំលាយគណបក្សប្រឆាំងធំជាងគេ និងយកអាសនៈ ពីគណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេងនោះ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»។
សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «ការប្រកួតប្រជែងពិតប្រាកដ មានសារៈសំខាន់ណាស់ សម្រាប់លទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខ។ ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់ នាំឱ្យមានអស្ថិរភាពយូរអង្វែង ច្រើនជាងរយៈពេលខ្លី»។
The US is deeply concerned by the National Assembly’s passage of amendments to #Cambodia’s Election Law. https://t.co/6OvPtnY9WA
— Department of State (@StateDept) 17 octobre 2017
កាលពីព្រឹកម្សិលម៉ិញ ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ ចែកឲ្យគណបក្សផ្សេង ចំពេលតុលាការកំពូល កំពុងពិនិត្យលើបណ្តឹង សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងខណៈប្រធានគណបក្សមួយនេះ កំពុងជាប់ឃុំខ្លួន ជាបណ្តោះអាសន្ន។
ការស្នើសុំធ្វើវិសោធនកម្មច្បាប់ និងការអនុម័ត ត្រូវបានធ្វើឡើង យ៉ាងប្រញាប់ប្រញាល់ នៅក្រោយការលើកឡើងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន ព្រមានពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយនឹងផ្ដល់អាសនៈរបស់គណបក្សនេះ ទៅឲ្យគណបក្សយ៉ាងហោច ចំនួន៥ផ្សេងទៀត។
យ៉ាងណា សហរដ្ឋអាមេរិកនៅតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ជុំវិញទង្វើចុងក្រោយរបស់ខ្លួន។ សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសរសេរថា៖ «យើង (សហរដ្ឋអាមេរិក) ជំរុញឱ្យមន្រ្តីរដ្ឋាភិបាល ពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃចំណាត់ការថ្មីៗ របស់ពួកគេឡើងវិញ។ ហើយយើង ក៏សូមស្នើជាថ្មីម្តងទៀត ឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ»៕