FIFA៖ ឆ្នាំនេះ បាល់ទាត់​កម្ពុជា​បន្ត​ឡើង​ចំណាត់ថ្នាក់...

បាល់ទាត់កម្ពុជា បានរីកមុខមាត់បានបន្តិចមកវិញ នៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» ដែលទើបនឹងចេញផ្សាយ ក្នុងចុងសប្ដាហ៍កន្លងទៅ។ បើធៀបនឹងចំណាត់ថ្នាក់ឆ្នាំទៅម៉ិញ ដែលកម្ពុជាទទួលលេខ ១៧៣ នៅឆ្នាំនេះ កម្ពុជាបានឡើងមកលេខ ១៦៨​ ពីក្នុងចំណោម២១១ប្រទេស នៅលើពិភពលោក។
FIFA៖ ឆ្នាំនេះ បាល់ទាត់​កម្ពុជា​បន្ត​ឡើង​ចំណាត់ថ្នាក់...
ពហុកីឡដ្ឋានជាតិ របស់កម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 26, 2018
  • ប្រធានបទ: បាល់ទាត់ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែចំណាត់ថ្នាក់ថ្មីនេះ បាល់ទាត់កម្ពុជាខ្លួនឯង នៅមិនទាន់រកចំណាត់ថ្នាក់ប្រសើរបំផុត ដែលទទួលបាន ក្នុងឆ្នាំ១៩៩៨នោះនៅឡើយ។ កាលនោះ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ ១៦២។ បន្ទាប់មកទៀត ក្នុងឆ្នាំ២០១០ កម្ពុជាបានទទួលចំណាត់ថ្នាក់ លេខ១៦៦ ដែលនៅតែគ្រាន់ជាងឆ្នាំនេះ ដែលទទួលបាន ត្រឹមលេខ ១៦៨។

ក្នុងចំណាត់ថ្នាក់ថ្មី ឆ្នាំ២០១៨ ដែលទើប​នឹងចេញផ្សាយ កាលពីចុងសប្ដាហ៍មុន ដោយសហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានបញ្ជាក់ថា កម្ពុជារកបានពិន្ទុ ១០៥ ដែលត្រូវនឹងចំណាត់ថ្នាក់ លេខ១៦៨ ខណៈប្រទេសយក្សខាងបាល់ទាត់ ដែលទទួលចំណាត់ថ្នាក់លេខមួយ នៅលើពិភពលោក គឺប្រទេសអាល្លឺម៉ង់ (ទទួលបានពិន្ទុ ១៥៣៣) និងប្រទេសដែលទទួលចំណាត់ចុងគេបំផុត មានចំនួន៥ប្រទេស (ទទួលបានពិន្ទុ ០)។

បើសិនជាគេនិយាយ ពីពិន្ទុដែលបាល់ទាត់កម្ពុជា​រកបានវិញ មិនមានន័យថា បាល់ទាត់កម្ពុជា មានភាពរីកចំរើន ដោយការចេញទៅប្រកួត ជាលក្ខណៈអន្តរជាតិ ទទួលបានជ័យជំនះ ភាគច្រើននោះឡើយ។ សូមប្រៀបធៀប ពិន្ទុឆ្នាំនេះ ដែលមាន ១០៥ពិន្ទុ ទៅនឹងឆ្នាំទៅម៉ិញ ដែលកម្ពុជាទទួលបាន ១០៨ ពិន្ទុ (ត្រូវនឹងចំណាត់ថ្នាក់លេខ ១៧៣ ដែលស្មើនឹងចំណាត់ថ្នាក់ ក្នុងឆ្នាំ២០១៦) បានសេចក្ដីថា ឆ្នាំនេះ កម្ពុជារកពិន្ទុបាន កាន់តែអន់ជាងឆ្នាំទៅម៉ិញ។ តែហេតុអ្វី ក៏កម្ពុជាមានចំណាត់ថ្នាក់ គ្រាន់ជាងឆ្នាំមុន?

អ្នកវិភាគបាល់ទាត់ម្នាក់ បានពន្យល់ថា របៀបគណនារកពិន្ទុ និងចំណាត់ថ្នាក់ របស់ «FIFA» នៅតែដដែលទេ តែកម្ពុជា បានឡើងចំណាត់ថ្នាក់ ក្នុងឆ្នាំនេះ ជាមួយនឹងពិន្ទុអន់ជាងឆ្នាំមុននោះ ព្រោះ ប្រទេសជាច្រើនផ្សេងទៀត បានធ្លាក់ចំណាត់ថ្នាក់ រកពិន្ទុបានតិចជាងកម្ពុជា។ អ្នកវិភាគ បានលើកឧទាហរណ៍មួយថា ដូចយ៉ាងប្រទេសម៉ាឡេស៊ីជាដើម កាលពីឆ្នាំមុន ទទួលបានចំណាត់ថ្នាក់លេខ ១៥៧ គ្រាន់ជាងកម្ពុជា តែឆ្នាំនេះ បានធ្លាក់មកនៅលេខ ១៧០ អន់ជាងកម្ពុជាពីរលេខ។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសវៀតណាម នៅតែមានតំណែងជាបងធំ ផ្នែកបាល់ទាត់ ដែលទទួលចំណាត់ថ្នាក់លេខ ១០៣ មុនប្រទេសហ្វីលីពីន (លេខ ១១៣) ប្រទេស ថៃ (លេខ ១២២) ប្រទេស ភូមា (លេខ ១៣៥) និងប្រទេស ឥណ្ឌូនេស៊ី (លេខ១៦២)។ ចំណែកឯប្រទេសក្នុងតំបន់ផ្សេងទៀត ដែលអន់ជាងកម្ពុជា មានប្រទេស ម៉ាឡេស៊ី (លេខ ១៧០) ប្រទេស សិង្ហបូរី (លេខ ១៧២) ប្រទេសឡាវ (លេខ ១៧៩) និងប្រទេស ព្រុយណេ (លេខ ១៩៤)។

តារាងចំណាត់ថ្នាក់ថ្មី របស់ «FIFA» បានឲ្យដឹង ពីប្រទេសយក្សខាងបាល់ទាត់ចំនួន៩ផ្សេងទៀត ដែលសុទ្ធសឹងជាប្រទេស នៅក្នុងទ្វីបអ៊ឺរ៉ុប និងអាមេរិកខាងត្បូង៖ (២) ប្រេស៊ីល ទទួលបានពិន្ទុ ១៣៨៤ (៣) ប៊ែលហ្សិក ទទួលបានពិន្ទុ ១៣៤៦ (៤) ព័រទុយហ្គាល់ ទទួលបានពិន្ទុ ១៣០៦ (៥) អាហ្សង់ទីន ទទួលបានពិន្ទុ ១២៥៤ (៦) ស្វីស ទទួលបានពិន្ទុ ១១៧៩ (៧) បារាំង ទទួលបានពិន្ទុ ១១៦៦ (៨) អេស្ប៉ាញ ទទួលបានពិន្ទុ ១១៦២ (៩) ស៊ីលី ទទួលបានពិន្ទុ ១១៤៦ និងទី (១០) ប៉ូឡូញ ទទួលបានពិន្ទុ ១១១៨។

តើសហព័ន្ធ​បាល់ទាត់ពិភពលោក គណនាពិន្ទុនៃបញ្ជីចំណាក់ថ្នាក់នេះ យ៉ាងដូចម្ដេច?

ពិន្ទុសរុបប្រចាំឆ្នាំនៃសហព័ន្ធ​បាល់ទាត់ របស់ប្រទេសនីមួយ បានមកពីការបូក​បញ្ចូល​គ្នា នៃ​ពិន្ទុ​ដែល​រក​បាន ពី​ការ​ប្រកួត​នីមួយៗ ក្នុងរយៈពេលពេញមួយឆ្នាំ។ ហើយពិន្ទុ ដែលកើតចេញ ពីការ​ប្រកួត​ម្ដងៗ រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ របស់​ប្រទេស​មួយ ជាមួយ​នឹង​ក្រុម​បាល់ទាត់​ប្រទេស​មួយ​ទៀត ត្រូវ​គណនា​ដោយ​ការ​គុណ​ រវាង​កត្តា​ចំនួន​៤ រួមមាន លទ្ធផល​នៃ​ការប្រកួត (M) ទំងន់​នៃ​ប្រភេទ​ប្រកួត (I) ទំងន់​នៃ​ភាព​ខ្លាំង ឬ​ខ្សោយ ​របស់​ក្រុម​កីឡា​គូប្រជែង (T) និង​មេ​គុណ នៃបណ្ដុំ​សហព័ន្ធ​បាល់ទាត់​​ប្រចាំ​ទ្វីប​នីមួយៗ (C)។

សហព័ន្ធ​បាល់​ទាត់​កម្ពុជា ដែលទទួលពិន្ទុបានដូចខាងលើ បានសេចក្ដីថា ក្រុមកីឡាករកម្ពុជា ធ្លាប់បាន​ប្រកួត​ឈ្នះ ឬ​ស្មើ​ជា​មួយ​នឹង​គូ​ប្រកួត​របស់ខ្លួន ជាច្រើន​ដង​ដែរ (ព្រោះបើប្រកួតចាញ់ ទទួលបាន​សូន្យ​ពិន្ទុ ហើយ​​ពិន្ទុ​សរុប​​សម្រាប់​ចំណាត់​ថ្នាក់ ចេញ​ពីការ​ប្រកួតនោះ ក៏បាន​សូន្យ​ដែរ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...