អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក

ការបង្ហើបឲ្យដឹង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានធ្វើឡើងក្រោយ​ការដក​តំណែង របស់​លោក ញឹក ប៊ុនឆៃ ពីមុខនាទីជា ទីប្រឹក្សា​រដ្ឋាភិបាល ដែលមានឋានៈ ស្មើនឹង​ឧបនាយក​រដ្ឋមន្ត្រី។ តែ​ការ​លើក​ឡើង​នេះ ត្រូវបាន​លោក ញឹក ប៊ុនឆៃ ខ្លួនលោកច្រានចោលថា ជាការ​យល់​ច្រឡំ។
អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក
លោក ញឹក ប៊ុនឆៃ អតីតមេទ័ពរាជានិយម​ដ៏ល្បីឈ្មោះ និងជា​ប្រធាន​គណបក្សខ្មែររួបរួមជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព័ត៌មានដែលលេចឭ បានក្លាយជាការពិត។ តែការពិតនោះ ត្រូវបានលោក ញឹក ប៊ុនឆៃ អតីតមេទ័ព​រាជា​និយម​​​ដ៏​​ល្បី​​ឈ្មោះ និង​ជា​​ប្រធាន​គណបក្សខ្មែរ​រួបរួម​ជាតិ ច្រាន​ចោល ដោយបកស្រាយថា រឿងដែលលើកឡើង​នោះ ​ជា​​ការ​​យល់​​ច្រឡំ ហើយលោកបានពន្យល់រឿងនេះ ជូនទៅលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​​ប្រជាជន​​​កម្ពុជា រួចហើយ។

រឿងវ៉ាវដែលបានកើតឡើង នៅត្រង់ថា លោក ញឹក ប៊ុនឆៃ ពិតជាបានទូរស័ព្ទ ទៅលោក អេង ឆៃអ៊ាង អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ កាលពី​មុន​ការ​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ជុំវិញ​ការ​ស្នើ​​ឲ្យ​​អ្នក​គាំទ្រ​ របស់​គណបក្ស​ខ្មែរ​រួបរួមជាតិ​ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ឃុំ​ដែល​​​គណបក្ស​​​ខ្មែរ​រួបរួម​​ជាតិ​ មិន​មាន​លទ្ធភាព​ ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ។ នេះបើតាម​ការ​អះអាង របស់លោក អេង ឆៃអ៊ាង នៅ​ក្នុង​​​កិច្ច​សម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីម្សិលម៉ិញ។

លោក អេង ឆៃអ៊ាង បានឲ្យដឹងថា៖ «គាត់​គ្រាន់​តែ​និយាយ​ជាមួយ​ខ្ញុំ​ គាត់​ថា​ គាត់​ឲ្យ​ឃុំ​ណា​ ដែល​អត់​​មាន​​បេក្ខជន​​​​គាត់​ហ្នឹង​ អ្នក​ដែល​គាំ​ទ្រ​គាត់​ហ្នឹង​ ឲ្យ​បោះឆ្នោត​ឲ្យ​សង្គ្រោះជាតិ​ហ្នឹង​ហើយ​ ព្រោះ​ខ្ញុំ​វា​មិន​ចាប់​​អារម្មណ៍​ ព្រោះ​​ដោយ​​សារ​បើ​​គាត់​​មាន​អ្នកគាំទ្រ​ គាត់​ដាក់​បេក្ខជន​បាន​ហើយ។​ ខ្ញុំ​វា​មាន​ទៅស្អី​ អាហ្នឹង ​ហ្នឹង។ បើ​គាត់​​ដាក់​បេក្ខជន​របស់​គាត់​អត់​បាន​ផង​ តើ​គាត់​មាន​អ្នក​គាំទ្រ​ឯណា​ អាហ្នឹង​និយាយ​ឲ្យ​ស្រួល​ស្តាប់​។»។

«មិន​ស្មោះស្ម័គ្រ​ជាមួយ​រដ្ឋាភិបាល»

នៅក្នុងបទសម្ភាស ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន លោក ញឹក ប៊ុនឆៃ បានលើក​ឡើង​ថា មានការ​ដាក់​ពង្រាយ​​កម្លាំង​ប្រដាប់អាវុធ​ យ៉ាង​សន្ធឹក​សន្ទាប់ មានទាំងកម្លាំងប៉ូលិស​ កង​រាជ​អាវុធហត្ថ​ និង​​ទាហាន​ មកព័ទ្ធ​ផ្ទះ​​លោក​​​ក្នុង​សង្កាត់​​ជ្រោយចង្វារ អស់​រយៈពេល​៤ថ្ងៃ​ ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​ទី៣​ ​រហូតដល់​​ល្ងាច​​ថ្ងៃ​ទី៦​ ខែមិថុនា ពោលគឺនៅមុន និងក្រោយពេលបោះឆ្នោត។ នៅក្នុងរយៈពេលនេះ គឺនៅថ្ងៃទី៤ ខែមិថុនា លោក​ ញឹក ប៊ុនឆៃ ត្រូវបានដក​មុខ​តំណែង ចេញពីទីប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ថានៈ​ស្មើ​នឹង​ឧបនាយក​រដ្ឋ​មន្ត្រី ដោយ​​ព្រះ​​រាជក្រឹត្យ​​មួយ​​របស់ព្រះមហាក្សត្រ តាមការស្នើសុំរបស់លោក ហ៊ុន សែន។

បន្ទាប់ពីការដកមុខតំណែង អាវុធនិងអង្គរក្សការពារ ដែលលោក ញឹក ប៊ុនឆៃ មាន ក៏ត្រូវបានដកហូតចេញ​ទាំង​​អស់​ដែរ។ លិខិត​​កោះ​ហៅ​មួយ របស់ស្នងការ​រាជធានី លោក ជួន សុវណ្ណ ចុះថ្ងៃទី៧ ខែមិថុនា បាន​បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ បានបំភ្លឺ​នៅ​សាលាខេត្ត​បន្ទាយមានជ័យថា លោក​មាន​អាវុធ​ខ្លី​ចំនួន​ ​១០​ដើម​ និង​​អាវុធ​​វែង​​ចំនួន​​១៦ដើម។ លិខិត​ដែលធ្លាក់​​មកដល់ដៃ​អ្នកសារព័ត៌មាន បានបន្តថា អតីតមេទ័ព​រាជា​និយម​រូបនេះ ​បាន​​ប្រគល់​​អាវុធ (ខ្លី) ១០ដើម ជូនលោក អាត់ ខែម ស្នងការ​ដ្ឋាន​​​នគរបាល​​ខេត្ត​​បន្ទាយ​មានជ័យ​ និង​អាវុធ​វែង១​ដើម​ទៀត ​ជូន​លោក​ ​ចៅ ភិរុណ​ អគ្គនាយក​​​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ​​ក្រសួង​ការពារជាតិ​​រួច​​ហើយ។​ តែ​​លោក​ ញឹក ប៊ុនឆៃ​ ​ត្រូវ​ប្រគល់​​អាវុធ​ ចំនួន​១៥ដើម​ផ្សេង​ទៀត​ នៅ​ពេល​លោក​​មក​កាន់​ស្នងការ​ដ្ឋាន​ នគរបាល​​​រាជធានី​​​ភ្នំពេញ។​

លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងជាមន្ត្រីជិតដិត​របស់លោក ហ៊ុន សែន បានពន្យល់​ការដកហូត​អាវុធ ​និង​អង្គរក្ស​ពី​លោក ញឹក ប៊ុនឆៃ ថាត្រូវបានធ្វើ​ឡើង ក្រោម​ហេតុផល «មិន​ស្មោះស្ម័គ្រ​​ជាមួយ​រដ្ឋាភិបាល»។ លោក​រដ្ឋមន្ត្រី​បានថ្លែងប្រាប់​សារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ កាលពីចុងសប្ដាហ៍​កន្លងមក​ថា​៖ «​កាល​គាត់​​នៅ​​ជាមួយ​​រាជ​រដ្ឋាភិបាល ​​តួនាទី​របស់​គាត់​​ក៏​ខ្ពស់​ដែរ ដូច្នេះ​គេ​ចាត់​ឲ្យ​មាន​អង្គរក្ស​...​ពេល​ដែល​គាត់​មិន​ស្មោះស្ម័គ្រ​ ជា​មួយ​រដ្ឋាភិបាល ដូច្នេះ​ រដ្ឋាភិបាល​​ត្រូវ​ដក​យក​វិញ ​​ទាំង​អង្គរក្ស និង​អាវុធ​។ (...) ចាំបាច់​អី​ទៅ​រក​រឿង?​ គេ​ចុះ​ចូល​យ៉ាង​​ណា និង​យ៉ាង​ណី​ គ្រាន់​តែ​គាត់​មិន​មាន​ភាព​ស្មោះស្ម័គ្រ​ [នឹង]រដ្ឋាភិបាល ហើយ​យើង​​ដឹង​​ស្រាប់​ហើយ ​គាត់​​មាន​កន្លែង​ទៅ​​របស់​​គាត់​។»​។

រវាង អេង ឆៃអ៊ាង និង អ៊ី គឹមអៀង...

យ៉ាងណាក៏ដោយ ក៏ការលើកឡើងខាងលើ ត្រូវបានលោក ញឹក ប៊ុនឆៃ ច្រានចោល ក្នុងថ្ងៃទី១៣ ខែមិថុនា​នេះ និង​បកស្រាយ​ថា រឿងរ៉ាវបានកើតចេញ ពីការយល់​ច្រឡំ។ លោកថា លោកមិនបាន​​ក្បត់​លោក ហ៊ុន សែន ទេ។

ក្នុងកិច្ចសម្ផាសផ្ទាល់​មួយ ជាមួយវិទ្យុអាស៊ីសេរី ពីគេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ប្រធានគណបក្សខ្មែររួបរួមជាតិ បានពន្យល់ថា លោក​បាន​ច្រឡំ​​លោក អេង ឆៃអ៊ាង ជាមួយលោក អ៊ី គឹមអៀង ​មិត្តភ័ក្ដិ​លោក និងជាមន្ត្រី​​គណបក្ស​ខ្មែរ​​រួបរួម​ជាតិ​ នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ ហើយថា​កិច្ច​សន្ទា​​តាម​​ទូរស័ព្ទ​​​​នោះ មានខ្លឹមសារប្រហាក់ប្រហែល នឹងការអះអាងខាងលើ របស់លោក អេង ឆៃអ៊ាង ដែរ។ លោក​ថា លោក​ប្រាប់​​ឲ្យ​អ្នក​គាំទ្រ​​របស់​លោក​ នៅ​ស្រុក​បារាយណ៍ បោះ​ឆ្នោត​​​ឲ្យ​ក្រុម​​លោក អ៊ី គឹមអៀង។

អន្ទាក់លោក ហ៊ុន សែន...

ការអះអាងរបស់លោក ទៀ បាញ់ ពីការ«ចុះចូល»របស់លោក ញឹក ប៊ុនឆៃ ក៏បានធ្វើឡើងស្រប នឹងព័ត៌មាន​ជា​ច្រើន ដែលបាន​ភ្ជាប់​ព្រឹត្តិការណ៍ នៃការដក​តំណែង​​របស់​​លោក ញឹក ប៊ុនឆៃ ទៅ​នឹង​ការ«​ច្របាច់​បញ្ចូល​គ្នា» ជាយថាហេតុណាមួយ រវាង​​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។ អនុប្រធាន​គណបក្​ប្រឆាំង​ លោក​ អេង​ ឆៃអ៊ាង​ មិន​បាន​អះអាង​ពីករណីនេះទេ តែលោក​បាន​ថ្លែង​ស្វាគមន៍ ការរួបរួមណាក៏ដោយ ដែល​អាច​ធ្វើ​ឡើង រវាង​ខ្មែរ​អ្នក​ស្នេហា​ជាតិ និងអ្នក​ប្រជាធិបតេយ្យ​ទាំង​អស់។ លោកថា៖ «យើង​អត់​មាន​បដិសេធ​ទេ​ ដែលថា​ គណ​បក្ស​​ណា​ក៏​ដោយ​ ដែល​​ចង់​​មក​ចូលរួម​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​យើង​​ស្វាគមន៍»។

តែសម្រាប់អ្នកវិភាគវិញ បានប្រាប់គណបក្សសង្គ្រោះជាតិ គប្បីមានការប្រយ័ត្នប្រយែង ជាជាងចូលអន្ទាក់​របស់​​លោក ហ៊ុន សែន ខណៈបុរសខ្លាំង​​ដែលស្ថិត​នៅក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍​មកនេះ តែង​គម្រាម​ជា​ញឹក​​ញាប់ ពីលទ្ធភាពផ្ទុះសង្គ្រាម ប្រសិនជា​គណបក្សប្រជាជន​កម្ពុជា​របស់លោក ចាញ់ឆ្នោត។

លោក មាស នី អ្នកសិក្សា​​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ បានពន្យល់ថា ការទទួលលោក ញឺក ប៊ុនឆៃ មក​រួមរស់ ​ជា​មួយ​គណបក្ស​សង្គ្រោះជាតិ អាចជួយបង្កើនសម្លេង ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនជាលោក ញឹក ប៊ុនឆៃ នៅ​ក្នុង​គណបក្សប្រឆាំង ក្នុងនាមជាបុគ្គលឯករាជ្យម្នាក់។ តែអ្នកវិភាគបានបន្តថា អតីតមេទ័ព លោក ញឹក ប៊ុនឆៃ នៅ​តែត្រូវបាន​ចាត់ទុក ជាមន្ត្រីយោធាដដែល បើទោះជាលោក បានក្លាយ​ជាជនសមញ្ញម្នាក់ក៏ដោយ ហើយ​​លោក ហ៊ុន សែន អាចយកលេស​ថាគណបក្សសង្គ្រោះជាតិ ព្យាយាមគៀងគរ​កម្លាំងទ័ព​នេះ ដើម្បី​ផ្ទុះ​អាវុធ ដូច​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ១៩៩៧៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...