សម រង្ស៊ី៖ CPP កំពុងធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 19, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាព និងទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា លើគណបក្សសង្គ្រោះជាតិ ជាការឈានទៅរក ការបំបាត់សម្លេងបក្សប្រឆាំង ក្នុងរដ្ឋសភា។ នេះជាការលើកឡើង របស់ប្រធានគណៈបក្សប្រឆាំង នៅមួយថ្ងៃក្រោយការបណ្ដេញលោក ពីកៅអីជាតំណាងរាស្ត្រ នៅក្នុងរដ្ឋសភា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សរសេរអះអាងនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើង ពាក់ព័ន្ធនឹងទង្វើយ៉ាងយង់ឃ្នងនោះ រួមមាន ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួ ដាក់ពន្ធនាគារ មកទល់នឹងថ្ងៃនេះ - ការវាយដំយ៉ាងសាហាវ មកលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា - ការដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទី១នៃរដ្ឋសភា និងចុងក្រោយបំផុតនេះ គឺការចេញដីកា ឲ្យចាប់ខ្លួនលោក ដែលជាតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា ព្រមទាំងបណ្តេញលោក ចេញពីសមាជិកភាពរដ្ឋសភា ដោយតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។
លោក សម រង្ស៊ី បានសរសេរថា៖ «ទង្វើទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទី របស់គណបក្សប្រឆាំងតែមួយគត់ ដែលមានអសនៈក្នុងរដ្ឋសភា។ ហើយបង្ហាញថា ប្រទេសកម្ពុជា បានវិលត្រឡប់ ទៅរកប្រព័ន្ធបក្សតែមួយ ដូចមុនថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១។»
លោកបន្ថែមថា៖ «ទង្វើទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលនាំមកនូវផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ អញ្ចឹងដែរ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ដែលមានធានា ក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ចុះហត្ថលេខាដោយ១៨ប្រទេសជាមិត្ត ដោយមានការគាំទ្រ ពីអង្គការសហប្រជាជាតិផងដែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់នូវរបបនយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស។»
សម្រាប់អ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ បានចាត់ទុកថា ការដកតំណែង និងការចេញដីការចាប់ខ្លួន លោក សម រង្ស៊ី ជារឿងឯកជនសុទ្ធសាធ មិនមែនជារឿងនយោបាយ ឬរដ្ឋាភិបាលឡើយ។ លោកបន្តថា ករណីនេះ ក៏ជាការបង្ហាញថា កម្ពុជាកំពុងមានភាពជោគជ័យ លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីឈានទៅលប់បំបាត់នីទណ្ឌភាព នៅកម្ពុជា។
លោក ស៊ីផាន បានថ្លែងបែបចំអក ត្រឡប់ទៅលោក សម រង្ស៊ី វិញថា៖ «អ្នកអាចរត់គេចខ្លួនបាន ក៏ប៉ុន្តែអ្នកមិនអាចនៅក្រៅសំណាញ់ច្បាប់ នោះទេ។ គ្រាន់តែពេលវេលាតែប៉ុណ្ណោះ ដែលកំណត់ព្រឹត្តិការណ៍ នៃការទទួលទោសទណ្ឌ។ (...) ការប្រគល់ភាព ជាតំណាងរបស់ប្រជាពលរដ្ឋ និងអភ័យឯកសិទ្ធិ ឬជាឥស្សរជននៃគណបក្សប្រឆាំង មិនបានសេចក្តីថា ជាជននៅលើច្បាប់នោះទេ។ ការប្រឆាំងនឹងនិទណ្ឌភាព គឺមិនរើសអើង ជាមួយនិន្នាការនយោបាយ ឋានះ និងតួនាទីនយោបាយឡើយ។»៕