បាត់ដំបង៖ សង្ឃឹមក្លាយជាម្ចាស់ដីវិញ បន្ទាប់ពីបាត់បង់អស់ជិត២០ឆ្នាំ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាត់ដំបង - ប្រជាពលរដ្ឋប្រមាណ៥៧នាក់ បានសំណូមពរដល់តុលាការ ដែលជាស្ថាប័នយុត្តិធម៌ឯករាជ្យ ជួយរកយុត្តិធម៌ដល់ពួកគាត់ជាពលរដ្ឋក្រីក្រ ហើយត្រូវបានបុគ្គលមានអំណាច រំលោភបំពានយកដីស្រែ ចំការ រហូតជិត២០ឆ្នាំ ដោយគ្មានកិច្ចអន្តរាគន៍ពីអាជ្ញាធរមូលដ្ឋានឡើយ បើទោះជាបានបង្ហាញប្លង់កម្មសិទ្ធិស្លាបមាន់ស្របច្បាប់ របស់ពួកគាត់ជាសាធារណៈក៏ដោយ ។
ក្រុមពលរដ្ឋលើកបង្ហាញប័ណ្ណកម្មសិទ្ធ ដាក់អ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ ប.ព.ម.អ)
វិបត្តិដីធ្លី - តំណាងប្រជាពលរដ្ឋបួននាក់ ដែលត្រូវតុលាការកោះហៅមកសាកសួរ កាលពីថ្ងៃទី០២ ខែកក្កដានេះ ក្នុងករណីទំនាស់ដីធ្លីនោះ មកពីភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីធ្លី ស្រែចំការពួកគាត់ ត្រូវបានបុគ្គលមានអំណាចម្នាក់ ឃុបឃិតជាមួយអាជ្ញាធរថ្នាក់ភូមិ ឃុំ និងស្រុក រំលោភយក និងគ្រង់គ្រងអស់រយៈពេលជិត២០ឆ្នាំ។ មកទល់នឹងបច្ចុប្បន្ននេះ ពួកគាត់ដែលមានប្លង់ និងឯកសារត្រឹមត្រូវ ត្រូវបានប្រែក្លាយជាចុងចោទ នៃអ្នករំលោភយកដីគេទៅវិញ។ តំណាងបួននាក់ដែលតុលាការកោះហៅនោះ រួមមានលោក ឈឺន ឆប លោក លន់ កីឡា លោក លេង ប្រុស និងអ្នកស្រី ចក់ សុខ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ចក់ សុខ ដែលជាប់ឈ្មោះ និងត្រូវតុលាការកោះហៅដែរនោះ បានលើកឡើងថា អ្នកស្រីមិនដឹងថាតុលាការកោះហៅក្នុងរឿងអ្វីទេ។ អ្នកស្រីបន្តថា «ដីពួកយើងមានកម្មសិទ្ធិ មានប្លង់រឹង តែគេឃុបឃឹកគ្នារំលោភយកជាយូរមកហើយ។ (...) យើងប្តឹងគ្មានប្រយោជន៍ទេ ព្រោះអាជ្ញាធរសុទ្ធតែជាគ្នាគេទាំងអស់ហ្នឹង។»
តាមការឲ្យដឹងរបស់តំណាងប្រជាពលរដ្ឋ លោក ឈឺន ឆប ក្រោយចេញពីតុលាការបានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា តុលាការហៅមកនេះ ដើម្បីចង់ដឹងពីប្រវត្តិដីដែលមានទំនាស់នោះ។ លោកបន្តថា ដីនេះត្រូវបានរដ្ឋាភិបាលចែកជូនមាតុភូមិនិវត្ត និងគ្រួសារប្រជាពលរដ្ឋក្រីក្រក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ លោកបានបន្តថា ក្រោយឆ្នាំ១៩៩៥ ទាហានដឹកជញ្ជូនជើងគោកមួយរូប លោក លឹម ជាឡេង ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានមកឈូសឆាយ ដី និងផលដំណាំប្រជាពលរដ្ឋអស់។ ក្រោយមក ប្រជាពលរដ្ឋក៏បានបន្តព្យួរដីដោយនង្គ័ល ឯលោក លឹម ជាឡេង បានមកព្យួរពីលើដោយត្រាក់ទ័រ។ «ប្តឹងជាបន្តបន្ទាប់ មកដល់ក្រសួង ព្រោះក្រសួងដឹងថាដីនោះ ត្រូវបានចែកជូនពលរដ្ឋធ្វើមាតុភូមិនិវត្ត និងគ្រួសារប្រជាពលរដ្ឋក្រីក្រ។ ដល់២០០២ ក៏ផ្អាកប្តឹង ព្រោះតែមិនបានផល បើទោះមានលិខិតពីលោក ហេង សំរិន អន្តរាគមក៏ដោយ។ (...) លុះមានក្រុមនិស្សិតមកវាសវែង ទើបពួកលោកមកធ្វើការប្តឹងជំទាស់ជាថ្មី។»
ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះ១៣៩ គ្រូសារ ត្រូវបានលោក លឹម ជាឡេង សំឡុតគម្រាមលក់ក្នុងតម្លៃថោកៗ ទៅឲ្យខ្លួន បើអ្នកណាមិនលក់ទេអ្នកនឹងត្រូវបាត់ដី ប្រាក់ក៏មិនបាន ហើយស្ពាយតែក្រដាសទៅ (ប្លង់កម្មសិទ្ធិ)។ លោក ឈឿង ទូច យោធាព្រំដែនដែលជាជនរងគ្រោះ បាត់បង់ដី២ហិកតាដែរនោះ បានបន្តថា ដោយការភ័យខ្លាច ប្រជាពលរដ្ឋភាគច្រើន បានលក់ដីនោះអស់ ជាក់ស្តែងនៅតែ៥៧គ្រួសារទេ ដែលមិនព្រមលក់។ លោកបញ្ជាក់ទៀតថា ទំនាស់ដីនេះ នឹងមានការអន្តរាគមន៍ពីលោកអភិបាលខេត្តថ្មី ហើយប្រជាពលរដ្ឋនឹងមានសង្ឃឹមច្រើន ក្នុងការទទួលបានដីនោះមកវិញ។ «ប្រជាពលរដ្ឋជឿជាក់លើប្លង់(ដី)របស់គាត់ ព្រោះប្លង់មិនបានបញ្ជាក់ ពីពេលវេលានៃសុពលភាពទេ ឯរបប(ការគ្រប់គ្រង) ក៏នៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយ នោះប្លង់ទាំងនៅតែមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមបញ្ហានេះ ពីលោកអភិបាលខេត្តបាត់ដំបង ចាន់ សុផល លោក នួន សាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង និងលោកលោក លឹម ជាឡេង ជាភាគីទំនាស់បានទេ ដោយគ្មានអ្នកទទួលទូរសព័្ទ និងមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែលោក យិន ម៉េងលី មន្ត្រីសំរបសំរួលនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះមានប្លង់រឹង (ស្លាបមាន់) ដែលចេញដោយអតីតអភិបាលខេត្តបាត់ដំបងលោក អ៊ុង សាម៉ី។ បើតាមការអះអាងរបស់លោក ឈឿង ទូច បានបញ្ជាក់ថា លោកអភិបាលខេត្តបាត់ដំបងថ្មីលោក ចាន់ សុផល ជាអ្នកជំរុញឲ្យតុលាការធ្វើការដោះស្រាយរឿងនេះ ដោយយុត្តិធម៌ ដើម្បីស្វែងរកម្ចាសដីពិតប្រាកដ។ ចំណែកលោកព្រះរាជអាជ្ញា ក្រោយឃើញឯកសារដែលមាន បានបង្ហាញការភ្ញាក់ផ្អើលថា ឯកសារមានគ្រប់គ្រាន់អស់ហើយ ហេតុអ្វីមិនបន្តប្តឹងមកតុលាការ?
មន្ត្រីសំរបសំរួល នៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យបាត់បង់នោះថា ព្រោះតែអំឡុងឆ្នាំ១៩៩៣ មានអសន្តិសុខ ដោយមានទ័ពខ្មែរក្រហមផង និងតំបន់នោះជាព្រៃផង ទើបប្រជាពលរដ្ឋបានអាក់ខានក្នុងការបង្កបង្កើនផល។ លុះឆ្នាំ១៩៩៦ ពួកគាត់ត្រឡប់ទៅវិញក៏ស្រាប់តែមានគេលួចលក់ និងកាន់កាប់អស់។ ប្រជាពលរដ្ឋទាំងនោះក៏សម្រេចចិត្តទៅបោះតង់ ធ្វើកូនរោងយាមដីក្នុងអំឡុងថ្ងៃទី២២ ដល់២៧ ខែមេសា ឆ្នាំ២០១៤ ដើម្បីរារាំងកុំឲ្យមានការដាំដុស។
លោកបានបន្ថែមថា ករណីនេះលោក លឹម ជាឡេង ជាយោធា បានឲ្យបងប្រុសបង្កើតខ្លួន ឈ្មោះ លឹម ជាសុង និងមនុស្សពីរបីនាក់ផ្សេងទៀត ចេញមុខដោះស្រាយរឿងនេះ ទើបថ្ងៃនេះ មានដីការកោះហៅតំណាងប្រជាពលរដ្ឋមកសាកសួរដោយតុលាការ តាមការចោទប្រកាន់ថា ប្រជាពលរដ្ឋបានមកប៉ះពាល់កម្មសិទ្ធិឯកជន។ ជាមួយនឹងការកោះហៅតំណាងប្រជាពលរដ្ឋនេះ សមាគមសិទ្ធិមនុស្សអាដហុក បានស្នើដាក់មេធាវីដើម្បីការពារតាមផ្លូវច្បាប់ហើយ។