បង្កើតគណកម្មការចម្រុះ៖ ឈាង វុន ថា«មិនបាន» តែជាម យៀប ថា«បាន»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ការទាមទាឲ្យបង្កើតគណកម្មការចម្រុះឯករាជ្យមួយ របស់គណបក្សប្រឆាំង ក៏ដូចជាតាមអនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីអង្កេតទៅលើភាពមិនប្រក្រតីដែលពួកគេនិយាយថា មានភាពចម្រូងចម្រាសជាទម្ងន់នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ពីររូបនៃគណប្រជាជនកម្ពុជា ម្នាក់ថា«ហួសពេល» និងម្នាក់ទៀតថា«អាចបង្កើតបាន»។ តែតាមការបកស្រាយរបស់មន្ត្រីរូបនេះ «អាចបង្កើតបាន»សម្រាប់តែ នៅក្នុងបរិបទមួយទៀត។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)
ក្នុងសន្និសិទការសែតកាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលម៉ិញនេះ នៅវិមានរដ្ឋសភាលោក ឈាង វ៉ុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានលើកឡើងថា គណកម្មការឯករាជចម្រុះមួយ មិនអាចបង្កើតបាននោះទេ។ ការថ្លែងរបស់លោក ទំនងជាបានតបទៅនឹងការចង់បាន របស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យខាងតែបាន នូវគណកម្មការចម្រុះនេះ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ដែលគណបក្សនេះនិងបណ្ដាសង្គមស៊ីវិលមួយចំនួន និយាយថាពោរពេញទៅដោយភាពមិនប្រក្រតី។
លោកនិយាយយ៉ាងដូច្នេះថា «ឥឡូវបង្កើតគណកម្មការឯករាជ្យអ្វីទៀត បើព្រះករុណាលោក ក៏មានព្រះរាជបន្ទូលតាមព្រះរាជសារព្រះអង្គថា ស្ថាប័នរដ្ឋដែលជាស្ថាប័នទទួលអាណត្តិ (...) ពីប្រជាពលរដ្ឋ ក្នុងនោះមានទាំងក្រុមប្រឹក្សាធម្មនុញ្ញ មានទាំង គ.ជ.ប ។ ហើយស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័នកំពូលល របស់រដ្ឋធម្មនុញយើង យើងទាំងអស់គ្នាត្រូវស្តាប់ ត្រូវដង្ហែរតាម។»
លោក ឈាង វុន ដែលប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាផងនេះ បានបន្តរថា ការប្រទានព្រះរាជសារ ដោយព្រះករុណានោះ ចង់ឲ្យអ្នកដែលធ្វើ«នយោបាយ» គួរតែស្រុះស្រួលគ្នា ពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ លោកបន្តរថា ក្នុងជំនួបដោះស្រាយបញ្ហានោះ គណបក្សប្រជាជនកម្ពុជាមានឥស្សរជនបីរូប រួមមាន លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោកសាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា ដែលមានលោក ព្រុំ សុខា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ជា«ស្ពាន»សម្រាប់មានជំនួបចចារនៃបក្សទាំងពីរនេះ។
លោកបានបន្ថែមថា «ស្ពាននេះយើងដាក់រួចហើយ នៅតែខាងគណបក្សសង្គ្រោះជាតិទេ។ (បើ)ភ្ជាប់ស្ពាននេះមក យើងបានជជែកគ្នាហើយ។ ពេលវេលាយើងនៅមិនឆ្ងាយទេ និយាយមែនទែនទៅនៅតែពីរសប្តាហ៍ទៀត ប្រហែលហួសពេលវេលាហើយ ប្រយ័ត្នឲ្យមែនទែន។»
តែមួយថ្ងៃក្រោយមក គឺនៅថ្ងៃទី០៩ខែកញ្ញានេះ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបង្ហើបពីលទ្ធភាពនៃការបង្កើតគណកម្មការចម្រុះ ថាអាច«ធ្វើបាន»។ លោកបានថ្លែងឲ្យដឹង ពីករណីពីរយ៉ាង ដែលគេត្រូវបែងចែកឲ្យដាច់ពីគ្នាថា «ក្រោយការប្រកាលលទ្ធផល នៃការបោះឆ្នោតនេះ (តើ)គណបក្សសង្ក្រោះជាតិយល់ស្របដែរឬទេ? បើយល់ស្រប ការបង្កើតគណកម្មការពិសេស បង្កើតទៅ (វា) គ្មានបញ្ហាអ្វីនោះទេ។ បង្កើតដើម្បីទាមទារ ឬតវ៉ា ករណីការរៀបចំឧបសម្ព័ននានា របស់រដ្ឋសភាឯណោះទេ។ (…) រាជរដ្ឋាភិបាលមិនដឹងទេ ស៊ីសងលើថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ លោកពីគ្រោះយោបល់គ្នាទៅ។»
រីឯករណីមួយទៀត លោក ជាម យៀប បានពន្យល់ថា «ការផ្ទៀងផ្ទាត់នូវភាពមិនប្រក្រតីនានា ច្បាប់បានប្រគល់ទួនាទី និងភារកិច្ចឲ្យទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញអស់ហើយ គ្មាននណាធំជាងក្រុមប្រឹក្សាធម្មនុញ្ញនោះទៀតទេ។ តែបើទោះជាអាចបង្កើត (គណកម្មការពិសេសឯករាជ្យ) ទៅ មើលឃើញ (សេចក្ដីសម្រេច) យ៉ាងណាៗនោះ សេចក្តីសម្រេចនេះ មិនអាចទុកជាបានការនោះទេ ត្រូវទុកជាមោឃៈ ព្រោះថាមិនមានច្បាប់និយាយ។»
និយាយមកឲ្យខ្លីស្រួលយល់ បើតាមលោក ជាម យៀប គណៈកម្មការចម្រុះនេះអាចត្រូវគេបង្កើតបាន នៅក្នុងបរិបទពីរផ្សេងគ្នា៖ ទីមួយ ដើម្បីរៀបចំឧបសម្ព័ន្ធនានារបស់រដ្ឋសភា ក្រោយពីការទទួលស្គាល់លទ្ធផលឆ្នោតទាំងសងខាង (ដើម្បីបែងចែកកៅអីគ្នាអង្គុយ) និងទីពីរអាចធ្វើការផ្ទៀងផ្ទាត់នូវភាពមិនប្រក្រតីបាន តែគណៈកម្មការនេះនឹងគ្មានសមត្ថកិច្ច ក្នុងការធ្វើសេចក្ដីសម្រេចណាមួយឡើយ។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះ មិនអាចសុំប្រតិកម្មពីមន្ត្រីរបស់គណបក្សសង្គ្រោះជាតិបាននៅឡើយ ជុំវិញនឹងការលើកឡើងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងពីររូប។
អង្គការសង្កមស៊ីវិល ទាំងជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគតាមដានស្ថានការណ៍នយោបាយកម្ពុជា កន្លងមក បានសារទរចំពោះជំនួប រវាងគណបក្សប្រជាជនកម្ពុជាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នា ក្នងការបង្កើតនូវគណៈកម្មការចម្រុះនេះ។ ប៉ុន្តែពួកគេ ក៏បានរិះគន់យ៉ាងចាស់ដៃដែរ ថាគណបក្សប្រជាជនកម្ពុជា បានចាត់តាំងមកប្រជុំ នូវមន្ត្រីដែលពុំមានសិទ្ធិធ្វើសេចក្ដីសម្រេច លើកិច្ចពិភក្សារបស់ខ្លួន ដែលផ្ទុយពីគណបក្សសង្គ្រោះជាតិ។ រហូតមកដល់ពេលនេះ ក្រុមអ្នកវិភាគទាំងនោះ នៅតែជម្រុញឲ្យមាន «ជំនួបរវាងមន្ត្រីថ្នាក់កំពូល នៃគណបក្សទាំងពីរតែម្តងទៅ សម្រាប់ស្វែងរកច្រកចេញ ខាងនយោបាយដ៏ប្រសើរមួយ»។
សូមរម្លឹកថា ការបង្កើតគណៈកម្មការចម្រុះនេះ ត្រូវបានយកមកពិភាក្សាចំនួនបីលើករួចមកហើយ។ ជំនួបលើកទីមួយ បានប្រព្រឹត្តិទៅ កាលពីថ្ងៃទី៣សីហា នៅ គ.ជ.ប។ រីឯជំនួបពីរលើកទៀត នៅមន្ទីររដ្ឋសភា ថ្ងៃទី៩ និងថ្ងៃទី២០ ខែសីហា បានធ្វើឡើងក្នុងគោលបំណង បន្តកិច្ចពិភាក្សារកការស្រុះស្រួលគ្នា។ តែជាលទ្ធផល ជំនួបទាំងបីខាងលើ បានទទួលបរាជ័យទាំងស្រុង ហើយត្រូវបានអ្នកវិភាគមួយចំនួននិយាយថា ជាជំនួបដើម្បីធ្វើឲ្យតែ«ល្អមើល» ដើម្បីបំភ័ណ្ឌមតិជាតិ និងងន្តរជាតិតែប៉ុណ្ណោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៩ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ