ផៃ ស៊ីផាន៖ សមាជិកសភាអ៊ឺរ៉ុបកំពុងបង្ក«ភាពអាម៉ាស់»មួយ!
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 10, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភាអ៊ឺរ៉ុប ដើម្បីទាមទារឲ្យមានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពីថ្ងៃទី៨ ខែមិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញ។ សេចក្ដីប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ននីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ ហៅកាត់ជាភាសាបារាំងថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប ដែលត្រូវផ្ដល់ទៅឲ្យប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា ការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ ត្រូវ«ចាត់វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប សម្រាប់ប្រទេសកម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ សូមអានអត្ថបទនេះឡើងវិញ៖ «សភាអ៊ឺរ៉ុបស្នើឲ្យចាត់វិធានការឃ្លាំមើលជំនួយ EU សម្រាប់កម្ពុជា»។
ប៉ុន្តែសម្រាប់លោក ផៃ ស៊ីផាន ដែលទំនងជាមិនបានដឹង ពីសេចក្ដីសម្រេចរបស់សភាអ៊ឺរ៉ុប នៅថ្ងៃទី៩ ខែមិថុនានេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយធ្វើប្រតិកម្មត្រឹមតែទៅកាន់ក្រុមសមាជិកសភាអ៊ឺរ៉ុប ដែលស្នើញត្តិនោះតែប៉ុណ្ណោះ។ លោកថា ការសម្ដែងមតិតាមញត្តិនោះ មិនមែនជាច្បាប់ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាល នៃប្រជាជាតិជាសមាជិក របស់សហគមន៍អ៊ឺរ៉ុប ឲ្យប្រឆាំងនឹងកម្ពុជាឡើយ។
ផ្ទុយទៅវិញ លោក ផៃ ស៊ីផាន បែរជាបានចាត់ទុកការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរុប ថាត្រូវបានធ្វើឡើង ក្រោមការភូតភរ បោកប្រាស របស់គណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសលោក សម រង្ស៊ី ផ្ទាល់តែម្ដង។ មន្ត្រីរដ្ឋាភិបាលរូបនេះ បានសរសេរថា៖ «ឯកឧត្តម សម រង្ស៊ី ជាប្រធាន គណបក្សប្រឆាំង មិនត្រឹមតែបោកប្រជាពលរដ្ឋខ្មែរនោះទេ ក៏ប៉ុន្តែ អ្នកនយោបាយបរទេសមួយចំនួន ក៏ធ្លាក់ទៅក្នុងអន្ទាក់ ដ៏អាក្រក់នោះដែរ»។
សម្រាប់ស្ថានការណ៍នយោបាយកម្ពុជា នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិក និងស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះមានទាំងអង្គការសហប្រជាជាតិផង បានធ្វើប្រតិកម្មជាបន្តបន្ទាប់ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ប្រើប្រាស់តុលាការជាឈ្នាន់ ដើម្បីធ្វើការគម្រាមកំហែង ការចាប់ចង និងទារុណកម្ម ទៅលើអ្នកដែលមាននិន្នាការប្រឆាំង។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានប្រកាសពីជំហររបស់ខ្លួនម្ដងហើយម្ដងទៀត ថាករណីចាប់ចងកន្លងមក គឺជាការអនុវត្តន៍ច្បាប់ និងស្ថិតក្រោមអំណាចឯករាជ្យ របស់តុលាការទាំងស្រុង។
ដូចសំណេររបស់លោក ផៃ ស៊ីផាន នៅក្នុងប្រតិកម្មរបស់លោក តបទៅនឹងក្រុមសមាជិកសភាអ៊ឺរ៉ុបថា៖ «អ្វីដែលធ្វើឲ្យសាធារណមតិ មានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្ត ទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺសមាជិកសភាអ៊ឺរ៉ុបនោះ បង្គាប់ឲ្យកម្ពុជា (ដែល)ជាប្រទេសអធិបតេយ្យមួយ បោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការ ឲ្យទៅគោរពបុគ្គលជាទីសក្ការៈ ដែលមិនស្ថិតនៅក្នុងរង្វង់ច្បាប់»។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានឧទានឡើងថា៖ «នេះជាភាពអាម៉ាស់មួយ !»៕