បាល់ទាត់ពិភពលោក៖ រវាង កាមើរូន និងក្រូអាស៊ី ជាការប្រកួត«បន្លំ»?
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហព័ន្ធបាល់ទាត់នៃប្រទេសកាមើរូន បានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការសង្ស័យ ពីការប្រកួតបន្លំ រវាងក្រុមបាល់ទាត់ជំរើសជាតិរបស់ខ្លួន ជាមួយនឹងក្រុមបាល់ទាត់ នៃប្រទេសក្រូអាស៊ី កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ នៅបាល់ទាត់ពិភពលោក ប្រទេសប្រស៊ីល។ ការប្រកួតបន្លំនេះ ត្រូវបានបង្ហើបឲ្យដឹង ដោយទស្សនាវដ្ដីមួយរបស់ប្រទេសអាល្លឺម៉ង់ ហើយបានផ្ដោតការសង្ស័យយ៉ាងហោច ទៅលើកីឡាករជាតិកាមើរូន ៧រូប។
ក្រុមបាល់ទាត់ជំរើសជាតិនៃប្រទេសកាមើរូន។ (រូបថត AFP)
បាល់ទាត់ពិភពលោក - នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយសហព័ន្ធបាល់ទាត់ នៃប្រទេសកាមើរូន កាលពីដើមសប្ដាហ៍នេះ បានបញ្ជាក់ថាកីឡាករ៧រូប នឹងក្លាយជាមុខសញ្ញាថា មានជាប់សង្ស័យទៅនឹងការប្រកួតបន្លំ រវាងក្រុមបាល់ទាត់កាមើរូន និងក្រុមក្រូអាស៊ី កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ នៅបាល់ទាត់ពិភពលោក ប្រទេសប្រេស៊ីល។ ការស៊ើបអង្កេតនេះ ត្រូវបានបើកធ្វើភ្លាម បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA) បានប្រកាសសញ្ញាកាលពីពេលថ្មីនេះ។
ការប្រកួតបន្លំនេះ ត្រូវបានទស្សនាវដ្ដីអាល្លឺម៉ង់មួយ យកមករាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួន ដែលបានបញ្ជាក់ថា ការប្រកួតនោះត្រូវបានរៀបចំទុកជាមុន ដើម្បីលទ្ធផលមួយ ដែលបានដឹងមុនរួចជាស្រេច។ ហេតុការណ៍ដែលទស្សនាវដ្ដីបានលើកឡើង បានធ្វើទៅលើការ«ភ្នាល់»ដែលគេចង់ឲ្យផ្លាស់ប្ដូរលទ្ធផល បើសូម្បីតែការដេញកីឡាករកាមើរូន ចេញពីការប្រកួត នៅពាក់កណ្ដាលម៉ោងដំបូង ក៏មានការរៀបចំជាមុនដែរ។ កីឡាករកាមើរូន អាឡិចសដ្រ៍ សុង (Alexandre Song) ត្រូវបានអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញចេញពីការប្រកួត បន្ទាប់ពីកីឡាកររូបនេះ បាន«អុក»មួយកែងដៃដោយចំហរ ទៅលើខ្នងរបស់កីឡាករក្រូអាត ម៉ារីយ៉ូ មេនហ្សូគិក (Mario Mandzukic)។
ការប្រកួតនៅពេលនោះ មើលទៅដូចជាបង្កលក្ខណៈងាយស្រួល យ៉ាងច្រើនសម្រាប់ក្រុមកីឡាករ ក្រូអាត ក្នុងការយកពិន្ទុ និងស៊ុតបញ្ចូលទីរហូតដល់ទៅបួនគ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ នៅចុងបញ្ចប់នៃការប្រកួត នៅមានជម្លោះរវាងកីឡាករកាមើរូន គ្នាឯង នោះទៀត។ សូមអានអត្ថបទ ទាក់ទងនឹងជម្លោះឡើងវិញ ដោយចុចនៅលើទីនេះ។
សហព័ន្ធបាល់ទាត់ នៃប្រទេសកាមើរូន បានចាត់ទុកការលើកឡើងរបស់ទស្សនាវដ្ដីអាល្លឺម៉ង់ ជាបានការ ហើយបានស្នើសុំឲ្យគណៈកម្មាធិការវាយតម្លៃរបស់ខ្លួន បើកការស៊ើបអង្កេតទៅលើករណីនេះ ជាពិសេសទៅលើ«ផ្លែប៉ោមស្អុយទាំង៧» ដែលអាចជាទិសដៅក្នុងការប្រកួតបន្លំនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា សហព័ន្ធបាល់ទាត់នៃប្រទេសកាមើរូន សន្យានឹងដោះស្រាយឲ្យបានឆាប់បំផុត នូវបញ្ហា ដែលធ្វើឲ្យរំខាន ដល់កីឡាបាល់ទាត់នៃប្រទេសខ្លួន។
សម្រាប់ ហ្វីហា វិញ បានថ្លែងថា ខ្លួនមិនចង់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ទៅលើករណីនេះ ដោយទុកឲ្យក្រុមអ្នកស៊ើបអង្កេត ធ្វើកិច្ចការនេះឲ្យចប់ចុងចប់ដើមសិន។ សូមបញ្ជាក់ថា ការរៀបចំការប្រកូួតបន្លំណាក៏ដោយ នឹងរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ ហ្វីហ្វា ហើយជនប្រព្រឹត្តិ ឬជននៅពីក្រោយ អាចនឹងមានទោសព្រហ្មទណ្ឌនោះថែមទៀត៕