អ៊ឺរ៉ូ២០១៦៖ បារាំងម្ចាស់ផ្ទះពិបាកយកជ័យជំនះ ក្នុងការប្រកួតបើកឆាក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 11, 2016
- ប្រធានបទ: អ៊ឺរ៉ូ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការផ្ទុះអំណរ នៅនាទីចុងក្រោយ របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួតដណ្ដើមពានរង្វាន់អ៊ឺរ៉ុប សម្រាប់ឆ្នាំ ២០១៦។ បារាំង ត្រូវជួបប្រកួតបើកឆាក ជាមួយក្រុមជម្រើសជាតិ រ៉ូមានី ដែលមានអ្នកចាំទី និងខ្សែការពារដ៏រឹងមាំ។ ភាពរឹងមាំ របស់ក្រុមរ៉ូមានីនេះ បានបង្ហាញច្បាស់ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង។ ក្រុមបារាំងដែលសម្បូរដោយតារាបាល់ទាត់អន្តរជាតិ មានឱកាសបណ្ដើរបាល់ ទៅមុខទីរបស់រ៉ូមានី បានតិចតួចបំផុត ខណៈខាងរ៉ូមានី បាននាំបាល់មកលលេង នៅមុខទីបារាំងញយដង និងថែមទាំងបង្កការភ័យបុកពោះដល់បារាំង នៅនាទីដំបូងនោះផង។
បារាំងត្រូវរងចាំរហូដល់ពាក់កណ្ដាលម៉ោងទី២ នៅនាទីទី៥៨ ដោយទទួលបាល់ពីកីឡាករខ្សែបម្រើ ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet) កីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) បានប្រើក្បាលរបស់ខ្លួន បុកបាល់បញ្ចូលទីរបស់រ៉ូមានី រកពិន្ទុឲ្យបារាំងបានមួយគ្រាប់មុន។ ប៉ុន្តែនៅ៧នាទីក្រោយ គឺនៅនាទីទី៦៥ រ៉ូមានី បានយកស្មើក្រុមបារាំងវិញ ដោយទាត់បាល់ពិន័យចំងាយ១១ម៉ែត្រ បន្ទាប់ពីកីឡាករ ប៉ាទ្រីស អេវ្រា (Patrice Evra) បានធ្វើកំហុស ដោយយកជើងទាក់កីឡាកររ៉ូមានី ឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់។
ជាមួយនឹងពិន្ទុ ១ស្មើរនេះ បារាំងបានត្រឡប់មករកភាពតានតឹងសារជាថ្មី។ តែទីបំផុត នៅនាទីទី៨៩ ដែលជិតចប់ការប្រកួតទៅហើយ ទើបកីឡាករខ្សែបម្រើ ឌីមីទ្រី ប៉ៃយ៉េត ដែលល្បីឈ្មោះខាងទាត់បាល់ ត្រង់ និងខ្លាំងនោះ បានទាត់បាល់ពីចំងាយជាង២០ម៉ែត្រ ចូលទីរ៉ូមានី រកពិន្ទុឲ្យបារាំងនាំមុខរ៉ូមានី សារជាថ្មី និងបានផ្ដល់ក្ដីសប្បាយរីករាយ ដល់ប្រទេសបារាំងទាំងមូល ឲ្យលោតស្ទុះឡើងហ៊ោរកញ្ជ្រៀវ យ៉ាងអ៊ឺងកង។
សូមបញ្ជាក់ដែរថា ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប (និងប្រទេសដែលអនុញ្ញាតឲ្យចូលរួម) ចំនួន២៤ មាន៦ក្រុម មួយក្រុមមានបួនប្រទេស បានជួបជុំគ្នាក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ខែមិថុនានេះ រហូតដល់ថ្ងៃទី១០ ខែកក្កដាខាងមុខ ដើម្បីប្រកួតបាល់ទាត់បួនឆ្នាំម្ដង ក្នុងការដណ្ដើមពានរង្វាន់ ជាជើងឯកអ៊ឺរ៉ុប។ ដើម្បីទទួលបានកាលវិភាព ពីការប្រកួតទាំងអស់នេះ សូមចុចចូលអាចន៖ អ៊ឺរ៉ូ២០១៦៖ «កាលវិភាគលំអិតទាំងស្រុង នៃការប្រកួត»។