«កាត់ភក់»ចុះមើលបង្គោលព្រំដែន របស់ពលរដ្ឋជាង៣ពាន់នាក់
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៩ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 19, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួលេខផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោលព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប៉ុន្តែដំណើររបស់ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និងដំណើរកាត់តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំបានជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវអូសបន្លាយពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា មានមនុស្សចូលរួមតែ១ពាន់នាក់ទេ តែចំនួនបានកើនរហូតជាង៣ពាន់នាក់ ហើយត្រូវប្រើប្រាស់រថយន្ដជួល ចំនួនប្រមាណជា១០០គ្រឿង រួមទាំងរថយន្ដផ្ទាល់ខ្លួន ជាច្រើនគ្រឿងនោះផង។
យុវតី រ័ត្ន ចន្ទដានី ដែលជាសកម្មជនមួយរូប ដែលតែងចុះ ទៅពិនិត្យបង្គោលព្រំដែន ជាច្រើនដងនោះ បានថ្លែងឲ្យដឹងថា ដំណើរចេញពីផ្លូវជាតិ ដែលក្រាលកៅស៊ូ ត្រូវឆ្លងកាត់ផ្លូវលំ ប្រមាណជាង១០គីឡូម៉ែត្រ ដែលគ្របដណ្ដប់ដោយភក់ល្បប់ នារដូវវស្សា។ យុវតីបានបង្ហោះរូបភាពជាច្រើន បង្ហាញពីដំណើរដោយថ្មើរជើង របស់ក្រុមពលរដ្ឋ និងព្រះសង្ឃទាំងនោះ ដៃកាន់ទង់ជាតិកម្ពុជា និងកាបូបស្ពាយ ដែលកំពុងដើរកាត់វាលស្រែ សម្បូរទៅដោយឈ្លើង។
សូមរម្លឹកជូនថា អាជ្ញាធរខេត្តស្វាយរៀង បានជួបប្រជុំជាមួយក្រុមលោក រៀល ខេមរិន្ទ្រ កាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីនិយាយពីគម្រោងចុះ ទៅកាន់តំបន់ព្រំដែនខេត្តស្វាយរៀងនេះ ដោយសម្រេច«អនុញ្ញាត»ឲ្យមានពលរដ្ឋចូលរួម យ៉ាងច្រើនត្រឹមតែ ១០០នាក់ ប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្រ បានស្នើសុំដឹកនាំមនុស្ស ២០០០ នាក់ ដែលលើសពីចំនួន ដែលអាជ្ញាធរខេត្ត បានគ្រោងទុក។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត បានអះអាងថា ខ្លួនក៏បានត្រៀមរៀបចំ ផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការត្រួតពិនិត្យបង្គោលព្រំដែន របស់ពលរដ្ឋ និងតំណាងរាស្ត្រទាំងនេះ អាចប្រព្រឹត្តទៅដោយរលូន បញ្ចៀសបាននូវអំពើហិង្សា ដែលអាចកើតមានឡើង។
កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ អំពើហិង្សាមួយ បានផ្ទុះឡើង រវាងក្រុមពលរដ្ឋកម្ពុជា ដែលប៉ុនប៉ងចូលទៅមើល បង្គោលព្រំដែនខាងលើ ជាមួយនឹងពលរដ្ឋ-កងទ័ពវៀតណាម ដែលប្រដាប់ដោយអាវុធ និងដំបងសឹងតែគ្រប់ដៃ។ ការប៉ះទង្គិចគ្នានាពេលនោះ បានបណ្ដាលឲ្យពលរដ្ឋកម្ពុជារងរបួសជាង ១០នាក់ និងវៀតណាម របួស ៥នាក់។
លោក ផៃ ស៊ីផាន និងក្រុមជ្រុលនិយម!
ការចុះទៅពិនិត្យមើលបង្គោលព្រំដែន របស់ក្រុមពលរដ្ឋ និងតំណាងរាស្ត្រ មិនត្រូវបានស្វាគមន៍ ដោយរដ្ឋាភិបាលកម្ពុជានោះទេ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកសកម្មភាព របស់ក្រុមពលរដ្ឋ និងតំណាងរាស្ត្រខាងលើ ថាជាសកម្មភាពជ្រុលនិយម ហើយលោកបានថ្លែង ឲ្យពលរដ្ឋដទៃទៀត កុំចូលរួម និងចៀសវាងក្រុមមនុស្សមួយក្រុមនេះ។ លោកបានសរសេរ នៅលើគណនេយ្យ «អង្គភាពប្រតិកម្មរហ័ស» ថា៖ «លោក រៀល ខេមរិន្ទ្រ (...) មិនសាកសម ធ្វើជាតំណាងរាស្រ្ត។ លោក សមនឹងធ្វើជាមេដឹកនាំបោះបោរ អនាធិបតេយ្យ និងក្រុមចលនាជ្រុលនិយម។»៕
» សូមទស្សនារូបភាព ជារូបថត និងវីដេអូមួយចំនួន ដូចតទៅ៖
--------------